យោងតាមបញ្ជាក់ដោយផ្ទាល់មាត់ពីលោក ឃីម ហ្សានីត ដែលត្រូវគេស្គាល់ថាជាម្ចាស់ជ័យលាភីលេខ៣ ក្នុងការប្រកួតបុរសឯកអន្តរជាតិ Mister United Contenent 2016 នៅប្រទេសហ្វីលីពីន បានអះអាងថាលោកសម្រេចចូលធ្វើប៉ូលិសជាផ្លូវការហើយ បន្ទាប់ពីបានប្រលងជាប់ ហើយតម្រូវឲ្យលោកទៅហ្វឹកហាត់ឲ្យក្លាយជាប៉ូលិសពេញសិទ្ធិ។ លោកប្រកាសដើរចេញពីការសិល្បៈយ៉ាងហោច៣ខែ ដោយអះអាងថាដរាប ណាការហ្វឹកហាត់ជំនាញប៉ូលិសរបស់លោកមិនទាន់បានបញ្ចប់។
លោកហ្សានីត និយាយ បើទោះជាការងារ សិល្បៈ កាន់តែមានការបោះជំហាន ឈានឡើង ក៏លោកត្រូវតែសម្រេចចិត្ត សុំផ្អាកមួយរយៈ ក្រោយពីលោកចូល ប្រលងធ្វើប៉ូលិសហើយជាប់ ដែលលោក ប្រកាសថាគឺជាក្ដីស្រម៉ៃមួយ។ លោកថា អាជីពប៉ូលិស គឺ លោកស្រលាញ់ជាយូរ មកហើយ ទើបគ្រាន់តែបានជាប់ភ្លាម ក៏ទទួលដោយពេញចិត្តតែម្ដងដោយសុខចិត្តទាំងមិនទទួលថតរឿងជាតួឯក ក្នុងរឿងភាគទូរទស្សន៍ និងភាពយន្តខ្នាតធំរឿង«អាគមស្បែកដាច» ដែលសុទ្ធតែជារឿងធ្វើឲ្យលោកលេចធ្លោ។ តួប្រុសក្នុងរឿង«មានតែអូន»របស់ប៉ុស្តិ៍លេខ៩រូបនេះ សម្ដែងអារម្មណ៍សោកស្ដាយ ដែលមានផលិតករជាច្រើនផ្ដល់ឱកាសឲ្យធ្វើតួឯក បែរជាលោកសុំមិនសម្ដែង វិញ ដើម្បីយកពេលទៅហាត់ប៉ូលិស ជាមន្ត្រីនគរបាលពេញសិទ្ធិ។ លោកប្រកាសបន្សាំខ្លួននៅក្នុងបន្ទាយនៅវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ នគរបាលនៅដីឥដ្ឋហួសកៀនស្វាយ រហូតដល់៣ខែ។
លោកនិយាយថា លោកបានប្រលងធ្វើប៉ូលិសតាំងពីខែ៧ ឆ្នាំ២០១៦ ប៉ុន្តែមកពីមិនទាន់ដល់ឈ្មោះត្រូវបញ្ជូនឲ្យទៅហ្វឹកហាត់ទើបលោកមិនដែលប្រកាសជាសាធារណៈ។ លោកនឹងក្លាយជាមន្ត្រីនគរបាលរបស់ក្រសួងមហាផ្ទៃពេញសិទ្ធិក្រោយការហ្វឹកហាត់ ដោយក្នុងពេលនោះក៏នឹងទទួលសម្ដែងឲ្យពេញទំហឹងទន្ទឹមគ្នាដែរ ដោយសារតែអះអាងថាក្នុងពេលពេញសិទ្ធិ គឺអាចឆ្លៀតពេលទទួលថតបាន។ យ៉ាងណាមិញលោកថា ក៏បានទទួលថតរហូតប៉ះពាល់ការងារនោះដែរ ក្នុងពេលដែលលោកក៏ត្រូវបម្រើការជាមន្ត្រីប៉ូលិសជាតួនាទីចាំបាច់ផងដែរ។ ក្មុងអំឡុងពេលហ្វឹកហាត់៣ខែនេះ លោកប្រកាសទទួលថតស្ពតសម្រាប់សៅរ៍អាទិត្យ តែសម្រាប់ការងារសម្ដែងគឺមិន ទាន់ទទួលទេដោយស្នើឲ្យផលិតករធ្វើយោគយល់៕
មតិយោបល់