ព័ត៌មានសិល្បៈ និងកម្សាន្ត

យុគ ចិន្តា បន្តដើរលេងនៅសិង្ហបុរី ក្រោយកូនស្រីឈ្នះមេដាយមាស

មានការអបអរយ៉ាងខ្លាំង បន្ទាប់ពីកូនស្រីរបស់អ្នកនាងយុគ ចិន្តា និងបេក្ខភាពពីកម្ពុជាចំនួន១៥នាក់ផ្សេងទៀតទទួលបានមេដាយមាសពីការប្រកួតចម្រៀងនិងតន្ត្រី ក្នុងព្រឹត្តិការណ៍ Asian Pacific Arts Festival នៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៤ ខែកក្កដា មុននេះ។ ជាមួយនឹងមោទនភាពនេះ អ្នកនាងយុគ ចិន្តា ដែលមានកូនស្រីទទួលបានមេដាយមាសមួយរូបដែរ បានប្រកាសថា មិនទាន់ត្រឡប់មកកម្ពុជាភ្លាមៗនៅល្ងាចថ្ងៃទី២៥ ខែកក្កដានេះទេ ដោយអ្នកនាងនឹងបន្តនាំកូនស្រីដើរលេងនៅក្នុងប្រទេសសិង្ហបុរីឲ្យសប្បាយចិត្តបន្ថែមទៀតសិន ដើម្បីឲ្យនាងកាន់តែសប្បាយចិត្ត។ យ៉ាងណាមិញអ្នកនាងថាគម្រោងបន្តដើរលេងក្រោយពេលបញ្ចប់ការប្រកួតប្រជែងនេះ មិនមែនទើបតែកើតមានឡើងក្រោយពីកូនស្រីបានឈ្នះមេដាយមាសនោះទេ ប៉ុន្តែមកពីកូនស្រីរបស់អ្នកនាងទទួលបានស្នាដៃល្អពីព្រឹត្តិការណ៍នេះបន្ថែមទៀត ទើបអ្នកនាងកាន់តែសប្បាយចិត្តបន្តដំណើរកម្សាន្តជាលក្ខណៈគ្រួសារនៅទីនោះ។

ថ្លែងពីប្រទេសសិង្ហបុរី អ្នកនាងនិយាយថា មិនទាន់ចុះមកវិញជាមួយនឹងក្រុមការងារប្រឡងដែលដឹកនាំដោយលោកសូ ស្រណោះ នោះទេ ដោយអាចរង់ចាំរហូតដល់ថ្ងៃ២៧ ខែកក្កដាយ៉ាងតិច ទើបនាងត្រលប់មកវិញ។ អ្នកនាងថាកូនស្រីទើបតែឈ្នះមេដាយមាស ដូច្នេះត្រូវធ្វើឲ្យកូនស្រីសប្បាយចិត្តសិន ដោយអ្នកនាងប្រកាសថាបើកូនស្រីចង់ធ្វើអីទៅដើរលេងឯណា ឬចង់បានអីនៅក្នុងដំណើរកម្សាន្តនៅក្នុងប្រទេសសិង្ហបុរីនោះ ក៏អ្នកនាងនឹងធ្វើឲ្យផងដែរ ដើម្បីជាកាដូដល់កូនស្រីដែលបានប្រឹងប្រែងប្រឡងចម្រៀង ហើយទទួលបានមេដាយមាសពីការប្រឡងចម្រៀងកម្រិតអាស៊ាន។ អ្នកនាងបានចំណាយពេលនៅជាមួយកូនស្រីពេញមួយការប្រឡងតាំងពីថ្ងៃចេញដំណើរពីប្រទេសកម្ពុជាកាលពីថ្ងៃទី២២ ខែកក្កដា ដោយក្នុងថ្ងៃប្រឡងកាលពីថ្ងៃទី២៤ ខែកក្កដាមុននេះ ក៏អ្នកនាងមិនហ៊ានបាត់មុខនោះដែរ ដើម្បីលើកទឹកចិត្តកូនស្រីក្នុងចំណោមបេក្ខជនបេក្ខនារីចូលរួមរហូតដល់១១ប្រទេសផ្សេងទៀត។ អ្នកនាងកាន់តែសប្បាយចិត្តនៅពេលកូនស្រីធ្វើបានល្អក្នុងការប្រឡងចម្រៀង ហើយទទួលបានមេដាយមាសដែលអ្នកនាងចាត់ទុកថាគឺជាមោទនភាពធំមួយ ដែលអ្នកនាងជាតារាសិល្បៈមួយរូប ហើយមានកូនស្រីទទួលបានមេដាយមាសពីការប្រកួតចម្រៀងកម្រិតអាស៊ានលើឆាកអន្តរជាតិ។ ក្នុងពេលត្រលប់មកវិញអ្នកនាងនឹងបើកវេទិកាសម្ភាសអ្នកឈ្នះមេដាយមាសទាំងអស់ ដើម្បីឲ្យទស្សនិកជនជ្រាបកាន់តែច្បាស់ថែមទៀតពីការប្រឹងប្រែង ដែលកិច្ចសម្ភាសនេះអ្នកនាងក៏សារភាពថានឹងជជីករិះគល់ដេញដោលក្នុងន័យលើកមុខដល់កូនស្រីដែលទទួលបានមេដាយមាសនាឱកាសនោះផងដែរ។ អ្នកនាងសប្បាយចិត្ត ក្រោយពេលកូនស្រីទទួលបានជោគជ័យ ហើយមានអ្នកក្នុងនិងក្រៅប្រទេសច្រើននាក់ទូរសព្ទផង ឆាតផងមកអបអរសាទរ៕

មតិយោបល់