កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៧ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង SFCO2 ជាមួយនឹងក្រុមហ៊ុន Safran សម្រាប់ដំណោះស្រាយប្រសិទ្ធិភាពប្រេងឥន្ធនៈ ពោលគឺ កែលម្អប្រសិទ្ធិភាពប្រតិបត្តិការរបស់វាខ្លួនដោយកាត់បន្ថយការប្រើប្រាស់ឧស្ម័ន និងការបញ្ចេញឧស្ម័ន CO2។
តាមរយៈការវិភាគទិដ្ឋភាពប្រតិបត្តិការ និងតំហែទាំសេវាកម្ម SFCO2® របស់ក្រុមហ៊ុន Safran បានបង្កើតនីតិវិធី និងបានផ្ដល់អនុសាសន៍ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រេងឥន្ធនៈ ដែលមានប្រសិទ្ធភាពខ្ពស់ជាងមុន ដែលជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈរបស់ក្រុមហ៊ុន Vietjet រហូតដល់ ១០ភាគរយ ទើបការចំណាយលើប្រេងឥន្ធនៈជារៀងរាល់ឆ្នាំត្រូវបានរំពឹងទុកថា នឹងអាចសន្សំសំចៃបានរហូតដល់ជាង ១០លានដុល្លារអាមេរិក។
កិច្ចសន្យាសេវាកម្ម SFCO2 មានរយៈពេលចំនួន ៥ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៧ និងគ្របដណ្តប់លើយន្តហោះទាំងអស់របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ។
ដំណោះស្រាយ SFCO2 រួមបញ្ចូលគ្នានូវជំនាញរបស់ក្រុមហ៊ុន Safran Aircraft Engines ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះឈានមុខគេមួយនៅលើពិភពលោក ដោយមានបទពិសោធន៍ដ៏យូរអង្វែងពី Safran Electronics និង Defense ក្នុងការវិភាគទិន្នន័យយន្តហោះ។
លោក Dinh Viet Phuong អនុប្រធាន Vietjet បានមានប្រសាសន៍ថា៖ «ក្នុងនាមជាធាតុផ្សំដ៏សំខាន់នៃកម្មវិធីប្រសិទ្ធភាពប្រេងឥន្ធនៈរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet សេវាកម្ម SFCO2® របស់ក្រុមហ៊ុន Safran នឹងជួយឲ្យយើងបំពេញនូវប្រសិទ្ធភាពនៃការប្រើប្រាស់ប្រេងសាំងរបស់យើង»។
លោក François Planaud អនុប្រធានផ្នែកសេវាតំហែទាំការជួសជុល និងប្រតិបត្តិការមានប្រសាសន៍បន្តទៀតថា៖ «ការជ្រើសរើសយកសេវាកម្មរបស់យើងខ្ញុំដោយក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបញ្ជាក់ពីប្រសិទ្ធភាពនៃសេវាកម្មប្រេងឥន្ទនៈ SFCO2 របស់យើង ក៏ដូចជាផ្តល់ការទទួលស្គាល់បន្ថែមទៀតដល់អ្នកជំនាញជាសកលរបស់យើងក្នុងដំណោះស្រាយប្រសិទ្ធភាពប្រេងឥន្ធនៈ»។
គួរជម្រាបដែរថា Safran គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ខ្ពស់អន្តរជាតិ និងជាក្រុមហ៊ុនលំដាប់ទី ១ ផ្នែកផ្គត់ផ្គង់ប្រព័ន្ធ និងបរិក្ខារ នៅក្នុងទីផ្សារអវកាស និងអាវុធ។ ក្រុមហ៊ុន Safran មានប្រតិបត្តិការនៅទូទាំងពិភពលោក និងមានបុគ្គលិកជិត ៥៨,០០០ នាក់ ហើយបានបង្កើតការលក់ ១៥.៨ ពាន់លានអឺរ៉ូនៅក្នុងឆ្នាំ ២០១៦៕
មតិយោបល់