ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ ខេនឌី ប្រកាសថាកូនក្នុងផ្ទៃជាអ្នកសម្រេច

ក្នុងពិធីខួបកំណើតគម្រប់វ័យ៣២ឆ្នាំ កាលពីយប់ថ្ងៃទី១៧ កក្កដា អតីតតារាសម្ដែង អ្នកនាងពេជ្រ ខេនឌី ដែលត្រូវគេស្គាល់ថាជាម្ចាស់ជំនួញក្រោយពីមានស្វាមីជាមន្ត្រីចិននោះ បានអះអាងថាកូនក្នុងផ្ទៃដែលអ្នកនាងពរពោះជិត៦ខែគឺជាដំណក់ឈាមតែមួយគត់ ដែលមានឥទ្ធិពលក្នុងការកំណត់នូវការសម្រេចចិត្ត។ អ្នកនាងក៏ហាក់ភ័យអរៗ ជាមួយកំណើតកូនទី៣នេះផងដែរ។

អ្នកនាង ពេជ្រ ខេនឌី និយាយថាបើគិតពីរឿងអ្នកនាងបង្កើតកូនដំបូងដោយមិនសូវមានអ្នកដឹង គឺកូនក្នុងផ្ទៃជាកូនទី២ ដែលមានមហាជនបានដឹង បន្ទាប់អ្នកនាងទើបនឹងសម្រាលបានកូនប្រុសទី២បានអាយុមួយឆ្នាំ។ អ្នកនាងសម្រេចចិត្តយកកូនភ្លាមៗ ដោយសារតែចង់បានកូនស្រី ដែលអ្នកនាងប្រកាសថាឲ្យតែបានកូនស្រីដូចការចង់បាន នោះអ្នកនាងនឹងឈប់ពរពោះតែម្ដង។ អ្នកនាងថាក្រោយមានកូនប្រុស២នាក់ អ្នកនាងកាន់តែមានអារម្មណ៍ចង់បានកូនស្រី រហូតដល់កូនក្នុងផ្ទៃមានអាយុជិត៦ខែទៅហើយ នៅមិនទាន់ហ៊ានពិនិត្យអេកូនោះផង។ អ្នកនាងនិយាយថានឹងរង់ចាំរហូតដល់៦ខែពេញ ឬអាចលើសនេះទើបអ្នកនាងសម្រេចចិត្តអេកូ ដើម្បីឲ្យច្បាស់ថាអ្នកនាងមានកូនប្រុសឬ កូនស្រី ដែលជាក្ដីស្រម៉ៃ។ អ្នកនាងប្រកាសត្រៀមចិត្តរួចហើយ ប្រសិនបើកូនក្នុងផ្ទៃនៅតែប្រុសម្ដងទៀត។ ប៉ុន្តែប្រសិនបើដូច្នេះមែន គឺអ្នកនាងនឹងបន្តយកកូនទី៤ ទី៥ទៀតភ្លាម ដើម្បីឲ្យមានកូនស្រី។ អ្នកនាងមិនបញ្ជាក់ថា នឹងសម្រេចយកកូនចំនួនប៉ុន្មាន ទើបនឹងឈប់យកនោះទេ ដោយអ្នកនាងគ្រាន់តែមានគម្រោងពរពោះរហូតទទួលបានកូនស្រី។ អ៊ីចឹងហើយ ទើបអ្នកនាងប្រកាសថាកូនក្នុងផ្ទៃគឺអ្នកសម្រេចមួយដ៏ធំថាតើអ្នកនាងនឹងបញ្ឈប់ពរពោះត្រឹមកូន១នេះ ឬបន្តយកកូនទី៤ទី៥ទៀត។ អ្នកនាងនៅតែរំពឹងថាកូនក្នុងផ្ទៃនឹងជាកូនស្រីតាមក្ដីស្រម៉ៃ ដោយសារតែអ្នកនាងយល់សប្តីថាជាកូនស្រីភាគច្រើបចាប់តាំងពីកូនមកចាប់កំណើត។

ក្នុងពិធីខួបកំណើតរបស់អ្នកនាងត្រូវគេឃើញមានតារាបង្ហាញខ្លួនមិនច្រើននោះទេ តែមានភ្ញៀវកិត្តិយសជាម្ចាស់ក្រុមហ៊ុន និងជាអ្នកជំនួញភាគច្រើន។ តារាដែលបានបង្ហាញខ្លួនក្នុងពិធីរបស់នាង រួមមាន លោកញ៉ែម សុគន្ធ អ្នកនាងផាភួង លោកពិន សុធិន លោកហេង ពិសិដ្ឋ និង តារាជើងចាស់មួយចំនួន។ អ្នកនាងនិយាយថាទោះពិធីដែលបានធ្វើឡើងត្រូវបានរៀបចំនៅក្នុងខុនដូទំនើបនៅក្បែកោះពេជ្រ និងប្រើសុទ្ធតែអាហារប៊ុហ្វេមកពីភោជនីយដ្ឋានកាលីព ប៉ុន្តែសម្រាប់ចំណាយត្រឹមតែ២ពាន់ដុល្លារ ខណៈដែលអ្នកនាងប្រាប់បើកុំតែថ្ងៃកំណើតត្រូវចំលេខ៧បីដងក្នុងឆ្នាំនេះ គឺអ្នកនាងពិតជាមិនធ្វើទេ ដោយអះអាងអ្នកនាងស្ដាយលុយ៕

https://youtu.be/IfjLwRpVTjA

មតិយោបល់