កញ្ញា ស៊ីស៊ី គឺជាតារាសម្ដែងដែលត្រូវគេស្គាល់ថាបានតំណែងជាតួសំខាន់ក្នុងភាពយន្តជាច្រើន ជាពិសេសក្នុងរឿង «ស្នូរជើងអ្នកណា» របស់ផលិតកម្ម Wouder Film Cambodia។ យ៉ាងណាក៏ដោយ ក្រោយពីបានតំណែងធំនៅក្នុងរឿងនេះ នាងបែរជាស្ងាត់ការពីការសម្ដែង ហើយឃើញសកម្មក្នុងអាជីពបង្ហាញម៉ូតដូចជាម៉ូតរថយន្ត និងផលិតផលផ្សេងៗវិញ ក្នុងពេលដែលការថតស្ពតក៏ច្រើនមិនអន់។
តារាសម្ដែងរាងខ្ពស់ស្រឡះសាច់សស្រឡូនរូបនេះ បានអះអាងថានាងពិតជាសកម្មភាពក្នុងការថតម៉ូត ពិសេសការបង្ហាញម៉ូដក្នុងពិធីបើសសម្ពោធក្រុមហ៊ុនតូចធំៗប្រាកដមែនទើបមិនសូវមានពេលទទួលសម្ដែង។ នាងក៏ជាតារាមួយរូបដែលតែងបង្អួតសម្រស់ស្រស់ផូរផង់ទាក់ភ្នែកអ្នកគាំទ្រមិនណយផងដែរ ទើបធ្វើឲ្យនាងលេចធ្លោបន្ថែមពីលើការងារសិល្បៈ។ ស៊ីស៊ី បានអះអាងថា នាងទើបតែចូលប្រឡូកការសម្ដែងបានប្រមាណជា២ទៅ៣រឿងប៉ុណ្ណោះ តែនាងត្រូវបានផលិតករចាប់អារម្មណ៍ច្រើនឡើង ដោយសារតែទេពកោសល្យដែលអាចសម្ដែងបានទាំងកាចឆ្នាស់ ស៊ិចស៊ី និងសុភាពរាបសារ។ យ៉ាងណាមិញនាងថាក្នុងមួយរយៈចុងក្រោយ នាងមិនសូវបានទទួលការសម្ដែងសកម្មដូចមុននោះទេ ដោយសារតែនាងកុងត្រាបង្ហាញម៉ូតឲ្យក្រុមហ៊ុនធំៗបណ្ដាក់គ្នា។
នាងថាក្រុមហ៊ុនជាច្រើនពិសេសក្រុមហ៊ុនរថយន្តធំៗបានចាប់អារម្មណ៍ឲ្យនាងបង្ហាញម៉ូតដោយឲ្យតម្លៃខ្ពស់ ទើបនាងសម្រេចចិត្តផ្អាកទទួលសម្ដែងហើយវក់នឹងការបង្ហាញម៉ូត។ នាងថាការបង្ហាញម៉ូត អាចឲ្យនាងមានឱកាសបានស្គាល់ម្ចាស់ក្រុមហ៊ុនពីមួយទៅមួយ ទើបការងារបង្ហាញម៉ូដរបស់នាងចេះតែមានបន្តកន្ទុយគ្នាក្នុងពេលដែលការសម្ដែងគឺស្ងាត់មួយខ្យល់ព្រោះតែមិនទទួល។ យ៉ាងណាមិញ នាងថានឹងទទួលយកការសម្ដែងដូចដើមវិញហើយ ដើម្បីកុំឲ្យអត់រឿងថ្មីៗបង្អួតភ្នែកមហាជន។
នាងថាការបង្ហាញម៉ូតទទួលបានតម្លៃខ្លួនខ្ពស់ ហើយមិនទទួលរងកំដៅថ្ងៃដូចការសម្ដែង ប៉ុន្តែនាងមិនអាចចេះតែរសាត់ឆ្ងាយពីការសម្ដែង បណ្ដាលឲ្យផលិតករដែលចង់បាននាងសម្ដែងចេះតែអន់ចិត្តពេលនាងមិនទទួលអ៊ីចឹងទេ។នាងថាការសម្ដែងត្រូវតែធ្វើឲ្យសកម្មទន្ទឹមគ្នានឹងការបង្ហាញម៉ូត និងថតស្ពត ដែលនាងជោគជ័យចុងក្រោយ ទើបអាចឲ្យនាងបង្កើនប្រជាប្រិយភាពរបស់នាងបានខ្ពស់។
ស៊ីស៊ី និយាយថា នាងទទួលបានឱកាសការងារសិល្បៈច្រើនឡើង ជាពិសេសគឺការដើរម៉ូតបង្ហាញផលិតផលតូចធំ ដោយសារការតុបតែងខ្លួនបែបស៊ីវិល័យ និងស៊ិចស៊ី។ ប៉ុន្តែនាងថាមិនហ៊ានបញ្ចេញភាពស៊ីចស៊ីរបស់រាងកាយដោយមិនសមភ្នែកមហាជននោះទេ ដើម្បីកុំឲ្យមានការរិះគន់ណាមួយ។ នាងថាខ្លួនមានចំណូលចិត្តសម្ដែងកុនជាជាងបង្ហាញម៉ូត មិនថាការសម្ដែងជាតួអង្គតូច ធំ ស្លូត កាច មនោសញ្ចេតនា ឬតួអង្គសិចស៊ីនោះទេ ប៉ុន្តែមកពីមួយរយៈចុងក្រោយនាងជាប់ការងារបង្ហាញម៉ូតផលិតផល និងថតស្ពតច្រើន ទើបចេះតែឃ្វៀងការសម្ដែង។ នាងប្រកាសទទួលយកការសម្ដែងវិញហើយ ដោយអះអាងនឹងសុខចិត្តទម្លាក់ចោលការងារបង្ហាញម៉ូដវិញម្ដង ដើម្បីមានពេលទទួលសម្ដែង។
ស៊ីស៊ី បញ្ជាក់ថា នាងមិនខ្លាចក្នុងការសម្ដែងឈុតឆាកសិចស៊ីតាមលំនាំកញ្ញា ឌុច លីដា នោះទេ ឲ្យតែក្រសួងយល់ថាឈុតឆាកដែលនាងសម្ដែងមិនមានបញ្ហា។ មកទល់បច្ចុប្បន្ន នាងបានសម្ដែងភាពយន្តជាច្រើនដូចជារឿង «វាសនាកូនភ្លោះ» រឿង«ចំការលាក់ស្នេហ៍» រឿង«រាជបុរី Come back »និង រឿង«ស្នូរជើងអ្នកណា?» ដែលរឿងទាំងនោះសុទ្ធតែត្រៀមដាក់ផ្សាយក្នុងពេលខាងមុខ។ នាងថាបើមិនទទួលការសម្ដែងរឿងថ្មីៗទេ នោះនៅពេលភាពយន្ដដែលបានសម្ដែងបញ្ចាំងអស់ គឺពិតជាមិនមានស្នាដៃថ្មីអណ្ដែតឡើងឡើយ៕
មតិយោបល់