ព័ត៌មានសិល្បៈ និងកម្សាន្ត

ទើបសម្ដែងបាន២រឿង តារាសម្ដែងពីនពីន ត្រូវរថយន្តបុកស្លាប់យ៉ាងរន្ធត់

ក្នុងពិភពសិល្ប:គេមិនសូវស្គាល់តារាសម្ដែងវ័យ១៧ឆ្នាំ កញ្ញា ពីនពីន នោះទេ ប៉ុន្តែដំណឹងរបស់នាងត្រូវបានរំជើបរំជួលពេញសង្គមហ្វេសប៊ុក បន្ទាប់ពីនាងត្រូវបានរថយន្តកិនស្លាប់កាលពីរសៀលថ្ងៃទី២៩ មិថុនា មុននេះ នៅម្ដុំស្ពានព្រែកព្នៅ ក្នុងពេលដែលនាងចេញពីហែរជំនូនមង្គលការមួយ។

លោកលៀក លីណា អ្នកចាត់ការទូទៅប្រចាំផលិតកម្មLD Picture បង្ហាញអារម្មណ៍រន្ធត់ចិត្តក្រោយពីបានដឹងថានាងជួបគ្រោះថ្នាក់ចរាចរណ៍ហើយបានស្លាប់ក្នុងហេតុការណ៍នោះ។ លោកថានាងគឺជាតួសម្ដែងមកពីក្លិប និងទើបត្រូវបានផលិតកម្មរបស់លោកផ្ដល់ឱកាសឲ្យសម្ដែងបាន២រឿងប៉ុណ្ណោះ គឺភាគ«អាពាហ៍ពិពាហ៍ចម្លែក»និងរឿង«ក្រមុំបាយឆា» ដោយនាងបានសម្ដែងជាតួរាយរងនៅក្នុងរឿង។ យ៉ាងណាមិញលោកថាត្រេមុខ និងសមត្ថភាពរបស់នាង លោកគ្រោងនឹងត្រូវបានលើកឲ្យសម្ដែងជាតួសំខាន់សម្រាប់រឿងក្រោយៗ ប៉ុន្តែមិនទាន់បានទទួលការងារថ្មីនោះផង នាងស្រាប់តែជួបសំណាងអាក្រក់ដោយត្រូវរថយន្តកិនស្លាប់កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៩ មិថុនា។

លោកថាក្រុមការងាររបស់ផលិតកម្មមិនទាន់មានគម្រោងទៅបុណ្យរបស់នាងនៅឡើយទេដោយសារតែទើបទទួលបានដំណឹង។ យ៉ាងណាមិញ លោកថាជារឿងសោកស្ដាយ ដែលតារាសម្ដែងរូបនេះ ទើបតែមានឈ្មោះបោះសំឡេង នៅក្នុងភាពយន្តក៏ត្រូវបាត់បង់ជីវិតយ៉ាងរន្ធត់ចិត្តមិនគួរឲ្យជឿ។ លោកថាកញ្ញាពីនពីន មិនដឹងឈ្មោះពិតយ៉ាងណានោះទេ តែអ្នកក្នុងផលិតកម្មបានហៅនាងថាពីនពីន និងមានការចូលចិត្តអាណិតស្រឡាញ់នាងគ្រប់គ្នា ដោយសារតែនាងជាតារាវ័យក្មេងដែលមានចរិតរួសរាយរាក់ទាក់។

គួរបញ្ជាក់ថា ហេតុការណ៍ដែលបណ្ដាលឲ្យតារាសម្ដែងកញ្ញាពីនពីន ដែលមានឈ្មោះពិតថា សុគន្ធាធារី ស្លាប់គឺដោយសារតែនាង និងនារីម្នាក់ទៀតបានជិះម៉ូតូម៉ាកហុងដារ Zoomer-X ពាក់ស្លាក់លេខ 1FK-4641 បានជិះពីលិចទៅកើតនៅម្ដុំស្ពានព្រែកព្នៅ ហើយក៏ត្រូវរថយន្តក្រុមហ៊ុនដឹកសាំង បើកជ្រុលចង្កូតកិនបណ្ដាលឲ្យស្លាប់ភ្លាមៗ ចំណែកនារីម្នាក់ទៀតគ្រាន់តែមានរបួស។ បច្ចុប្បន្នសពរបស់នាងកំពុងតម្កល់ធ្វើបុណ្យនៅវត្តតាំងក្រសាំង ខណ:ដែលអ្នកបើកបុកដែលព្យាយាមរត់គេចត្រូវសមត្ថកិច្ចចាប់បាន៕

មតិយោបល់