ព័ត៌មានសិល្បៈ និងកម្សាន្ត

ទឹម រដ្ឋា ឆ្លេឆ្លាមុនការជម្រុះ១០នាក់ ក្នុងព្រឹត្តិការណ៍ប្រកួតតារាម៉ូដែល២០១៧

ក្នុងព្រឹត្តិការណ៍ប្រកួតតារាម៉ូដែលឆ្នាំ២០១៧របស់ក្លិប GL វគ្គជម្រុះ១០នាក់កាលពីយប់ថ្ងៃទី១៤ កក្កដា គេចាប់អារម្មណ៍ថា កញ្ញា ទឹម រដ្ឋា ឆ្លេឆ្លាពេញទំហឹង ដោយមិនមែនអង្គុយរង់ចាំតែដាក់ពិន្ទុដល់បេក្ខជនបេក្ខនារីដូចគណកម្មការផ្ដល់ពិន្ទុ៣រូបទៀតរួមមានលោកអ៊ុន សុធា នោះទេ។ កញ្ញាត្រូវគេឃើញទៅដល់ពិធីតាំងពីច្រើនម៉ោងមុន ដោយត្រូវមើលខុសត្រូវបេក្ខជនបេក្ខនារីតាំងពីការតែងមុខ ស្លៀកពាក់ កែទឹកមុខ កែដំណើរ និងមើលក្រឡាដើរជាដើម។

ទឹម រដ្ឋា និយាយថា ខុសពីគេគ្រាន់តែជាគណកម្មការនាងត្រូវទទួលខុសត្រូវលើការបង្វឹកអ្នកប្រកួតបន្ថែមមួយទៀត ទើបនាងត្រូវចំណាយពេលវេលាតាំងពីការហ្វឹកហាត់ និងត្រៀមរាល់ពេលមុនប្រកួត ដើម្បីឲ្យសិស្សរបស់នាងបង្ហាញខ្លួនបានល្អ។ ដ្បិតតែនេះជាការប្រកួត ដើម្បីចាប់កំហុសយកអ្នកខ្វះសមត្ថភាពទម្លាក់ចេញពីកម្មវិធី តែកញ្ញាប្រាប់ថានាងក៏ត្រូវបំពេញតួនាទីជាគ្រូបង្វឹកដែលតាមកែចំណុចអវិជ្ជមានរបស់អ្នកប្រកួតផងដែរ ដើម្បីឲ្យការប្រកួតជ្រើសរើសម៉ូដែលប្រចាំក្លិបGL ក្នុងឆ្នាំនេះទទួលបានអ្នកមានសមត្ថភាពខ្ពស់។ នាងនិយាយថា ការពិតការប្រឡងតែពេលបង្វឹកហើយ គឺតម្រូវឲ្យបេក្ខជនបេក្ខនារីប្រកួតគ្នាដើម្បីជម្រុះចោលអ្នកចាប់មិនជាប់នូវការបង្រៀនហើយ តែមកពីនាងចង់ឲ្យអ្នកធ្លាក់ក៏អស់ចិត្ត ហើយអ្នកជាប់ក៏កាន់តែមានមោទនភាព ទើបខំចំណាយពេលឆ្លេឆ្លាច្រើនម៉ោងជាមួយនឹងបេក្ខជនបេក្ខនារី នៅមុនការប្រកួតជម្រុះ១០នាក់ចាប់ផ្ដើមកាលពីយប់ថ្ងៃទី១៤ ខែកក្កដា។

លោកប៊ុន ខេវិន អ្នកគ្រប់គ្រងទូទៅប្រចាំក្លិបGL និងជាគ្រូបង្វឹកបេក្ខជនបានអះអាងថា នេះជាការប្រកួតតារាម៉ូដែលទ្រង់ទ្រាយធំប្រចាំក្លិបGL ដើម្បីជ្រើសរើសអ្នកដើរម៉ូដអាជីពប្រចាំឆ្នាំ២០១៧។ លោកថាការប្រកួតមួយនេះត្រូវបានជម្រុះអ្នកប្រកួតតាំងពីជាង១០០នាក់មកនៅត្រឹម៣០នាក់ និងទើបជម្រុះ១០នាក់បន្ថែមទៀតកាលពីយប់ថ្ងៃ១៤ កក្កដា។ លោកថាការប្រកួតនេះនឹងបន្តជម្រុះឲ្យសល់តែប្រុស៣ស្រី៣ប៉ុណ្ណោះនៅវគ្គចុងក្រោយ តែដោយសារតែទឹម រដ្ឋា ត្រូវដើរតួជាគ្រូបង្វឹកផងទើបនាងត្រូវចំណាយពេលច្រើនក្នុងការកែបញ្ហាខុសឆ្គងរបស់បេក្ខជនបេក្ខនារីរាល់ពេលមុនការប្រកួតចាប់ផ្ដើម។

ក្នុងព្រឹត្តិការណ៍ជម្រុះនាយប់នោះ ក៏មានការសម្ដែងពិសេសរបស់ក្រុមកំប្លែងយ៉េយ៉េ ធ្វើឲ្យកក្រើកក្លិបGL ផងដែរ៕

មតិយោបល់