ព័ត៌មានសិល្បៈ និងកម្សាន្ត

ស៊ុន ណារីម៉ូនីកា រិះគន់អ្នកធ្វើឲ្យសង្គមហ្វេសប៊ុក ក្លាយជាបណ្ដាញពុល

ក្នុងសំនៀងហួសចិត្ត អ្នកនាងស៊ុន ណារីម៉ូនីកា បានអះអាងថាអ្នកនាងមិនសប្បាយចិត្តទាល់តែសោះ ដែលក្រុមយុវវ័យមួយចំនួនបានប្រើហ្វេសប៊ុកជាទីតាំងជេរប្រទិចផ្ដាសាគ្នា ដែលធ្វើឲ្យជះឥទ្ធិពលអាក្រក់ដល់អ្នកលេងហ្វេសប៊ុកទូទៅ។

អ្នកនាងថាសង្គមហ្វេសប៊ុកកាន់តែដើរតួសំខាន់ក្នុងការបញ្ជូនព័ត៌មានដំណឹងមានភាពទូលំទូលាយ ហើយសន្ទុះនៃការពេញនិយមក៏មានកម្រិតខ្លាំងដែរមិនថាក្មេងមិនថាចាស់។ ដូច្នេះនឹងវាក្លាយជាគំរូមួយដ៏ខ្មៅ ដែលអ្នកលេងមួយចំនួនបានប្រើប្រព័ន្ធមួយនេះធ្វើជាកន្លែងជេរគ្នា ប្រមាថគ្នា ដែលនឹងធ្វើឲ្យអ្នកលេងមួយចំនួន ជាពិសេសក្មេងៗនឹងទទួលឥទ្ធិពលតាម។
អ្នកនាងនិយាយថាការពិតបណ្ដាញហ្វេសប៊ុកបើលេងឲ្យមានប្រយោជន៍ គឺមានគុណសម្បត្តិច្រើនណាស់ ដោយសារតែមនុស្សរាប់ពាន់ រាប់ម៉ឺននាក់សុទ្ធតែអាចទំនាក់ទំនងគ្នា និងដឹងពីគ្នាដោយសារតែពឹងលើបណ្ដាញមួយនេះ។ ប៉ុន្តែបណ្ដាលមកពីអ្នកលេងមួយចំនួនបានប្រើបណ្ដាញហ្វេសប៊ុកមិនត្រូវតាមបរិបទទើបបណ្ដាលឲ្យសង្គមហ្វេសប៊ុកក្លាយជាពុលដល់ស្រទាប់មហាជន។ ជាក់ស្ដែងក្នុងប៉ុន្មានថ្ងៃនេះ អ្នកនាងថាមានអ្នកលេងហ្វេសប៊ុកជាច្រើនដែលបង្ហោះវីដេអូជេរគ្នា និងបង្ហោះសារប្រមាថគ្នា ដែលអ្នកនាងយល់ថាមិនមានប្រយោជន៍ទាល់តែសោះ។

អ្នកនាងនិយាយថា«មើលទៅវាដូចជាបាត់តម្លៃនៅពេលដែលបើកឡើងឃើញតែជេរគ្នា វាយប្រហារគ្នា ដល់ចឹងក្មេងៗដែលគ្នាអត់ចេះជេរក៏ទៅជាចេះជេរ ហើយគ្នាយើងដែលមិនចេះឈ្លោះគ្នាក៏ទៅជាឈ្លោះគ្នា!»។ អ្នកនាងថាកូនខ្មែរ ភាសាខ្មែរ និងអក្សរខ្មែរ គឺមានជាតិសាសន៍ជាច្រើនទទួលស្គាល់ថាជនជាតិដែលមានភាសា និងឥរិយាបទថ្លៃថ្នូរ តែដល់ពេលប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុកទៅជាកន្លែងជេរគ្នាប្រមាថគ្នា អ្នកនាងយល់ថាវាធ្វើឲ្យបាត់តម្លៃរបស់ជាតិសាសន៍មួយដែលធ្លាប់តែមានការឲ្យតម្លៃទៅវិញ។ អ្នកនាងមនុស្សសព្វថ្ងៃចូលចិត្តសម្ញ៉ែងបញ្ហាអវិជ្ជមានជាសាធារណៈ ដែលចំណុចទាំងអស់នេះគឺសុទ្ធតែធ្វើឲ្យប៉ះពាល់ដល់តម្លៃសង្គម និងក្លាយជាគំរូអាក្រក់ដល់អ្នកលេងហ្វេសប៊ុកដែលចង់បានត្រឹមតែព័ត៌មានល្អៗ និងទំនាក់ទំនងល្អៗនោះតែម្ដង។ យ៉ាងណាមិញ អ្នកនាងក៏បានសរសើរថាអ្នកលេងហ្វេសប៊ុកមួយចំនួនក៏បានប្រើប្រាស់ភាសាថ្លៃថ្នូរក្នុងការបង្ហោះ និងចែកចាយនោះផងដែរ។ អ្នកនាងថាបើអ្នកលេងហ្វេសប៊ុកគ្រប់រូប ចេះឲ្យតម្លៃគ្នាទៅវិញទៅមក ហើយមិនយកភាសាជេរប្រមាថធ្វើជាត្រីមុខ នោះមិនដឹងថាសង្គមទំនាក់ទំនងគ្នាដ៏ធំមួយនេះនឹងល្អកម្រិតណានោះទេ។ អ្នកនាងស៊ុន ណារីម៉ូនីកា ទទូចឲ្យរក្សាសេចក្ដីថ្លៃថ្នូរនៅលើហ្វេសប៊ុក ជាពិសេសគឺហ្វេសប៊ុករបស់តារាសិល្បៈ ដោយអ្នកនាងអះអាងថាការបង្ហោះពាក្យសម្ដី ឬវីដេអូដៀលគ្នា ជេរគ្នា សុទ្ធតែជាការបាត់បង់តម្លៃទាំងអស់ជាសាធារណៈ៕

មតិយោបល់