ក្រោយពីបានចូលជ្រកជាតារាចម្រៀងកុងត្រារបស់ផលិតកម្ម BN តារាសម្ដែងលោកយន សុភ័ក្រ បានបញ្ចេញបទចម្រៀងជាប្រភេទ Original Song របស់ខ្លួនហើយ ដោយលោកបញ្ចាក់ថាចម្រៀងបើកឆាកក្នុងផលិតកម្មមួយបទនេះ គឺគ្រាន់តែដើម្បីស្ទាបស្ទង់ទីផ្សារចម្រៀងដែលជាអាជីពថ្មីរបស់ខ្លួនប៉ុណ្ណោះ។
យ៉ាងណាមិញចម្រៀងមួយបទនេះ ក៏ត្រូវគេកត់សម្គាល់ថាមានអ្នកចូលចិត្តស្ដាប់ច្រើនដែរ ដោយសារតែលោកធ្លាប់តែសម្ដែងបង្អួតសមត្ថភាពនៅក្នុងភាពយន្ត បែរជាច្រៀងបង្អួតទឹកដមសំឡេងខុសប្លែកពីមុន។
លោក យន សុភ័ក្រ បានអះអាងថា បទចម្រៀងរបស់លោកដែលទើបតែចេញមានចំណងជើង «កាកីស្នងរូប» ដោយបទនោះគឺជាចម្រៀងផ្ដាច់មុខរបស់ផលិតកម្មBN ។ លោកនឹងបញ្ចេញបទចម្រៀងថ្មីៗបន្តទៀត បើទោះជាបទដំបូងនេះទទួលបានជោគជ័យ ឬមិនទទួលបានជោគជ័យខ្លាំងក្លា។
យ៉ាងណាមិញលោកថាសប្បាយចិត្ត ដែលលោកគ្រាន់តែជាតារាសម្ដែង តែអាចវិវឌ្ឍខ្លួនក្លាយជាតារាចម្រៀង ថែមមួយទៀតដែលជាអាជីពលោកស្រឡាញ់ពេញចិត្ត។ បទនេះលោកនឹងគ្រោងថតជាMV ឆាប់ៗដើម្បីបំពេញបំណងរបស់អ្នកគាំទ្រ ដោយការចំណាយមួយផ្នែកក៏ជាបន្ទុករបស់លោកផងដែរ ដើម្បីឲ្យបទចម្រៀង«កាកីស្នងរូប»ទទួលបានការចាប់អារម្មណ៍៕
មតិយោបល់