យុវវ័យសព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានសង្កេតឃើញថា ពួកគេនិយមរៀបចំពិធីខួបកំណើតយ៉ាងអធឹកអធម វាសឹងតែអាចប្រៀបប្រដូច ទៅនឹងពិធីរៀបមង្គលការធម្មតាទៅហើយ ព្រោះពួកគេបានរៀបចំបោះសំបុត្រអញ្ចើញ និង រៀបចំពិធីនៅតាមហាងទំនើបដែលខ្លះមានលក្ខណៈជាពិធីខួបកំណើតយ៉ាងប្រណីក៏មាន។
ទាំងនេះគ្រាន់ជាមួយផ្នែក នៃការពេញនិយមរបស់យុវវ័យបច្ចុប្បន្នតែប៉ុណ្ណោះ ។ Ripple រឿងខ្លីដែលត្រូវបាន ចងក្រងឡើងជាសាច់រឿងទាំងមូល ចំពោះក្រុមគ្រួសារដែលមាន ជីវភាពលំបាក សឹងតែរកព្រឹកខ្វះល្ងាចតែពួកគេក៏ចង់ធ្វើខួបកំណើតដូចគ្នា ទើបអ្នកនិពន្ធមានគំនិតចង់សាង វណ្ណកម្មថ្មីមួយ ដើម្បីឲ្យអ្នកទស្សនាបានទស្សនា ហើយពួកចង់យកអាសានិង សាងអំពើល្អក្នុងថ្ងៃខួបកំណើតរបស់ខ្លួន។
អ្នកនិពន្ធបានបន្ថែមថា រឿងនេះគឺនិយាយអំពីបុរសម្នាក់ដែលចង់ឧទ្ទិសដល់ការប្រព្រឹត្ដទង្វើល្អ ដែលបាន ជំរុញឲ្យគាត់ចែកចាយដល់អ្នកជុំវិញខ្លួន។ អ្នកនិពន្ធនិយាយថា ”ទង្វើសប្បុរសអាចបង្កើតថ្ងៃល្អមួយ សម្រាប់នរណាម្នាក់បាន ព្រោះសម្រាប់គាត់វាជាពេលវេលាចុងក្រោយនៃជីវិត”។
គ្រប់គ្នា ជាពិសេសយុវវ័យគួរតែយល់ដឹងថា ពិធីខួបកំណើតជាការរំលឹកថ្ងៃដែលយើងបានឃើញពន្លឺថ្ងៃ ហើយថ្ងៃនោះដែរ គឺជាថ្ងៃអ្នកម្តាយរបស់យើង បានទទួលរងនូវការឈឺចាប់ផ្នែកផ្លូវកាយយ៉ាងខ្លាំង ដោយសារតែការពរពោះ ៩ខែ១០ថ្ងៃ ហើយត្រូវប្រឹងប្រែងយ៉ាងអស់ពីកម្លាំងកាយចិត្ត និងផ្សងគ្រោះថ្នាក់ ដូចជិះទូកឆ្លងទន្លេពេលមានព្យុះភ្លៀង ទម្រាំប្រសូតបានរូបកូនម្នាក់ៗមក។
ហេតុដូច្នេះ ការប្រើប្រាស់ពេលវេលាខួបកំណើត ទៅជាការកាត់នំ រាំច្រៀង និង ផឹកស៊ីយ៉ាងសប្បាយ រីករាយនោះ វាជាការប្រការមួយដែលមិនគួរគប្បីនោះឡើយ។ យើងគ្រប់គ្នាគួរណាស់ងាកមក ប្រារព្ធពិធីខួបកំណើត ដោយការរៀបចំអំណោយ ឬការបង្ហាញទឹកចិត្តស្រឡាញ់ដឹងគុណចំពោះ ឪពុកម្តាយ និង ការរៀបចំកម្មវិធីជួយសង្គម ដើម្បីបង្ហាញពីទឹកចិត្តស្រឡាញ់សង្គម ដែលផ្តល់មកវិញនូវ តម្លៃ និងកិត្តិយសធំធេងសម្រាប់ខ្លួនឯង និង ក្រុមគ្រួសារ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់