ក្នុងពិធីក្រុងពាលីត្រៀមចេញថតរឿង«ក្មេងទី៦»របស់ផលិតកម្ម CLIPS Media កាលពីព្រឹកថ្ងៃទី១៨ មិថុនា មានការរិះគន់យ៉ាងខ្លាំងពាក់ព័ន្ធនឹងអ្នកនាងសុខ សោម៉ាវត្តី ដែលអ្នកនាងមកចូលរួមក្នុងពិធីយឺតម៉ោង អោយតារាប្រុសស្រីអង្គុយចាំអោយរហង់ហើយ ថែមទាំងមានអាការស្រវឹងជោគជាំអង្គុយធ្វើពិធីមិនកើតទៀត។
ក្រោយពេលចុះពីឡាន អ្នកនាងមកអង្គុយកណ្ដាលចំណោមជាមួយតារាៗ បានតែមួយភ្លែតប៉ុណ្ណោះ ក៏សុំទៅសម្រាកដោយអះអាងថា បើកភ្នែកមិនរួច អមដោយកាយវិការស្រវឹងយ៉ាងទន់មាត់។ តារាសិល្បៈបានអះអាងថា នាងមានកម្មវិធីផឹកជ្រុលយប់មិញ ទើបធ្វើអោយនាងនៅជាប់ចំហាយស្រវឹង ហើយអង្គុយក្រុងពាលី ជាមួយតារាគ្រប់រូបដែលរង់ចាំនាងមិនបាន។ កុំថាឡើងដល់សម្ភាសន៍ សូម្បីឈរថតជាមួយតារាៗ ក្រោយធ្វើពិធីចប់ក៏មិនកើតនោះដែរ ដោយអ្នកនាងទន់ខ្លួន និងទ្រេតទ្រត ទន់មាត់បើកភ្នែកមិនរួច។
តារាជាច្រើនបានសម្ដែងអារម្មណ៍ហួសចិត្តចំពោះសុខ សោម៉ាវត្តី ដែលនាងបានដឹងរួចទៅហើយថាព្រឹកថ្ងៃទី១៨ មិថុនា មានពិធីក្រុងពាលីចេញថតរឿងរបស់ខ្លួន តែបែរជាផឹកជោគខ្លួននាពេលយប់ បណ្ដាលអោយម៉ោងពិធីអង្គុយមិនកើត។
យ៉ាងណាមិញនៅពេលមានការចោទសួរ អ្នកនាងបានឆ្លើយទាំងល្វើយៗថា អ្នកនាងមិនមែនស្រវឹងទេ គឺអ្នកនាងផ្ដាសាយធំហើយមានអាការៈងងុយគេងក្រោយពេលលេបថ្នាំប៉ុណ្ណោះ ទើបអ្នកនាងមានអាការៈទន់ខ្លួន មិនអាចអង្គុយ និងឈរសម្ភាសន៍ក្នុងពិធីក្រុងពាលីនោះកើត៕
មតិយោបល់