ព័ត៌មានសិល្បៈ និងកម្សាន្ត

ញឹម សួនសោភាទេពី ប៊ិះធ្លាក់ទាំងរន្ធត់ !

ផ្ទុយពីសប្ដាហ៍កន្លងទៅ ដែលបេក្ខនារី Cambodian Idol រដូវកាលទី៣ ញឹម សួន សោភាទេពី ទទួលបានប្រជាប្រិយភាពលប់លើបេក្ខជនបេក្ខនារីផ្សេងទៀតនោះ ការប្រឡងក្នុងវគ្គ Live Show សប្ដាហ៍ទី៣ កាលពីថ្ងៃទី២៣ កុម្ភៈ នាងបែរជាក្លាយជាបេក្ខនារីប៊ិះធ្លាក់ទៅវិញ។ ទាំងសាមីខ្លួន និងអ្នកគាំទ្រសុទ្ធតែក្ដុកក្ដួល និងប្រហោងពោះមិនតិចនោះទេ មុនពេលមានការប្រកាសលទ្ធផល ខណៈដែលបេក្ខជនមួយបូរិទ្ធ ជាទាហានមកពីខេត្តព្រះវិហារ ដែលសល់តែ២នាក់ជាមួយនាង នៅចុងការប្រកួតនោះ ក៏ត្រូវអ្នកលេងហ្វេសប៊ុកថា នឹងជាប់ៗច្រើនជាងដាក់ឈ្មោះរបស់នាង។ នេះជាសប្ដាហ៍ទី១ ដែលបេក្ខនារីមកពីរាជធានីភ្នំពេញរូបនេះ រន្ធត់ចិត្តជាងគេ ហើយបើទោះជានាងបានជាប់ឆ្លងទៅវគ្គ Live Show សប្ដាហ៍ទី៤ ក៏ទិដ្ឋភាពដែលនាងបានជួបកាលពីយប់មិញ គឺជារឿងដ៏រន្ធត់មុន ប៊ិះនឹងធ្វើអោយនាងគាំងបេះដូង ព្រោះតែការភិតភ័យ។

ក្នុងសប្ដាហ៍ទី៣នេះ នាងត្រូវគេដាក់វិញ្ញាសារអោយច្រៀងបទ«កូនប្រសារធ្វើស្រែម៉ែមិនពេញចិត្ត» ដែលជាបទរដឺនពិបាកច្រៀង ទើបធ្វើអោយនាងទទួលបានសំឡេងសារពីអ្នកគាំទ្រ មិនខ្លាំងដូច២សប្ដាហ៍កន្លងទៅ។ យ៉ាងណាមិញ នាងនៅតែធ្វើបានល្អ និងទទួលបានការសរសើរពីគណកម្មការទាំង៤រូបដដែល ដ្បិតថាការបកស្រាយចម្រៀងរបស់នាងនៅក្នុងថ្ងៃនោះ ធ្វើគេមើលឃើញពីភាពខ្លាំងរបស់នាងតិចជាងមុន។ ញឹម សួនសោភាទេពី តនឹងកាន់តែស្ថិតក្នុងការប្រកួតប្រជែងកាន់តែតានតឹង ក្នុងចំណោមបេក្ខជនបេក្ខនារីដែលនៅសល់ទាំង៩ ក្នុងពេលដែលអ្នកគាំទ្រ ដ្បិតថាបានធូរចិត្តក្រោយនាងត្រូវប្រកាសថាបានជាប់ក្នុងសប្ដាហ៍ទី៣ ប៉ុន្តែក៏នៅតែបន្តជូនពរកុំអោយនាងស្ថិតនៅ២នាក់ចុងក្រោយជាថ្មីម្ដងទៀត សម្រាប់ការប្រកាសលទ្ធផលនៅសប្ដាហ៍ទី៤។

គួរបញ្ជាក់ថា ញឹម សួនសោភាទេពី គឺជាបេក្ខភាពមកពីរាជធានីភ្នំពេញ ដែលមានគ្រឹះសិល្បៈបុរាណតាំងពីវ័យក្មេង។ នាងជាសិស្សរបាំបុរាណ និងចម្រៀងប្រពៃណី នៅសាលាវិចិត្រសិល្បៈ ដែលអាចបកស្រាយបទសម័យបានពិរោះ និងអាចរាំបានយ៉ាងរស់រវើកផង ដែលកម្រមានសិល្បការិនីវ័យក្មេងណាធ្វើបាន ទើបទិដ្ឋភាពប៊ិះធ្លាក់ដែលបានកើតឡើងចំពោះនាងកាលពីយប់មិញ គឺជារឿងបុកពោះមួយរបស់អ្នកគាំទ្រនាង៕

https://youtu.be/t3BIbqP-0Ps

មតិយោបល់