ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៉ិន ដល់ម្លឹង! គ្រាន់តែឈ្នះគូប្រកួតក្នុងវគ្គសងសឹកលើកចុងក្រោយ

នៅលើទីលានវេស្ទើន កាលពីល្ងាចថ្ងៃទី២៦ កក្កដា លោកអ៉ិន ផលិតករមហាហង្ស និងជាមេក្រុមបាល់ទាត់មហាហង្ស ត្រូវគេឃើញលោកកញ្ឆេង និងរត់ពេញទីលាន បន្ទាប់ពីក្រុមរបស់លោកបញ្ចប់ការប្រកួតជាមួយក្រុមបុរីរិទ្ធិ ដែលលោកប្រកាសថាជាក្រុមស្លាប់រស់។ លោកលោតកញ្ជ្រោលចង់ហោះ ដោយសារតែក្រុមយកឈ្នះមួយគ្រាប់លើក្រុមគូប្រកួត ដែលបញ្ជាក់ថាជាលទ្ធផល ដែលលោកមិនចង់ជឿ។

លោកអ៉ិន អ្នករៀបចំក្រុមតារាសិល្បៈជាក្រុមបាល់ទាត់ដោយដាក់ឈ្មោះថាក្រុមមហាហង្ស បានអះអាងថាក្រុមបាល់ទាត់របស់លោកទើបតែបើកដំណើរការបាន៣ខែប៉ុណ្ណោះ ប៉ុន្តែចំពោះលទ្ធផលគឺបានល្អ។ ក្នុងចំណោមក្រុមបាល់ទាត់ដែលក្រុមរបស់លោកបានជួបប្រកួត លោកថា មានតែក្រុមបុរីរិទ្ធិប៉ុណ្ណោះដែលលោកចាត់ទុកថាជាក្រុមខ្លាំង ទាំងបច្ចេកទេសការប្រកួត និងទម្រង់លេង ដោយការប៉ះគ្នាកាលពីលើកទី១ ទទួលបានលទ្ធផល១ស្មើ ទាំងលោកមិននឹកស្មាន។ អ៊ីចឹងហើយទើបធ្វើឲ្យក្រុមនេះមិនអស់ចិត្តហើយសុំសងសឹកជាលើកទី២ ដោយការប្រកួតជាលើកទី២នោះនៅតែរក្សាលទ្ធផលស្មើដដែល គឺ២ទល់នឹង២។ លោកថា ក្រុមបុរីរិទ្ធិរឹតតែមិនអស់ចិត្ត ទើបឈានដល់ការសុំប្រកួតសងសឹកជាលើកចុងក្រោយ ដោយកំណត់យកថ្ងៃ២៦ កក្កដា ធ្វើជាការប្រកួតស្លាប់រស់។

លោកថាភាគីខាងក្រុមបុរីរិទ្ធបានប្រកាសមុនសុំសងសឹកចុងក្រោយថា បើក្រុមរបស់លោកនៅតែស្មើជាថ្មីម្ដងទៀត នោះក្រុមទាំង២នឹងឈប់ជួបគ្នា ហើយបើឈានដល់លទ្ធផលចាញ់ក្រុមមហាហង្សទៀតគឺរឹតតែលែងជួបគ្នានៅលើទីលានតែម្ដង។ ដូច្នេះហើយទើបលោកយល់ថាលទ្ធផលវិជ្ជមានក្រោយការប្រកួតជាលើកទី៣ គឺជាការលើកមុខមាត់ក្រុមដែលលោកទប់អារម្មណ៍លោតហ៊ោរកញ្ជ្រៀវមិនបាន។

លោកថាក្រុមរបស់លោកមិនត្រឹមតែអាចទប់ក្រុមបុរីរិទ្ធិមិនឲ្យយកឈ្នះបានតាមការចង់បានប៉ុណ្ណោះទេ តែក៏បានបំបាក់ក្រុមនេះក្នុងលទ្ធផល(៤-២) មិនគួរឲ្យជឿ។ លោកថាក្រុមបុរីរិទ្ធិ គឺជាក្រុមខ្លាំងមួយ ដូច្នេះលទ្ធផលស្មើគ្នាជាមួយក្រុមលោកដល់ទៅ២លើក មិនធ្វើឲ្យក្រុមមួយនេះអស់ចិត្តនោះទេ ទើបនាំឲ្យមានការសុំប្រកួតសងសឹកជាលើកទី៣ ដើម្បីកំណត់ឈ្នះចាញ់។

លោកត្រូវគេឃើញលោតផង គ្រវីទង់ផងនៅលើទីលាន ដោយគ្រាន់តែលោកអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ក្នុងលទ្ធផល៤ទល់នឹង៣ ដែលមានន័យថាក្រុមមហាហង្សបានឈ្នះជាប្រវត្តិសាស្រ្តលើក្រុមបុរីរិទ្ធិដែលជាក្រុមល្អមួយ។

លោកថាការប្រកួតដែលបានធ្វើឡើងមានការសហការយ៉ាងខ្លាំងជាមួយក្រុមតារាសិល្បៈ និងក្រុមបច្ចេកទេសរបស់មហាហង្សទើបអាចយកឈ្នះក្នុងវគ្គប្រកួតសងសឹករបស់ក្រុមបុរីរិទ្ធិ ដែលធ្វើឲ្យក្រុមរបស់លោកកាន់តែមានមុខមាត់ការប្រកួតមិត្តភាព ក្រោយការបង្កើតក្រុមបាល់ទាត់ពីសំណាក់តារាសិល្បៈ។ នេះជាលទ្ធផលដ៍ល្អ ដែលក្រុមលោកសម្រេចបាន បន្ទាប់ពីបានយកឈ្នះលើក្រុមសប្បាយដែលជាក្រុមល្អមួយកាលពីដូចគ្នា។ លោកថាក្រុមបាល់ទាត់មហាហង្សបង្កើតឡើងទើបតែបាន៣ខែទេ ដោយ ប្រកួតបាន១០លើក។ ក្នុងចំណោម១០ប្រកួតសរុបទាំងការប្រកួតឈ្នះជាមួយក្រុមបុរីរិទ្ធិកាលពីម្សិលមិញផង ក្រុមរបស់លោកធ្លាប់ចាញ់តែម្ដងគត់នៅលើទីលាន។ លោកថាក្រុមនេះមានការចូលរួមភាគច្រើនពីតារាសិល្បៈ ជាពិសេសគឺក្រុមតារាដែលបានចូលរួមសម្ដែងនៅក្នុងផលិតកម្មមហាហង្ស ដើម្បីចងភ្ជាប់ទំនាក់ទំនង និងដើម្បីសុខភាពជំនួសឲ្យការហាត់ប្រាណរបស់តារាសិល្បៈ។

ការប្រកួតដែលបានធ្វើឡើងនៅថ្ងៃទី២៦ កក្កដា តារាសិល្បៈដែលបានចូលប្រកួតរួមមាន លោក អ៉ិន លោក ភឹម តារាវិបុល លោកហេង នរៈកក្កដា លោកហ៊ូ ប៉ូសេង លោកជា សុវណ្ណនរាហ៍ និង លោកប៉ែន តុលា ជាដើម ដោយក្រៅពីនោះក៏មានតារាសិល្បៈច្រើននាក់ចូលរួមទស្សនាលើកទឹកចិត្តផងដែរ។ អ៊ីចឹងហើយទើបគេឃើញការប្រកួតលើកចុងក្រោយរបស់ក្រុមមហាហង្ស និងក្រុមបុរីរិទ្ធិ មានវត្តមានតារាជាច្រើនចូលរួម ជាពិសេសក្នុងតង់ទី១៕

https://youtu.be/Aslp7pdfLpE

មតិយោបល់