ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាល្បីៗចេញទៅសម្ដែងធំនៅប្រទេសកូរ៉េ ដើម្បីគន្ធបុប្ផា

កាលពីយប់ថ្ងៃទី១៨ មេសា តារាល្បីៗប្រមាណជាង១០រូបដែលរួមមាន កញ្ញា យូរី និងដៃគូគឺលោក Bmo លោក ចាន់ សម័យ លោក ប៉ែន ចំរ៉ុង កញ្ញា រ៉ឡាម៉ម និង លោក ចន ច័ន្ទតារាជាដើម បានចាកចេញទៅកាន់ប្រទេសកូរ៉េរួមគ្នា ក្រោមការដឹកនាំ របស់ក្រុមហ៑ុនឡេងណាវ៉ាត្រា ដែលជាក្រុមហ៑ុនអចលនទ្រព្យធំមួយនៅកម្ពុជា។ គម្រោងចេញសម្ដែងរបស់តារាទាំងនេះ នឹងកំណត់ធ្វើឡើង នៅថ្ងៃទី២០ មេសា ចំថ្ងៃពលករនៅក្នុងប្រទេសកូរ៉េឈប់សម្រាក ដើម្បីបើកវេទិការាំវង់ អោយធំបំបែកកំណត់ត្រាពិភពលោកផង និងដើម្បីប្រមូលថវិកាមូលនិធិ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផង។

លោក ឡេង ណាវ៉ាត្រា អ្នកដឹកនាំតារាទាំងនេះ ទៅកាន់ប្រទេកូរ៉េនិយាយថា ការប្រគំតន្ត្រីទ្រង់ទ្រាយធំ ដែលលោកសម្រេចបោះទុននេះ គឺដើម្បីអោយបងប្អូនជាពលករកូរ៉េ បានរាំសប្បាយជុំគ្នា ក្នុងឱកាសសង្ក្រានចូលឆ្នាំ ទើបតែបញ្ចប់ផង និងដើម្បីស្វែងរកមូលនិធិ ជួយដល់ពេទ្យគន្ធបុប្ផាផង។ លោកថាការប្រគំតន្ត្រី នៅទីក្រុងប៑ូសាន ដែលនឹងចាប់ពីម៉ោង២រសៀលតទៅនេះ នឹងមិនមានការលក់សំបុត្រនោះ ប៉ុន្តែនឹងមានក្រុមការងាររ៉ៃអង្គាសថវិកាពីអ្នកទស្សនា ដើម្បីប្រមូលលុយ យកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្រោយពេលវិលវិញ។

លោកទទូចអោយបងប្អូនជាពលករខ្មែរ ចូលរួមទស្សនាកម្មវិធីនេះ អោយបានកុះករ ដើម្បីបំបែកកំណត់ត្រារាំវង់ជាទ្រង់ទ្រាយធំ អោយពិភពលោកបានឃើញ និងមេត្តាបរិច្ចាគជាថវិការ តាមសិទ្ធាជ្រះថ្លាផង ដើម្បីអោយក្រុមការងារ ទទួលបានលុយ១០០ភាគតរយ យកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដោយលោកប្រកាសថា ថវិកាដែលទទួលបាន គឺមិនយកមកសុីសងការចំណាយនោះទេ ពោលគឺយកមកជួយគន្ធបុប្ផាទាំងស្រុង។

តារាទាំងអស់ ក៏បានប្រកាសជំហរថា ក្រៅពីសម្ដែង និងច្រៀងបទរួមគ្នា ដើម្បីអោយបងប្អូនជាពលករនៅកូរ៉េបានរាំជាទ្រង់ទ្រាយធំ ក៏នឹងចេញមុខអំពាវនាវអោយមានការបរិច្ចាគពីសំណាក់បងប្អូន ដើម្បីជួយដល់មន្ទីរពេទ្យគន្អបុប្ផា អោយអស់ពីលទ្ធភាពផងដែរ៕

មតិយោបល់