ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង«វិកលចរិត»កាន់តែរោលរាល ក្រោយផ្ទុះដំណឹងផលិតករវ័ណ្ឌកបំណុល

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកហ៊ុយ យ៉ាងឡេង ផលិតកររឿង«វិកលចរិត»ប្រកាសថាខ្លួន នឹងអត់លទ្ធភាពសងបំណុល បើថវិកាដែលខ្ចីគេយកមកផលិតរឿង មិនត្រូវបានដើមត្រលប់មកវិញ។ នៅលើហ្វេសប៊ុកគេឃើញប្រធានបទខាតដើម និងបញ្ហាជាប់បំណុលរបស់ផលិតកររឿងនេះ ដុតរោលអារម្មណ៍មហាជន ជាពិសេសគឺតារាសិល្បៈយ៉ាងខ្លាំង ខណៈដែលក្រុមអ្នកលេងហ្វេសប៊ុក បានបង្ហោះស្នើឲ្យគាំទ្ររឿង«វិកលចរិត»យ៉ាងចម្លែក ដើម្បីឲ្យជួយសង្គ្រោះផលិតករ។

នៅលើហ្វេសប៊ុកតាំងពីរសៀលថ្ងៃ៧ ធ្នូ គេឃើញមានការបង្ហោះបំផុសឲ្យជួយគាំទ្រ ដល់រឿង«វិកលចរិត»យ៉ាងខ្លាំង អមដោយសំណេរហួសចិត្ត ដែលរឿងមានគុណភាពមួយនេះ មិនសូវមានអ្នកទិញសំបុត្រ ចូលទស្សនាហើយបណ្ដាលឲ្យផលិតករ ប្រឈមវ័ណ្ឌករបំណុលច្រើនម៉ឺនដុល្លារ ដោយសារតែខ្ចីគេយកមកផលិតរឿង។ ផលិតករបានអះអាងថាដើមទុនផលិតរឿង«វិកលចរិត»គឺ៤៥០០០ដុល្លារ ជាថវិកាលក់របស់ទ្រព្យ និងខ្ចីបុលគេដោយសារតែ ស្រឡាញ់វិស័យផលិតកុនពេក។ ក្រោយស្ថានភាពភ្ញាក់ផ្អើលពេល ក្នុងហ្វេសប៊ុកគេឃើញអ្នកទស្សនា មានចំនួនកើនឡើងនៅតាមរោងកុន ដែលធ្វើឲ្យផលិតករ មានកម្លាំងចិត្តជាងមុន បើទោះស្ថិតិអ្នកចូលទស្សនា នៅតិចជាងរឿង«កំណត់ហេតុនាងនាថ»នៅឡើយ។

លោកហ៊ុយ យ៉ាងឡេង សារភាពថាក្រោយមានការភ្ញាក់ផ្អើល លោកកត់សម្គាល់ថាខ្សែរឿង«វិកលចរិត»មានអ្នកទស្សនាជាងមុន ខណៈដែលខាងម្ចាស់រោង ក៏ប្រកាសថានឹងផ្ដល់ឱកាសឲ្យរឿងរបស់លោកដាក់បញ្ចាំងដល់ថ្ងៃអាទិត្យ ដើម្បីឲ្យលោកមានឱកាសស្រង់ដើម ដែលសុទ្ធតែជាប្រាក់បំណុលយកមកផលិតរឿង។ លោកមានការរំពឹងជាងមុនថា ទម្រាំតែដល់ថ្ងៃអាទិត្យ គឺដើមទុន៤៥០០០ដុល្លារ ដែលបានចំណាយថតនឹង ស្រោចស្រង់បានច្រើន បើទោះមិនទាន់រំពឹងថារួចខ្លួន ឬចំណេញ។ លោកទទូចឲ្យគាំទ្ររឿង ដែលមានរសជាតិភ័យរន្ធត់ និងបែបអាថ៌កំបាំងនេះ ដោយសារតែលោកបញ្ជាក់ថា នេះជារឿងដែលផលិតឡើងដើម្បីប្រកួតប្រជែងទីផ្សារភាពយន្ត ប៉ុន្តែបែរជាមិនសូវទទួលការចាប់អារម្មណ៍ ពីក្រុមយុវវ័យ មុនពេលមានការទទូចពីអ្នកលេងហ្វេសប៊ុក។ លោកថាបើរឿងនេះបានដើមនោះ លោកនឹងរួចបំណុលបានច្រើន តែបើខាតគឺបំណុលទាំងថ្លៃផលិតរឿង និងថ្លៃខ្ចីរបស់គេទិញសម្ភារៈថតកុនយកមក គឺពិតជាគ្មានលទ្ធភាពដោះរួច។

ក្រុមតារាសិល្បៈ និងផលិតករច្រើនឡើង បានទទូចឲ្យជួយគាំទ្ររឿងនេះ ពីសំណាក់មហាជន ខណៈដែលក្រុមតារាមួយ ក្រុមក៏ត្រូវគេឃើញដាក់វេណគ្នាទៅគាំទ្រ និងបំផុសឲ្យជួយគាំទ្រ៕

មតិយោបល់