បាត់មុខពីអាជីពពិធីការិនីនៅCTN អស់រយៈពេលច្រើនឆ្នាំ អតីតតារាល្បីឈ្មោះធ្មេញជំពើស ផូ មុន្នីពៅ លេចមុខគួរឲ្យភ្ញាក់ផ្អើលក្នុងសភាពពរពោះ។ នាងនឹងសម្រាលកូនដំបូងនៅលើទឹកដីបារាំង ក្នុងពេលដ៏ខ្លី ខណៈដែលអ្នកនាងប្រកាសថាជីវិតគឺមានសុភមង្គលជាមួយស្វាមីក្រោយពីចេញពីកម្ពុជាទៅរស់ទីនោះតាមប្ដី ដោយលែងនឹកស្ដាយការងារសិល្បៈ។
ឆ្លើយឆ្លងជាមួយសារព័ត៌មាន Post News ពីប្រទេសបារាំង អ្នកនាង ផូ មុន្នីពៅ និយាយថា អ្នកនាងបានចេញទៅរស់នៅទឹកដីបារាំងជាមួយស្វាមីរយៈពេលមួយឆ្នាំកន្លះមកហើយ ដោយអ្នកនាងរស់នៅតំបន់ Nantes នាភាគខាងលិចទីក្រុងប៉ារីស នៅក្បែរមាត់សមុទ្រ។ អ្នកនាងថានៅក្នុងទឹកដីបារាំង អត់មានធ្វើការងារអ្វីក្រៅពីស្ត្រីមេផ្ទះនោះទេ ដោយសារតែស្វាមីរបស់អ្នកនាងគឺជាមន្ត្រីរដ្ឋាភិបាល ហើយមានលទ្ធភាពគ្រប់គ្រាន់មិនឲ្យនាងលំបាក។ នាងកំពុងពរពោះកូនប្រុសរយៈ៧ខែនៅក្នុងពេលនេះ ដោយតាមគម្រោងនឹងត្រូវសម្រាលក្នុងរយៈពេល២ខែខាងមុខ។ តាំងពីរៀបការហើយ អ្នកនាងថាមិនបានរស់នៅប្រទេសកម្ពុជាជាប់លាប់ទេ គឺចេញក្រៅប្រទេសរហូត ដោយសារតែស្វាមីរបស់អ្នកនាងគឺជាមន្ត្រីទូតហើយមានបេសកកម្មច្រើន ក្រោយពីចប់ការងារនៅក្នុងប្រទេសកម្ពុជា តាមរយៈការចាត់តាំងរបស់រដ្ឋាភិបាលបារាំង។ អ៊ីចឹងហើយទើបអ្នកនាងសម្រេចចិត្តមិនទាន់យកកូនតាំងពីពេលរៀបការ ដោយទើបតែសុខចិត្តពរពោះកូនដំបូង ក្នុងពេលស្វាមីទៅធ្វើនៅក្នុងប្រទេសកំណើត។
អ្នកនាងថា ខ្លួន និងស្វាមី សប្បាយចិត្តដោយសារតែកូនដំបូងគឺជាកូនប្រុសដែលសូម្បីតែឪពុកម្ដាយក្មេកក៏ស្រលាញ់ស្ទើរលេប។ អ្នកនាងមិនមានគម្រោងវិលចូលសិល្បៈវិញទេ នឹងឡើងចុះស្រុកខ្មែរ២ទៅ៣ដងក្នុងមួយឆ្នាំ នៅអំឡុង២ឆ្នាំក្រោយ។ អ្នកនាងថានឹករលឹកស្រុកខ្មែរ និងអាជីពជាពិធីការិនីខ្លាំងណាស់ ប៉ុន្តែប្រហែលឱកាស និងពេលវេលាមិនអាចឲ្យអ្នកនាងបកក្រោយនោះទេ ទើបអ្នកនាងយល់ថាខ្លួននឹងត្រូវរស់ក្រៅស្រុកជារៀងរហូត ច្រើនជាងរំពឹងថាបានត្រឡប់មករស់នៅក្នុងស្រុក៕
មតិយោបល់