ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រោះតែរឿងនេះ ធ្វើឲ្យបវរកញ្ញា រឿន ណាត ផ្អាកទទួលថតភាពយន្ត ក្នុងឆ្នាំ២០២២នេះ

(ភ្នំពេញ)៖ នាពេលថ្មីៗនេះ ពោលគឺក្នុងថ្ងៃជំនួបបវរកញ្ញាចក្រវាឡកម្ពុជា៤ជំនាន់ថា អតីតបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត បានប្រកាសនៅមុខអ្នកសារព័ត៌មានថា នាងផ្អាកទទួលថតភាពយន្តមួយរយ:សិន ពោលគឺក្នុងឆ្នាំ២០២២នេះ ដើម្បីយកពេលវេលាធ្វើរឿងផ្ទាល់តាមគម្រោងផែនការដែលនាងបានគូសទុកមកជាស្រេច។

រឿន ណាត បន្តថា កញ្ញាក៏មានការសោកស្តាយខ្លះដែរ ចំពោះការផ្អាកទទួលថតរឿង ខណ:ពេលប្រជាប្រិយភាពរបស់នាងក្នុងឧស្សហកម្មភាពយន្តកំពុងមានសន្ទុះយ៉ាងខ្លាំងក្លា តាមរយ:រឿងភាគជាច្រើនដែលនាងបានសម្តែង។ តាមការលើកឡើងរបស់ស្រីស្រស់មុខកំប្លង់ៗនេះ សព្វថ្ងៃនេះនាងកំពុងមមាញឹកខ្លាំងជាមួយការថតស៉្បតពាណិជ្ជកម្ម ការថតប្រ៉ូម៉ូតផលិតផល និងការថតម៉ូដឱ្យហាងពេជ្រក្នុងស្រុក។ និយាយឡើងដោយសំណើចក្អាកក្អាយ រឿន ណាត ថា មួយរយ:នេះនាងពិតជាមានហុងស៊ុយជាមួយហាងពេជ្រមែន ដោយទទួលការងារថតម៉ូដឱ្យហាងពេជ្រច្រើនជាហូរហែរ។

ងាកទៅចាប់អារម្មណ៍ពីតម្លៃខ្លួនរបស់ Miss Universe Cambodia 2018 សម្រាប់ឆ្នាំថ្មីៗ២០២២នេះ ត្រូវសាម៉ីខ្លួនឱ្យដឹងថា មានការកើនឡើងខ្លះទៅតាមការងារធំតូចដែលទទួលបាន ប៉ុន្តែនាងក៏មានតម្លៃខ្លួនជាក់លាក់ស្រាប់សម្រាប់ការងារទូទៅ។

រឿន ណាត ថា សម្រាប់តម្លៃដែលឡើងនោះមិនមែនព្រោះឆ្នាំថ្មី ឬល្បីពេកត្រូវតម្លើងតម្លៃខ្លួនទេ តែព្រោះការងារខ្លះតម្រូវឱ្យចុះទៅថតនៅខេត្ត ដូច្នេះហើយទើបត្រូវយកថ្លៃជាងការងារនៅភ្នំពេញ។ យ៉ាងណាមិញ រឿន ណាត មិនបានឱ្យដឹងពីតួលេខជាក់លាក់នោះទេ ដោយអះអាងថា ការងារនីមួយៗមិនដូចគ្នា តម្លៃកក៏ឡើងចុះតាមនោះដែរ។

មតិយោបល់