ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ទូតឥណ្ឌា ត្រៀមភាពយន្តល្បីៗ១៣រឿង ដើម្បីចាក់បញ្ចាំងនៅកម្ពុជា

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានថ្លែងថា ភាពយន្តឥណ្ឌា ល្បីៗចំនួន១៣រឿង នឹងត្រូវចាក់បញ្ចាំងឲ្យពលរដ្ឋខ្មែរ ទស្សនាដោយសេរីក្នុងកម្មវិធីសប្ដាហ៍ភាពយន្តឥណ្ឌា លើកទី២ ចាប់ពីថ្ងៃទី២២ ដល់២៦ ខែមិថុនាខាងមុខ នៅមហោស្រពចតុមុខ។

លោក ណាវិន ស្រីវ៉ាស្ដាវ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានមានប្រសាសន៍ថា មហោស្រពភាពយន្តឥណ្ឌា មានគោលបំណងឲ្យប្រជាពលរដ្ឋកម្ពុជា បានស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជនឥណ្ឌា ក្នុងពេលបច្ចុប្បន្ន។ ភាពយន្តទាំងនោះ ឆ្លុះបញ្ចាំងពីប្រទេសឥណ្ឌា ក្នុងសម័យទំនើប និងភាពញាប់ញ័រពេលទស្សនា ព្រោះប្រើបច្ចេកវិទ្យាទំនើបនៅក្នុងការផលិត។

លោកថ្លែងដូចនេះ នៅសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលបុប្ផាណា ហើយថា “យើងជឿថា ទស្សនិកជននឹងរីករាយនៅពេលទស្សនាភាពយន្តទាំងនេះ ហើយវត្តមាន និងការផ្ដល់យោបល់របស់ទស្សនិកជនខ្មែរ នឹងកើតមានបន្ទាប់ពីការទស្សនាភាពយន្តឥណ្ឌានេះ”

លោកបន្តទៀតថា ភាពយន្តទាំងអស់នោះ សុទ្ធសឹងតែទទួលបានការគាំទ្រលើពិភពលោក និងមិនធ្លាប់បានចាក់បញ្ចាំងនៅប្រទេសកម្ពុជា ពីមុនមកទេ។ អ្នករៀបចំកម្មវិធី បានជ្រើសរើសយកភាពយន្តហូលីវូដ ដោយសម្រិតសម្រាំងឆ្លើយតបទៅនឹងការចង់បានរបស់ទស្សនិកជនកម្ពុជា។ ម្យ៉ាងទៀត ភាពយន្តឥណ្ឌាបានចាក់ឫសនៅក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា យូរមកហើយ ជាក់ស្ដែងបច្ចុប្បន្នមានស្ថានីយទូរទស្សន៍ក្នុងស្រុកមួយចំនួន បាន និងកំពុងចាក់ផ្សាយភាពយន្តឥណ្ឌា ដោយប្រែជាភាសាខ្មែរផងដែរ៕

មតិយោបល់