ទទួលបានភាពលេចធ្លោក្នុងនាមជាពិធីករបន្តផ្ទាល់ក្នុងកម្មវិធី”Komsan Talkshow”បានតែ៥សប្ដាហ៍ ពិធីករហង្សមាសលោក នាង វ៉ាងសាន់ ត្រូវបានប្រកាសថាលោកត្រូវបានរងសម្ពាធឲ្យឈប់ពីកម្មវិធីបន្តផ្ទាល់នេះហើយ។ លោកបង្ហាញអារម្មណ៍សោកសា្ដយ ក្រោយពីចរចារជាមួយស្ថាប័នដើម ហើយនៅតែមិនមានចម្លើយផ្ដល់ការអនុញ្ញាតិ។
លោក នាង វ៉ាងសាន់ និយាយថាក្នុងនាមជាពិធីករលោកបានកុងត្រាជាមួយហង្សមាសក្នុងរយៈពេលច្រើនឆ្នាំ តែលោកមិននឹកស្មានថាហង្សមាសមិនអនុញ្ញាតិឲ្យលោកចេញមុខសូម្បីតែក្នុងកម្មវិធីដែលផ្សាយផ្ទាល់លើផេកនោះទេ ទើបលោកទទួលការងារក្នុងកម្មវិធី”Komsan Talkshow”ជាមួយអ្នកនាងលី ម៉ារីណា។ ក្នុងពេលចេញមុខ៥សប្ដាហ៍កន្លងមក លោកថាប្រហែលជាខាងហង្សមាសមិនបានឃើញទើបមិនមានបម្រាម គឺទើបតែក្នុងកិច្ចសម្ភាសន៍ជាមួយកញ្ញា ដេនី ក្វាន់ ទើបខាងហង្សមាសបានឃើញ ហើយហៅទៅប្រាប់ឈប់ឲ្យទទួលធ្វើតែម្ដង។ មុនកាន់កម្មវិធីលោកថា មិនបានសុំការអនុញ្ញាតិពីខាងហង្សមាសនោះទេ ដោយសារក្នុងលក្ខណ្ឌកុងត្រា គឺខាងហង្សមាសបានប្រាប់លោកត្រឹមថាមិនឲ្យចេញមុខក្នុងកម្មវិធីរបស់ទូរទស្សន៍ផ្សេងៗ។ យ៉ាងណាមិញលោកថាបម្រាមរបស់ហង្សមាសមិនខុសនោះទេ ដោយសារកម្មវិធី”Komsan Talkshow” មានលក្ខណៈមិនខុសពីកម្មវិធីទូរទស្សន៍ និងទទួលបានការចាប់អារម្មណ៍ខ្លាំងចាប់តាំងពីបើកដំណើរការ ដែលធ្វើឲ្យប៉ះពាល់ដល់កុងត្រាជាមួយហង្សមាសប្រាកដមែន។ លោកថាហង្សមាស បានបញ្ជាក់ប្រាប់លោកជាថ្មីមិនឲ្យទទួលការងារដែលមានលក្ខណៈបន្តផ្ទាល់នោះទេ ដោយសារតែខាងហង្សមាសក៏មានផេកផ្ទាល់ខ្លួននោះដែរ ដែលមិនអាចឲ្យបុគ្គលិកកុងត្រាទទួលធ្វើកម្មវិធីបន្តផ្ទាល់លើផេកណាផ្សេងបាន ដោយសារហង្សមាសក៏មានផេករបស់ខ្លួន។ លោកថាជារឿងសោកស្ដាយ ដែលលោកចេញមុខក្នុងកម្មវិធី”Komsan Talkshow” បាន៥សប្ដាហ៍ទៅហើយ ក៏ត្រូវបាត់មុខ ខណៈដែលលោកទទួលស្គាល់ថាមហាជនកាន់តែស្គាល់លោកច្រើនឡើងក្រោយពីបានចេញមុចក្នុងកម្មវិធីនេះ។
យោងតាមការបង្ហើបពីអ្នករៀបចំកម្មវិធីបានអះអាងថា អវត្តមានរបស់លោក នាង វ៉ាងសាន់ នឹងត្រូវជំនួសដោយអតីតពិធីការិនីម្នាក់ ដែលបច្ចុប្បន្នគឺជាតារាចម្រៀងល្បី។ នៅសប្ដាហ៍នេះកម្មវិធី “Komsan Talkshow” នឹងត្រូវផ្លាស់ម៉ោងផ្សាយទៅកាន់ថ្ងៃសុក្រ វេលាម៉ោង៦ និង ៣០នាទីវិញ ដើម្បីឲ្យតារាកិត្តិយសវ័យក្មេង និងពិសេសមួយរូបមានលទ្ធភាពបានចូលសម្ភាស៕
មតិយោបល់