ភ្នំពេញៈក្នុងពិធីខួបគម្រប់ខួប២ឆ្នាំរបស់រោងភាពយន្ត Major Cineplix កាលពីថ្ងៃទី២២កក្កដា អ្នកគ្រប់គ្រងរោងកុនមួយនេះបានអះអាងថា អ្នកចូលមើលកុនមានរហូតដល់ជាង២លាននាក់ចូលទស្សនានៅក្នុងរោងកុនរបស់ខ្លួន។ ក្នុងនោះតារាល្បីឈ្មោះ៣រូបត្រូវបានទទួលឆ្នោតដែលមានឱកាសចាប់យករថយន្តBMW ស៊េរីទំនើបមួយគ្រឿងតម្លៃប្រមាណជា១០ម៉ឺនដុល្លារ ក្នុងពេលខាងមុខផងដែរ ក្នុងនាមជាអ្នកគាំទ្ររោងកុនមួយនេះ។
លោកសៅ សុខនី នាយកប្រតិបត្តិរោងភាពយន្ត Major Cineplex បានអះអាងថា គិតត្រឹមថ្ងៃទី២៣ កក្កដា គឺគម្រប់២ឆ្នាំគត់ដែលរោងភាពយន្តទំនើបមួយនេះបានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការគាំទ្រដ៏ច្រើនលើសលប់ក្នុងរយៈពេល២ឆ្នាំនោះហើយ ដែលលោកសម្រេចប្រារព្ធពិធីខួបក្នុងភាពអធឹកអធម ដោយបានទាំងអញ្ជើញអតិថិជនរបស់ខ្លួន តារាសិល្បៈ និងម្ចាស់ក្រុមហ៊ុនជាដៃគូឧបត្ថម្ភយ៉ាងច្រើនកុះករ ឲ្យចូលរួមនៅក្នុងពិធីខួបនោះ។ លោកថាដើម្បីជាការលើកទឹកចិត្តក្រុមហ៊ុនរោងភាពយន្តរបស់លោក និងដៃគូសហការបានសម្រេចផ្ដល់រង្វាន់រថយន្ត BMW មួយគ្រឿងនៅថ្ងៃទី២៤ ខែធ្នូខាងមុខ និងបានសម្រេចផ្ដល់ឆ្នោតផ្សងសំណាងឲ្យតារាដែលបានចូលរួមក្នុងថ្ងៃពិធីខួបស្វែងរកសន្លឹកឆ្នោតដែលមានសិទ្ធទៅចាប់យករថយន្តនៅថ្ងៃប្រគល់រង្វាន់ធំនោះដែរ។
លោកថារាល់អតិថិជនទាំងអស់របស់ Major Cineplex នឹងទទួលបានឱកាសចាប់ឆ្នោតប្រចាំសប្ដាហ៍ ដោយបន្តចាប់ប្រចាំខែ និងសម្រាំងយកត្រឹមតែរង្វង់១០០សន្លឹកឆ្នោតប៉ុណ្ណោះ ដើម្បីឲ្យមានសិទ្ធិចាប់យករថយន្ត BMW ។ អ៊ីចឹងហើយទើបលោកយល់ថាតារា៣រូបដែលទទួលបានសន្លឹកឆ្នោតដើម្បីចាប់យករថយន្តនៅថ្ងៃពិសេសនោះ គឺអាចនឹងមានសង្ឃឹមច្រើន។ លោកសៅ សុខនី បញ្ជាក់ថា រយៈពេល២ឆ្នាំកន្លងមកនេះ រោងភាពយន្តទទួលបានអ្នកទស្សនាជាង២លាននាក់ ហើយក៏រំពឹងថាទទួលបានកាន់តែច្រើនថែមទៀតផងដែរក្នុងឆ្នាំខាងមុខ។
គួរបញ្ជាក់ថាតារាសិល្បៈដែលបានបង្ហាញខ្លួននៅក្នុងពិធីខួប២ឆ្នាំនោះរួមមាន លោករ៉ូលីន កញ្ញាសុខ សីឡាលីន លោកអ៊ុន សុធា កញ្ញាគង់ ច័ន្ទស្រីមុំ កញ្ញា ព្រីម លីហ្សា និងលោកស៊ឹម សីហា។ តារាដែលទទួលបានឆ្នោតចាប់យករថយន្តគឺលោករ៉ូលីន កញ្ញាគង់ ច័ន្ទស្រីមុំ និងកញ្ញាព្រីម លីហ្សា៕
មតិយោបល់