ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៉ិន ប្រកាសកៀរគរតារាសម្ដែងពង្រឹងក្រុមបាល់ទាត់ ក្រោយជ័យជម្នះផ្ទួនៗ

ក្រោយពីបានយកឈ្នះលើក្រុមសប្បាយក្នុងលទ្ធផល ៧ទល់១កាលពីថ្ងទី២៨ មិថុនា ក្រុមកីឡាបាល់ទាត់មហាហង្សដែលត្រូវគេស្គាល់ថាជាក្រុមដែលមានមានតារាសម្ដែងជាកីឡាករបានបន្តយកស្មើលើក្រុមបុរីរិទ្ធិក្នុងលទ្ធផល (១-១)បន្តទៀតកាលពីយប់ថ្ងៃទី១ កក្កដា។ ជាមួយនឹងលទ្ធផលថ្មីនេះ ប្រធានក្រុមលោកអ៉ិន បានអះអាងថាលោកនឹងពង្រឹងក្រុមរបស់ខ្លួនឲ្យមានកម្លាំងកាន់តែខ្លាំង ដោយនឹងកៀរគរតារាសម្ដែងឲ្យបានច្រើនឡើង ដែលបានថតរឿងឲ្យផលិតកម្មមហាហង្សមកធ្វើជាសមាជិកក្រុមរបស់ខ្លួន។

លោកអ៉ិន និយាយក្នុងរយៈពេលចុងក្រោយក្រុមកីឡាបាល់ទាត់មហាហង្សបានប្រមែប្រមូលតារាសិល្បៈបានកាន់តែច្រើនបង្កើតជាក្រុម ដើម្បីបើកប្រកួតជាមួយក្រុមផ្សេងៗក្នុងគោលបំណងដើម្បីសុខភាពផង និងដើម្បីចំណងមិត្តភាពផង។ លោកថាក្នុងក្រុមមហាហង្សមិនទាន់មានសមាជិកជាតារាច្បាស់លាស់នៅឡើយទេ ដោយក្នុងពេលខ្លះក៏មានតារានេះមកលេងឲ្យនិងពេលខ្លះក៏មានតារានោះមកលេងឲ្យ។ យ៉ាងណាមិញលោកថាតារាដែលជាសមាជិកពេញសិទ្ធិរបស់ក្រុមរួមមាន តារាសម្ដែងលោកហេង នរកក្កដា លោកភឹម តារាវិបុល លោកលឹម ជាឡាយ លោកជា សុវណ្ណនរាហ៍ និងលោកតុលា ជាដើម។ ដោយឡែកសម្រាប់តារាសម្ដែងផ្សេងទៀតជួនបានមកលេងជួនមិនបានមកលេង អ៊ីចឹងហើយទើបលោកសម្រេចចិត្តដាក់បញ្ចូលបុគ្គលិករបស់មហាហង្សឲ្យលេងបង្គ្រប់ដើម្បីពង្រឹងក្រុម។

លោកថាក្នុងពេលខាងមុខក្រុមមួយនេះនឹងប្រមូលធនធានតារាសម្ដែងមកលេងប្រចាំឲ្យក្រុមឲ្យបានច្រើន ដើម្បីបង្ហាញពីការចូលរួមរបស់តារាសិល្បៈផង និងដើម្បីមុខមាត់របស់ក្រុមផង។ ក្នុងនោះលោកថាខ្លួននឹងចំណាយទាំងស្រុងលើការជួលទីលានឲ្យលេង និងការចំណាយផ្សេងៗដើម្បីឲ្យក្រុមមហាហង្សក្លាយជាក្រុមបាល់ទាត់ល្អមួយបង្អួតភ្នែកមហាជន៕

មតិយោបល់