កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួច បានប្រាប់ Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានម៉ូតូមួយគ្រឿងជិះឌុបគ្នា២នាក់ ក្នុងល្បឿនលឿនជ្រុលទៅបុក គូថរថយន្តគេនៅខាងមុខពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទី រសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៩០-៩១ ភូមិទី៤ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហុង សុខហឿន ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិទី៦ ឃុំត្រែងត្រយឹង និងម្នាក់ទៀតរងរបួសធ្ងន់ឈ្មោះ រិទ្ធ គុណនី ភេទប្រុស អាយុ២១ឆ្នាំ ។
មុនពេលកើតហេតុគេឃើញ ម៉ូតូមួយគ្រឿង ម៉ាកវ៉េវអេស ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះឌុបគ្នាដោយយុវជន២នាក់ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចខាងលើ ក៏បានបុកគូថរថយន្តមិនស្គាល់ម៉ាក ចំពីក្រោយពេញទំហឹង ដែលកំពុងបើកបរទិសស្របគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ និងអ្នកជិះពីក្រោយរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះកងពល៣១ប្រចាំពេជ្រនិល ដឹកយកទៅមន្ទីរពេទ្យ។ ចំណែកម៉ូតូខូចខាតធ្ងន់ រីរថយន្តបានបើករត់គេចខ្លួនទៅទិសខាងលិចបាត់ស្រមោលតែម្តង៕
មតិយោបល់