ព័ត៌មានជាតិ

រថយន្តកុងតឺន័រ បុករះដើមប្រេងខ្យល់ជ្រុលធ្លាក់ចូលទន្លេវ៉ៃគោខ្ទេចមើលរថយន្តលែងយល់!

ស្វាយរៀង: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តកុងតឺន័រមួយគ្រឿង បើកបរដោយបុរសម្នាក់ បានជ្រុលចង្កូតបុករះដើមប្រេងខ្យល់ប្រមាណជា៥ដើម រួចជ្រុលធ្លាក់រថយន្តចូលទន្លេវ៉ៃគោ រងការខូចខាតរថយន្តស្ទើរទាំងស្រុង ចំណែកអ្នកបើកបររបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ១ ភូមិពោធិ៍តាហោ សង្កាត់ពោធិ៍តាហោ ក្រុងស្វរ ខេត្តស្វាយរៀង។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A-0949 ប្រភេទសណ្ដោងរម៉ក បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតមកខាងឆ្វេងដៃបុករះដើមប្រេងខ្យល់ប្រហែល៤ទៅ៥ដើមរួចបន្តជ្រុលចង្កូតធ្លាក់ចូលទៅក្នុងទន្លេវ៉ៃគោខ្ទេចរថយន្តតែម្តង សំណាងណាស់អ្នកបើកបរមិនរងរបួសនោះទេបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងនិងស្ទូចយករថយន្តខាងលើយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់