ព័ត៌មានបច្ចេកវិទ្យា

ជប៉ុន នឹងបញ្ចូនមនុស្សទៅជាន់ដីឋានព្រះចន្ទនៅឆ្នាំ ២០៣០

ខណៈអង្គការ NASA ផ្តោតការយកចិត្តទុកដាក់ទៅលើការស្រាវជ្រាវលើភពព្រះអង្គារ៍ ព្រហស្បតិ៍ និងសៅរ៍ ជាដើមនោះ ប្រទេសជប៉ុន ហាក់កំពុងចាប់អារម្មណ៍ទៅលើភពដែលឋិតនៅកៀកនឹងផែនដីបំផុតទៅវិញ ដោយបានប្រកាសថា ខ្លួននឹងបញ្ចូនមនុស្សទៅកាន់ទីនោះនៅឆ្នាំ ២០៣០។

នៅក្នុងសំណើរថ្មីមួយ ទីភ្នាក់ងារ Aerospace Exploration Agency បានប្រកាស​ពីការប៉នប៉ងរបស់ខ្លួន​ទៅលើការស្រាវជ្រាវនៅភពព្រះចន្ទ ខណៈប្រទេសអាស៊ីមួយនេះ មានរួចទៅហើយអវកាសយានិករបស់ខ្លួនចេញទៅបំពេញបេសកកម្មនៅឯស្ថានីយ៍អវកាសអន្តរជាតិ។

លោក Koichi Wakata គឺជាអវកាសយានិកជើងចាស់មួយរូបរបស់ JAXA ដែលបានឆ្លងកាត់បេសកកម្មក្នុងលំហរអវកាសខុសៗគ្នាពីរបីលើករួចមកហើយ រាប់បញ្ចូលទាំងបេសកកម្មរយៈពេលជិត ៣៥០ ថ្ងៃរបស់ ISS។ កាលចុងឆ្នាំកន្លងទៅ ជប៉ុន ក៏បានប្រកាសពីផែនការបញ្ជូនយាន Rover ទៅកាន់ភពអង្គារ៍ ឱ្យបានទាន់ឆ្នាំ ២០២០។

ថ្លែងទៅកាន់ទូរទស្សន៍ CNN អ្នកនាំពាក្យ JAXA ម្នាក់មិនបានបង្ហើបអ្វីច្រើនពីផែនការបេសកកម្មទៅជាន់ដីឋានព្រះចន្ទនោះទេ គឺគ្រាន់តែគូសបញ្ចាក់ថា ខ្លួនមិនមែនធ្វើវាតែឯកឯងនោះទេ គឺត្រូវការការចូលរួមពីទីភ្នាក់ងារអវកាសអន្តរជាតិ ដើម្បីបញ្ជូនអវកាសយានិករបស់ខ្លួនឱ្យបានទៅដល់គោលដៅ៕

ប្រភពព័ត៌មានៈ gbr

មតិយោបល់