ព័ត៌មានសិល្បៈ និងកម្សាន្ត

ភិន សុដាលីស ឡើងទឹកមាត់នៅPNN

បន្ទាប់ពីបានចាក់ផ្សាយភាពយន្តភាគរឿង«មន្ដស្នេហ៍លេខា»នៅលើកញ្ចក់ទូរទស្សន៍PNN គេចាត់ទុកថាតារាស្រីនាងភិន សុដាលីស ដែលបានតំណែងជាតួឯកនៅក្នុងរឿងនោះហាក់មានទឹកមាត់លេបយ៉ាងខ្លាំង ដោយសារតែភាពយន្តនោះចាប់តាំងពីដាក់ផ្សាយមកគឺមានការគាំទ្រ។ អ្នកនិយមទស្សនាភាគយន្តខ្មែរភាគច្រើនបានកោតសរសើរចំពោះសាច់រឿងមួយនេះ ដោយបានឲ្យមេដៃថាតួឯកស្រី នាងភិន សុដាលីស ដែលបានតំណែងនៅក្នុងរឿងនេះសម្ដែងឡូយ និងគួរឲ្យគ្រឺតនោះផង។

ក្នុងចំណោមភាពយន្តខ្មែរដែលបានដាក់ផ្សាយនៅក្នុងម៉ោងមាស គេកត់សម្គាល់ថាភាពយន្តរឿង«មន្ដស្នេហ៍លេខា»ដែលសម្ដែងដោយកូនស្រីម្ចាស់ផលិតកម្មមហាហង្សមានអ្នកលើកមកនិយាយជាងគេ។ ភាគច្រើននិយាយថារឿងនេះប្រទាក់ក្រឡា និងល្អមើល ដែលជួយឲ្យភិន សុដាលីសមានទឹកមាត់លេប ក្រោយពេលតារាស្រីរូបនេះត្រឡប់មកសម្ដែងជាថ្មីក្រោយការសម្រាលកូន។ នៅក្នុងរឿងនេះដ្បិតថាដាលីសមើលទៅមានរូបរាងធាត់បែកសាច់បន្តិចមែន ប៉ុន្តែស្ទីលសម្ដែង និងសាច់រឿងបានជួយឲ្យនាងត្រូវបានមហាជនពេញចិត្ត ហើយម្នាក់ៗបានទាំងអះអាងថារឿងនេះនាងលេងបានល្អ មិនណយជាងកាលដែលនាងនៅក្រមុំមិនទាន់បែកសាច់នោះផង។

យោងតាមការទម្លាយរបស់ផលិតកម្មមហាហង្ស រឿង«មន្ដស្នេហ៍លេខា»មានចំនួនជាង២០ភាគ ដោយការដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN បានចំនួនទើបតែ១០ភាគប៉ុណ្ណោះ ប៉ុន្តែអាចមកពីរឿងនេះល្អ ហើយបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ធំក្នុងម៉ោងមាស ចាប់ពីម៉ោង៨ ដល់ម៉ោង៩យប់ថ្ងៃច័ន្ទដល់ថ្ងៃពុធទើបធ្វើឲ្យ ភិន សុដាលីស ដែលត្រូវបានជ្រើសជាតួឯកឡើងកាលីព ក្រោយពីរឿងមួយនេះមានការគាំទ្រ។ នេះជាចាត់ទុកថាជារឿងភាគមួយថ្មីដែលជួយឲ្យនាងទទួលបានការចាប់អារម្មណ៍ បន្ទាប់ពីរឿងមានកូនអត់ប្ដីរបស់នាងក៏ជួយឲ្យ ទទួលបានការអាណិត និងស្រឡាញ់ពីសំណាក់អ្នកគាំទ្រច្រើនមកហើយនោះ៕

មតិយោបល់