ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

មាស សុខសោភា ប៉ះប៊ុត សីហា លើឆាកផ្លូវការ

ភ្នំពេញៈ នៅល្ងាចថ្ងៃអាទិត្យទី២៤ កក្កដាស្អែកនេះ តារាចម្រៀងប្រចាំទ្រនំរៀងខ្លួនដែលសុទ្ធតែមានឈ្មោះបោះសំឡេង២រូប គឺ មាស សុខសោភា និងលោក ប៊ុត សីហា ត្រូវគេប្រកាសថា នឹងឡើងច្រៀងប៉ះគ្នាជាលើកដំបូងនៅលើឆាកតន្ត្រី។ នេះការប៉ះគ្នាដ៏កម្រសម្រាប់ឆាកន្ត្រីទូរទស្សន៍ ក្នុងពេលដែលកន្លងមកអ្នកទាំងពីរធ្លាប់បានឡើងឆាកជាមួយគ្នាដែរ តែគ្រាន់តែពិធីមង្គលការតូចៗនោះ។

ជំនួបរបស់តារាទាំងពីរនេះ ត្រូវបានប្រកាសថា នឹងត្រូវធ្វើឡើងនៅក្នុងវេទិកាតន្ត្រី Super Sunday Concert របស់ទូរទស្សន៍ PNN នាយប់ស្អែក ដែលកម្មវិធីតន្ត្រីនេះក៏ត្រូវគេមើលឃើញថាជាកម្មវិធីទាក់ទាញ និងមានប្រជាប្រិយខ្ពស់ផងដែរ ទើបអាចស្នើឲ្យតារាទាំងពីរឡើងប៉ះគ្នាបាន។ យោងតាមការបង្ហោះនៅលើហ្វេសប៊ុកបានអះអាងថា អ្នកទាំងពីរនឹងឡើងប៉ះគ្នាក្នុងឆាកតន្ត្រីមួយនេះ តែគេមិនបានប្រកាសថា មាស សុខសោភា និងលោកប៊ុត សីហា អាចនឹងបកស្រាយបទចម្រៀងរួមគ្នា ដូចដែលពួកគេធ្លាប់ច្រៀងជាមួយគ្នានៅក្នុងពិធីមង្គលការនោះទេ។

មានការប្រកាសថា មាស សុខសោភា ដែលជាតារាល្បីប្រចាំនៅក្នុងផលិតកម្មថោន នឹងច្រៀងបទថ្មីៗរបស់ខ្លួន ដែលជាប្រភេទនិពន្ធថ្មី មិនចម្លង ដែលរួមមានទាំងបទថ្មីៗ និងបទល្បីចាស់ៗនោះផង។ នេះជាការឡើងឆាកជាថ្មីរបស់នាង បន្ទាប់ពីតារាស្រីរូបនេះបានអវត្តមានលើឆាកទូរទស្សន៍អស់មួយស្របក់ធំមកហើយ ដោយសារតែមានទីផ្សារខាងក្រៅនៅរដូវប្រាំងនោះ។ ចំពោះលោកប៊ុត សីហា ដែលជាតារាល្បីរបស់ផលិតកម្ម Pleng Record ក្រោមដំបូលហង្សមាសវិញ ក៏គ្រោងនឹងយកបទថ្មីរបស់ខ្លួនមកធ្វើការបង្ហាញផងដែរ ប៉ុន្តែគេមិនទាន់ដឹងបទដែលលោកបកគឺជាប្រភេទបទនិពន្ធថ្មី ដូចគ្នានឹងមាស សុខសោភា នោះទេ។ អ្វីដែលដែលគេចាប់អារម្មណ៍គឺគ្រាន់តែដឹងថាលោកនឹងបកស្រាយបទចម្រៀងល្អ ដើម្បីឲ្យទាក់ទាញខ្លាំងក្នុងជំនួបលើកដំបូងលើកដំបូងជាមួយកញ្ញា មាស សុខសោភា នៅទូរទស្សន៍ PNN ល្ងាចស្អែក។

អ្នកតាមដាន ពីការប៉ះគ្នាលើឆាកតារាចម្រៀងល្បីទាំងពីរ ម្នាក់កំពុងអ៊ុតមើលថាតារាណាម្នាក់ទទួលបានការគាំទ្រនៅក្នុងកម្មវិធី «Super Sunday» របស់PNN។ កម្មវិធីនេះ ត្រូវបានប្រកាសថានឹងផ្សាយផ្ទាល់នៅថ្ងៃទី២៤ កក្កដា ចាប់ពីវេលាម៉ោង៧ដល់ម៉ោង៩យប់។ ក្រៅពីតារាទាំងពីរក៏មានវត្តមានកញ្ញា ច័ន្ទ ម៉ាលីស លោក សុគន្ធ ដេវីដ តារាកំប្លែងយាយយ៉យ និងយាយអឿនផងដែរ ទើបរឹតតែរំពឹងថាវត្តមានបង្ហាញខ្លួនដ៏កម្ររវាងមាស សុខសោភា និងប៊ុត សីហា នឹងធ្វើឲ្យកំរើកការចាប់អារម្មណ៍សម្រាប់ថ្ងៃស្អែក៕

មតិយោបល់