ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិធីករពិធីការិនី ដែលរងការរិះគន់រឿងនាំមហាជនឆ្កួតពេញឆាក ចេញមុខបកស្រាយ

មានការរិះគន់យ៉ាងពេញទំហឹង ចំពោះសកម្មភាពរាំរែកតាមបទថៃមួយរបស់ពិធីករ និងពិធីការិនីរបស់ MY TV រួមមាននាយព្រែក កញ្ញាជីជី លោកយ៉ារ៉ូ និងកញ្ញាបេប៊ី នៅលើឆាកតន្រ្តីកាលពីថ្ងៃអាទិត្យកន្លងទៅ ដោយក្រុមអ្នកចែកចាយវីដេអូប្រើពាក្យធ្ងន់ៗយ៉ាងខ្លាំង ដល់អ្នកទាំង៤ និងអ្នកគ្រប់គ្រងកម្មវិធីផង ក្រោយពីវីដេអូដើមត្រូវបានបង្ហោះជាសាធារណៈ។

ម្នាក់ៗបានចោទពិធីករពិធីការិនីទាំង៤ និងអ្នកដឹកនាំកម្មវិធីថា បានបង្វក់កូនខ្មែរដោយយកវប្បធម៌ របស់ប្រទេសជិតខាងមករាំលាលីលើឆាក ក្នុងពេលដែលកម្មវិធី របស់ទូរទស្សន៍នីមួយៗ គួរតែមានទម្រង់សប្បាយរបៀបអប់រំជាជាង។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការរិះគន់ដ៏ក្ដៅគគុកនេះ ពិធីករពិធីការិនីទាំង៤ ជាពិសេសគឺនាយព្រែកដែលជាតារា ស្ថិតក្នុងសកម្មភាពនោះផ្ទាល់ ចេញមុខបកស្រាយ។

លោកខេង រតនៈ ហៅនាយព្រែក និយាយថា វីដេអូនោះ មិនមែនជាសកម្មភាពរបស់ពិធីករពិធីការិនីរាំរែក នៅក្នុងកម្មវិធីផ្លូវការរបស់ទូរទស្សន៍នោះទេ គឺជាសកម្មភាពរាំលែងក្នុងម៉ោងសម្រាក នៅពេលទូរទស្សន៍ ជាប់ផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ។ លោកថាហេតុផលដែលនាំអោយយល់ច្រលំ គឺដោយសារតែវីដេអូនោះ ក្រោយពីត្រូវបង្ហោះលើ «Prek GIGI Yaro Bebi» ដែលពួកលោកបង្កើតដើម្បីផ្សព្វផ្សាយពីសកម្មភាពរបស់ខ្លួន ហើយត្រូវអ្នកចែកចាយបន្តយកវាយប្រហារថានោះជាសកម្មភាពផ្សាយលើកញ្ចក់ទូរទស្សន៍ ដែលនាំអោយមានាករយល់ច្រលំថាពួកលោកទាំង៤ ពិសេសគឺកម្មវិធីទាំងមួល នាំមហាជនអោយឆ្កួតតាមវប្បធម៌ថៃ។

លោកចោទអ្នកចែកចាយវីដេអូថា មានចេតនាធ្វើអោយមានការយល់ច្រលំដោយ ដោយសារតែនៅលើផេករបស់លោក គឺបានបញ្ជាក់ថាគឺជាសកម្មភាពក្រៅឆាក។ លោកថាអ្នកខ្លះបានយកទៅវាយថា នោះជាសកម្មភាព ក្នុងកម្មវិធីពេញចិត្តអត់ ដោយខ្លះថា ជាសកម្មភាពត្រៀមដាក់ផ្សាយលើទូរទស្សន៍ និងខ្លះថាបានផ្សាយរួចហើយ ប៉ុន្តែការពិតជាវាសកម្មភាពរាំលែងនៅពេលទូរទស្សន៍ជាប់ផ្សាយពាណិជ្ជកម្មក្នុងកម្មវិធី 1A twist របស់MY TV កាលពីថ្ងៃអាទិត្យប៉ុណ្ណោះ។ លោកថាបើសកម្មភាពនោះជាប្លង់ ឬជាឈុតរបស់ទូរទស្សន៍ លោកថាការរិះគន់ មិនខុសនោះទេ ប៉ុន្តែវាគ្រាន់តែជាសកម្មភាពរាំលេងក្នុងពេលម៉ោងសម្រាក ទើបលោកយល់ថា អ្វីដែលបានរិះគន់ គឺជារឿងហួសហេតុដែលកើតឡើងពីការលាបពណ៌ដោយផេកមួយចំនួនដែលយកវីដេអូនោះទៅបាញ់ដោយគ្មានការពិត។ លោកស្នើអោយបញ្ចប់ការរិះគន់ ដោយសារតែភាពជាក់ស្ដែងគឺពួកលោកទាំង៤នាក់ គ្រាន់តែបានរាំលេង ហើយយកទៅផុសលើផេកដើម្បីអោយផេកដែលបានបង្កើតនោះមានវីដេអូប្លែកៗនោះទេ។

មិនខុសគ្នាដែរពិធីករពិធីការិនី៣រូបផ្សេងទៀតរួមមាន លោកយ៉ារូ កញ្ញាប៊េបី និងកញ្ញាជីជី ក៏បានបញ្ជាក់ថានោះ ជាមិនមែនជាកម្មវិធីទូរទស្សន៍ទេ ទើបក្រុមពិធីករហ៊ានផុសលេងៗ ដោយមិនចាប់អារម្មណ៍ មានផេកបន្តបន្ទាប់ យកទៅផុសហើយដាក់ខ្លឹមសាររិះគន់ដោយចោទនោះជាសកម្មភាពរបស់ទូរទស្សន៍។

អ្នកទាំង៣ស្នើអោយបញ្ចប់ការលាបពណ៌ដែលបានកើតឡើង និងបានបញ្ជាក់ថា បើនោះមិនមែនជាម៉ោងសម្រាក និងដើម្បីកុំអោយអ្នកទស្សនាផ្ទាល់មួយចំនួនតូចអផ្សុកក៏មិនរាំប្លែកៗបែបនោះដែរ។ ជាមួយនឹងការបកស្រាយនេះ គេជឿជាក់ថា ក្រុមអ្នកមានការយល់ច្រលំ ពិតជាបញ្ចប់ការរិះគន់ ក្នុងពេលដែលអ្នករៀបចំកម្មវិធី A1Twist ក៏បានបញ្ជាក់ថាកម្មវិធីមិនមានទម្រង់ដាក់បញ្ចូលសកម្មភាពរាំរែកបែកស្លុយនៃវប្បធម៌បរទេសណាមួយជាសាធារណៈដាច់ខាត បើទោះជាកម្មវិធីមានបំនងធ្វើអោយអ្នកទស្សនាសប្បាយចិត្ត៕

មតិយោបល់