ព័ត៌មានសិល្បៈ និងកម្សាន្ត

ដេនី ក្វាន់ ប្រកាសបង្ហាញជំហរពិត ក្នុងកិច្ចសម្ភាសន៍បន្តផ្ទាល់ល្ងាចនេះ

នៅល្ងាចថ្ងៃទី៦ កក្កដា តារាសម្ដែងកញ្ញាដេនី ក្វាន់ នឹងចូលខ្លួនបង្ហាញពីជីវប្រវត្តិ និងអារម្មណ៍របស់នាងក្រោយពីត្រូវក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិតមិនឲ្យនាងបង្ហាញខ្លួនក្នុងនាមជាតារាសិល្បៈនៅលើកញ្ចក់ទូរទស្សន៍ នៅក្នុងកម្មវិធីបន្តផ្ទាល់«Komsan Talkshow» នឹងផ្សាយផ្ទាល់លើផេក Post Komsan នៅវេលាម៉ោង៦ និង៣០នាទីល្ងាចនេះ។

អ្នកគាំទ្ររបស់នាងជាច្រើននឹងបានទទួលដឹងពីដំណើរដើមទងដែលនាំឲ្យនាងបានក្លាយជាតារាសិល្បៈ និងជំហរបស់នាងក្រោយពីត្រូវក្រសួងចេញលិខិតបិទផ្លូវ។ មហាជនជាអ្នកទស្សនាដោយផ្ទាល់ក្នុងកម្មវិធីបន្តផ្ទាល់នេះ ក៏នឹងអាចខលចូលដើម្បីសួរសំណួរដល់កញ្ញាដោយផ្ទាល់ជុំវិញរឿងរ៉ាវដែលបានកើតឡើងចំពោះនាងផងដែរនៅក្នុងល្ងាចនេះ។

ដេនី ក្វាន់ ប្រាប់ថានឹងលាតត្រដាងពីអារម្មណ៍ឲ្យបានជ្រះស្រឡះ ដើម្បីឲ្យដឹងថានាងពិតជាបោះបង់ការតុបតែងខ្លួនស៊ិចស៊ី១០០ភាគរយ ដោយការអះអាងថារបស់នាងលើកនេះ គឺមិនមែនគ្រាន់តែនិយាយប៉ុណ្ណោះទេ តែជាការតាំងចិត្តដើម្បីកុំឲ្យមានការរិះគន់ជាថ្មីនោះផង។ នាងថាខ្លួនសម្រេចចិត្តឡើងសម្ភាសន៍ក្នុងកម្មវិធីបន្តផ្ទាល់របស់ផេក Post Komsan មិនមែនគ្រាន់តែធ្វើការសូមទោសនូវអ្វីដែលនាងឆ្គាំឆ្គងនាពេលកន្លងមកនោះទេ ប៉ុន្តែក៏នឹងបើកចិត្តឲ្យទូលាយទទួលយកការកែតម្រូវរបស់មហាជនដែលចង់ឲ្យនាងដើរតាមលំនាំជានារីស្រគត់ស្រគំដូចអ្វីដែលបានប្រកាសមុននេះផងដែរ។

នាងទទូចឲ្យអ្នកគាំទ្ររង់ចាំការបកស្រាយរបស់នាង ដោយនាងប្រកាសថារាល់ចម្ងល់របស់មហាជន គឺនាងនឹងឆ្លើយក្នុងកម្មវិធីបន្តផ្ទាល់នៅវេលាម៉ោង៦ និង៣០នាទីល្ងាចនេះ។

ចង់ដឹងថាតារាសម្ដែងដេនី ក្វាន់ ផ្ដល់សម្ភាសន៍និយាយពីអ្វី សូមរង់ចាំទស្សនាក្នុងកម្មវិធី«Komsan Talkshow »នៅថ្ងៃព្រហស្បតិ៍នេះ ដោយជួបជាមួយពិធីការិនីអ្នកនាង លី ម៉ារីណា និងពិធីករលោក នាង វ៉ាងសាន់ ក្នុងពេលបន្តិចទៀតនេះ៕

មតិយោបល់