ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យចំនួន៣នាក់ ដែលពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដោយខុសច្បាប់នោះ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បានធ្វើការចុះបង្ក្រាបជាក់ស្តែងដោយនៅក្នុងប្រតិបត្តិការនេះ គឺសមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន ៥កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន។

ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ គឺធ្វើឡើងកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ទី២៩ ខែមិថុនា ឆ្នាំ២០១៧ ដែលនៅម្តុំអង់តែនទួលគោក ចំណុចទួលលោកតាស័ក្តិ៥ ស្ថិតនៅភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ៣នាក់ដែលឃាត់ខ្លួននោះ ទី១ឈ្មោះ ជា ចិត្ត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរ) ស្នាក់នៅភូមិទួលសំពៅ សង្កាត់ទួលសង្កែ,ទី២ឈ្មោះ កែវ វិច្ឆិកា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករ (ប្រើប្រាស់) ស្នាក់នៅភូមិទួលសំពៅ សង្កាត់ទួលសង្កែ និងទី៣ឈ្មោះ ឆៃ តារាឆើត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) ស្នាក់នៅភូមិត្រពាំងក្រសោម ខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅពេលប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបទីតាំងខាងលើ ដោយក្នុងពេលចុះបង្ក្រាបនេះ គឺសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ព្រមទាំងបានដកហូតម្សៅក្រាមពណ៌សថ្លាចំនួន ៥កញ្ចប់ ដោយក្នុងនោះមាន មួយកញ្ចប់ធំ (ជាប្រភេទម៉ាទឹកកក) ថង់ប្លាស្ទិកសម្រាប់ច្រកគ្រឿនញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់មួយចំនួន។ ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើរួចមក សមត្ថកិច្ចយើងបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់