អាមេរិកៈ មន្រ្តីទីក្រុងវ៉ាស៊ីនតោនម្នាក់ នៅថ្ងៃអាទិត្យ បាននិយាយថា នាវាចម្បាំងអាមេរិកមួយគ្រឿង បានធ្វើដំណើរទៅជិតកោះកំពុងមានជម្លោះ នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង ជាតំបន់ត្រូវបានកាន់កាប់ដោយទីក្រុងប៉េកាំង ដែលវាជាទង្វើបង្កហេតុមួយ អាចធ្វើឲ្យទំនាក់ទំនង រវាងមហាអំណាចទាំងពីរកាន់តែតានតឹង។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧។
ប្រភពដដែរបានឲ្យដឹងទៀតថា នាវាពិឃាត USS Stethem បានធ្វើដំណើរឆ្លងកាត់មិនតិចជាងចម្ងាយ ២២ គីឡូម៉ែត្រពីកោះតូច ត្រិតទុង នៅក្នុងប្រជុំកោះប៉ារ៉ាសែល ដែលត្រូវបានអះអាងដោយកោះតៃវ៉ាន់ និងវៀតណាមផងដែរថា ជាដែនទឹករបស់ពួកគេ។
សូមជំរាបថា ប្រតិបត្តិការដែលបង្ហាញពីសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងដែនទឹកកំពុងមានជម្លោះនេះ បានកើតឡើងប៉ុន្មានម៉ោងមុន នៃការហៅតាមទូរស័ព្ទរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងសមភាគីចិនលោក ស៊ី ជីនពីង។
យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហានេះដែរ ខាងប្រទេសចិនមិនទាន់បានធ្វើការឆ្លើយតបភ្លាមៗនោះទេ។
គួរបញ្ជាក់ដែរថា វាគឺជាប្រតិបត្តិការលើកទីពីរហើយ ដែលត្រូវបានអនុវត្តដោយសហរដ្ឋអាមេរិក ចាប់តាំងពីលោក ត្រាំ ចូលកាន់តំណែង ដោយបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋបាលរបស់លោក បានចាត់វិធានការជាច្រើន ដែលទំនងជានឹងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងអាមេរិក និងចិនផងដែរ៕
មតិយោបល់