ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ អាវីហ្សា ចូលវះកាត់នៅកាល់ម៉ែត្រ យប់មិញ!

កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ មិថុនា តារាសម្ដែងល្បីឈ្មោះកញ្ញា ពេជ្រ អាវីហ្សា ត្រូវគេឃើញដឹកបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រគួរឲ្យភ្ញាក់ផ្អើល ដោយនាងត្រូវគេអះអាងថាមានសភាពធ្វើទុក្ខធ្ងន់ធ្ងររហូតតម្រូវឲ្យក្រុមគ្រូពេទ្យវះកាត់បន្ទាន់នោះផង។ យ៉ាងណាមិញ ឆ្លើយតបនឹងការទម្លាយនេះ សមីខ្លួនដោយផ្ទាល់បានអះអាងថានាងបានធូរហើយ ក្រោយពីការវះកាត់ទទួលបានជោគជ័យ។

ពេជ្រ អាវីហ្សា និយាយថា ជំងឺដែលបានធ្វើទុក្ខ ហើយបណ្ដាលឲ្យនាងត្រូវបញ្ជូនទៅពេទ្យកាល់ម៉ែត្រនោះ គឺរលាកពោះវៀនដុះខ្នែងធ្ងន់ធ្ងរ រហូតដល់ថ្នាក់បណ្ដាលឲ្យនាងសន្លប់ និងចុកចាប់ខ្លាំង។ នាងត្រូវគ្រូពេទ្យបញ្ជូនចូលវះជាងម៉ោង១០យប់ ហើយក្រោយការវះកាត់ជោគជ័យ ក៏តម្រូវឲ្យសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីតាមដានជំងឺបន្ត។ នាងថាជំងឺពោះវៀនដុះខ្នែងនេះធ្វើទុក្ខមួយរយ:មកហើយ ប៉ុន្តែមកពីនាងចេះតែទ្រាំ ទើបបណ្ដាលឲ្យមានសភាពធ្ងន់ ហើយដល់ថ្នាក់ចុកសន្លប់។ នាងថានេះជារឿងអាក្រក់មួយថ្មី ដែលនាងបានជួបបន្ទាប់ពីពិធីខួបកំណើតដើម្បីកាត់ស៊យ និងកាត់ចង្រៃទើបនឹងត្រូវបានធ្វើតាមពាក្យចិនសែ។ យ៉ាងណាមិញ នាងក៏ចាត់ទុកថាខ្លួនមានសំណាងផងដែរដោយសារតែក្រោយការវះកាត់រួច គឺក្រុមគ្រូពេទ្យបានអះអាងថានាងមានសុខភាពល្អ មិនដូចគ្នានឹងអ្នកមានជំងឺពោះវៀនដុះខ្នែងដែលទើបវះថ្មីៗ ដោយសារតែនាងត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យទាន់ពេលវេលា។ នាងថាគ្រូពេទ្យតម្រូវឲ្យនាងសម្រាកមិនទទួលការងារមួយរយ: ដើម្បីថ្នមខ្លួន ដោយនាងក៏មិនទាន់ដឹងថាប្រើពេលនៅស្ងៀមប៉ុន្មានថ្ងៃទើបបានជាដាច់ហើយធ្វើការជាធម្មតាបានដូចដើមនោះដែរ៕

មតិយោបល់