យោងតាមការទម្លាយចុងក្រោយ បានអះអាងថា ហេតុផលដែល G-Devid និងពេជ្រ សោភា បែកបាក់គ្នាគឺមិនមែនដោយសារតែដេវីដ អន់ចិត្តរឿងដៃគូចម្រៀងរបស់ខ្លួនបង្កាត់ទំនាក់ទំនងស្នេហ៍ជាមួយតារាសម្ដែងលោកឆឹម សក្កដានោះទេ ប៉ុន្តែហេតុផលដែលលោកដើរចេញគឺបណ្ដាលមកពីលោកអន់ចិត្តនឹង ពេជ្រ សោភា ឧស្សាហ៍កាច់មេឡូឌីបទចម្រៀងរបស់លោក។ លោកដេវីដក៏បានបង្ហោះជាសាធារណៈក្រោយពេលដើរចេញពីពេជ្រ សោភា ថាខ្លួនមិនចូលចិត្តធ្វើការក្រោមគំនាបរបស់អ្នកណា ធ្វើឲ្យគេយល់ថាអ្វីដែលបានទម្លាយឡើងគឺជាការពិតនោះដែរ។ អ្វីដែលគេចាប់អារម្មណ៍មួយទៀតគឺក្រោយពេលលោកបែកគ្នាបានមួយរយៈ មានការទម្លាយថាលោកដេវីដ ធ្លាប់បានចរចារជាមួយ ពេជ្រ សោភា ដើម្បីបានមកច្រៀងជាមួយដូចដើម ប៉ុន្តែត្រូវបាននាងបដិសេធ។
ដំណឹងដែលបានទម្លាយចេញបានអះអាងថា ក្រោយពេល ពេជ្រ សោភា លើកលោកStep ឲ្យល្បីក្នុងប៉ុន្មានបទចុងក្រោយ ហើយបានជួយឲ្យលោក Step ក្លាយជាតារាចម្រៀងល្បីម្នាក់ ដោយបានទាំងត្រូវហង្សមាសលើកឲ្យធ្វើតួឯកក្នុងរឿងភាគ «បិសាចគួរឲ្យស្រឡាញ់»នោះ លោកដេវីដ ដែលបានដើរចេញហើយចាប់ផ្ដើមសម្គាល់ថាបទចម្រៀងរបស់លោកទទួលបានការគាំទ្រខ្សោយជាងមុន បានឆាតទៅពេជ្រ សោភា សុំឲ្យនាងទទួលយកលោកជាដៃគូវិញ ប៉ុន្តែត្រូវបានពេជ្រ សោភា ឆ្លើយថាចាំមានឱកាស។
យ៉ាងណាមិញ ព័ត៌មានជុំវិញលោកដេវីដ ទាក់ទងសុំច្រៀងជាមួយពេជ្រ សោភា នាពេលនោះ គឺបានកើតឡើងតាំងពីពេលលោកដេវីដ និងកញ្ញាទេព បូព្រឹក្ស មិនទាន់ត្រូវបានបណ្ដាញសារព័ត៌មានចាប់អារម្មណ៍ថាស្រឡាញ់គ្នាក្រៅឆាក និងមិនទាន់មានបទល្អៗនៅលើទីផ្សារនោះម្ល៉េះ ពោលគឺបានកើតឡើងតាំងពីពេលដែលបទរបស់លោកច្រើនបទចេញលក់ក្រោយដើរចេញពីពេជ្រ សោភា ហើយមិនសូវទទួលការគាំទ្រខ្លាំង។ មកទល់ពេលនេះ មានការទម្លាយថាលោកដេវីត នឹងគ្មានការពិចារណារឿងសុំត្រឡប់ក្រោយនោះទេ បន្ទាប់ពីបទចម្រៀងរបស់លោកជាមួយនឹងទេព បូព្រឹក្ស ផ្ដើមមានសន្ទុះជាងមុន ស្របគ្នាដែលលោកក៏មានព័ត៌មានជាមួយ ទេព បូព្រឹក្ស លើសពីគូចម្រៀងមិនស្ងាត់ដូចមុន។
ពាក់ព័ន្ធនឹងព័ត៌មាននេះ តារាចម្រៀង ពេជ្រ សោភា បដិសេធបកស្រាយ ដោយអះអាងថារវាងនាង និងលោកដេវីដ បានបញ្ចប់ទៅហើយគឺនាងមិនចង់ឲ្យមានព័ត៌មានណាមួយពាក់ព័ន្ធនឹងគ្នាវិញទេ។ លោកដេវីដ ក៏មិនទាន់អាចសុំការបកស្រាយបានដែរ តែកន្លងមកលោកធ្លាប់បានប្រកាសរវាងលោក និងពេជ្រ សោភា គឺនៅតែជាតារាចម្រៀងក្រោមដំបូលដោយទោះមិនច្រៀងជាមួយគ្នា ក៏មិនមានបញ្ហាណាមួយជាមួយគ្នាដែរ៕
មតិយោបល់