ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ាដូណា និងគ្រួសារ ត្រូវគេប្ដឹងទារ៨ម៉ឺនដុល្លារ!!!

ក្រោយផ្ទុះជម្លោះរហូតបង្កឲ្យមានអំពើហិង្សារផង ជាមួយនឹងអ្នកជិតខាង លោកម៉ាដូណា និងគ្រួសារត្រូវបានគេអះអាងថាកំពុងរងបណ្ដឹងចោទពីការបង្ករបួសស្នាម និងទាមទារឲ្យគ្រួសារលោកបង់សំណងរហូតដល់៨ម៉ឺនដុល្លារ ដោយពាក្យបណ្ដឹងនោះត្រូវបានគេអះអាងថាបានប្ដឹងចំពោះគ្រួសារលោកហើយកាលពីថ្ងៃទី៣ កក្កដា ម្សិលមិញ។ យ៉ាងណាមិញ លោកម៉ាដូណា បានអះអាងថាលោក និងគ្រួសារមិនខ្លាចបណ្ដឹងនោះទេ ផ្ទុយទៅវិញគឺលោកនឹងត្រៀមប្ដឹងបកទៅវិញផង ដោយសារតែមុនហិង្សា គឺបណ្ដាលមកពីគ្រួសារនោះបានធ្វើរបងរំលោភលើដីរបស់ខ្លួន ដល់ពេលមានការហាមប្រាមក៏ក្លាយជារឿងហិង្សា ដោយបានទាំងបណ្ដាលឲ្យបងស្រីរបស់លោករយៈកន្ទុយភ្នែកនឹងចំណាំងកែវផង។

លោកម៉ាដូណា និយាយថាគ្រួសារដែលបានបង្កជម្លោះជាមួយលោក និងគ្រួសារនោះ មិនដឹងថាអាងខ្នងពីខាងណានោះទេ តែគេបានដាក់ពាក្យបណ្ដឹងប្ដឹងគ្រួសាររបស់លោកដោយទារសំណងរហូតដល់៨ម៉ឺនដុល្លារ។ លោកថាម្ចាស់ពាក្យបណ្ដឹងនោះបានចោទថាបងប្អូនរបស់លោកប្រតាយប្រតប់ និងប្រើហិង្សាទៅលើនារីដែលមានផ្ទៃពោះម្នាក់ដោយគេបានទាំងទៅពិនិត្យសុខភាព ហើយយកឯកសារពេទ្យមកដាក់បន្ទុកលើគ្រួសាររបស់លោកផង។ លោកថាខ្លួនមានសាក្សីទាំងអស់ថាបងប្អូនរបស់លោកមិនបានវាយតប់ទៅលើនារីដែលមានផ្ទៃពោះនោះទេ ផ្ទុយទៅវិញមានតែខាងគ្រួសារខាងនោះដែលបានយកកែវមកគប់ចប់ភ្នែករបស់បងស្រីខ្លួន ដោយលោក និងគ្រួសារបានថតទុកដើម្បីធ្វើជាភស្ដុតាងនោះផង។

លោកថាខ្លួននឹងប្ដឹងគ្រួសារនោះវិញ ពីបទរំលោកលើការសាង់សង់ និង បង្កអំពើហិង្សាដោយបានបង្កឲ្យបងស្រីរបស់លោកមានរបួសស្នាមនោះផង។ លោកថាគ្រួសាររបស់លោកមិនទាន់ទាំងប្ដឹងពាក់ព័ន្ធនឹងករណីនោះផង ស្រាប់តែមានមកដាក់បណ្ដឹងពីគ្រួសាររបស់លោកទាំងទទឹងទិសវិញ ដោយបានប្ដឹងទារពីគ្រួសាររបស់លោករហូតដល់៨ម៉ឺនដុល្លារ។ លោកថាគ្រួសារដែលបានប្ដឹងគ្រួសារលោកនោះ គេសំអាងលើឥទ្ធិពលរបស់បុគ្គលម្នាក់ ទើបហ៊ានបំពានមកលើគ្រួសារលោកទាំងកំរោល ដោយបានទាំងថាប្រកាសថានឹងប្ដឹងឲ្យគ្រួសាររបស់លោកបង់៨ម៉ឺនដុល្លារឲ្យខានតែបាន។

លោកថាមិនខ្លាចចំពោះបណ្ដឹងនោះទេ ហើយលោកក៏ហួសចិត្តណាស់ដែរដែលភាគីខាងដើមបណ្ដឹងបានក្លែងភស្ដុតាងធ្វើជាមានរបួសស្នាម ទាំងបងប្អូនរបស់លោកមិនបានបង្កហិង្សាដូចអ្វីដែលគេបានចោទប្រកាន់។ លោកថាបញ្ហាដែលបានកើតឡើងនឹងមិនចប់នោះទេ ដរាបណាភាគីម្ខាងទៀតមិនដកពាក្យបណ្ដឹង ហើយមិនដោះស្រាយនូវអ្វីដែលបានបង្កជាមួយគ្រួសាររបស់លោក។ លោកថាបើច្បាប់អយុត្តិធម៌ ហើយកាត់ឲ្យគ្រួសាររបស់លោកចាញ់ក្ដី នោះលោកនឹងបង់ឲ្យ៨ម៉ឺនដុល្លារ តែមុននឹងឈានដល់ការបង់សំណងនោះក៏ល្អមើលនោះដែរ៕

មតិយោបល់