ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង«វិកលចរិត»ត្រឡប់មកវិញ៣ប្រទេស រំពឹងរំលែកប្រាក់បាន៥ពាន់ដុល្លារជួយក្មេង

កាលពីល្ងាចថ្ងៃទី២៦ កក្កដា ផលិតកររឿង«វិកលចរិត»លោកហ៊ុយ យ៉ាឡេង បានប្រកាសថាភាពយន្តមួយនេះរបស់លោកនឹងសម្រេចដាក់បញ្ចាំងនៅកម្ពុជាជាថ្មីចាប់ពីថ្ងៃទី៣ សីហា តទៅ ដោយការដាក់បញ្ចាំងនេះគឺស្របនឹងការដាក់បញ្ចាំងនៅក្នុងប្រទេសថៃ និងប្រទេសឡាវដូចគ្នា ដែលទើបបើកសិទ្ធិឲ្យកម្ពុជាយករឿង«វិកលចរិត»ទៅបញ្ចាំង។ លោកសម្រេចដកមួយដុល្លារក្នុងមួយសំបុត្រយកទៅជួយដល់កុមារដែលមានបញ្ហាសតិអារម្មណ៍នៅក្នុងមន្ទីរពេទ្យកុមារជាតិ និងក្នុងសមាគមរបស់លោកតាហ្វ៊ុយសូ ដោយលោករំពឹងថាទម្រាំដល់ថ្ងៃទម្លាក់រឿងចេញពីកម្ពុជា ថៃ និងឡាវព្រមគ្នា ហោចណាស់ក៏បាន៥០០០សំបុត្រ ស្មើនឹង៥ពាន់ដុល្លារដើម្បីជួយដល់ក្មេងផងដែរ។

លោក ហ៊ុយ យ៉ាឡេង និយាយថា ដោយសារតែចង់អបអរថ្ងៃដាក់បញ្ចាំងរឿង«វិកលចរិក»នៅក្នុងប្រទេសថៃ និងឡាវ នៅថ្ងៃទី៣ សីហា ទើបលោកសម្រេចដាក់បញ្ចាំងរឿងនេះជាថ្មីម្ដងទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោករំពឹងយ៉ាងមុតមាំថាការសម្រេចចិត្តរបស់ខ្លួននឹងទទួលបានប្រាក់ចំណូលមួយផ្នែកបន្ថែម បន្ទាប់ពីរឿងរបស់លោកក៏ត្រូវបានអ្នកគាំទ្រសម្រុកទៅទស្សនាមុនការទម្លាក់ផ្លាកកាលពីលើកទី១ ហើយធ្វើឲ្យលែងប្រឈមនឹងខាតបង់។ លោកថាមានការតស៊ូយ៉ាងស្វិតស្វាញណាស់ទម្រាំទទួលបានសិទ្ធិដាក់បញ្ចាំងនៅក្នុងប្រទេសថៃ និងប្រទេសឡាវ ទើបលោកស្នើរោងនៅរាជធានីភ្នំពេញឲ្យទទួលបញ្ចាំងរឿងលោកឲ្យបានព្រមគ្នាជាថ្មីម្ដងទៀត នៅថ្ងៃទី៣ សីហា។

លោកថាភាពយន្តរឿង«វិកលចរិត»បានសិទ្ធិត្រឹមតែដាក់បញ្ចាំងនៅតាមខេត្តមួយចំនួននៅក្នុងប្រទេសថៃប៉ុណ្ណោះ គឺមិនបានដាក់បញ្ចាំងក្នុងរោងទំនើបនៅក្នុងទីក្រុងបាងកកដូចការចង់បាននោះទេ តែក៏ចាត់ទុកថាជាសញ្ញាវិជ្ជមានដែលថៃព្រមឲ្យកម្ពុជាយករឿងរបស់ខ្លួនទៅបញ្ចាំងជាសាធារណៈ។ លោកប្រកាសនឹងដកមួយដុល្លារពីការលក់សំបុត្រសម្រាប់មួយសំបុត្រទៅប្រគល់ជូនដល់មន្ទីរពេទ្យកុមារជាតិ ដែលមានក្មេងៗមានបញ្ហាសតិបញ្ញាមួយចំនួននៅសម្រាកព្យាបាល និងមួយផ្នែកយកទៅជួយដល់ក្រុមក្មេងៗដែលមានបញ្ហាសតិបញ្ញាដូចគ្នាក្នុងក្រុមលោកតាហ៊ុយសូ។

លោកនៅតែមានការរំពឹងខ្ពស់ថានឹង ទទួលបានអ្នកទស្សនាច្រើនយ៉ាងហោច៥ពាន់នាក់សរុបទាំង៣ប្រទេស ដោយនៅកម្ពុជាដ្បិតថាមានអ្នកទស្សនាច្រើនហើយក៏ដោយ ក៏លោកនៅតែជឿថានឹងទាក់ទាញអ្នកទស្សនាថ្មីៗ និងអ្នកទស្សនារួចទៅហើយ ឲ្យទៅទស្សនាម្ដងទៀត។

នៅក្នុងពិធីប្រកាសបញ្ចាំងជាថ្មីនោះ ក្រៅពីមានវត្តមានតារាសិល្បៈបង្ហាញខ្លួន ក៏មានតំណាងមន្ទីរពេទ្យកុមារជាតិ តំណាងក្រុមលោកតាហ្វុយសូ និងក្រុមក្មេងកំព្រាចូលរួមផងដែរ ដោយក្មេងទាំងនោះបានទាំងច្រៀងកាន់ភ្លើងទានបង្ហាញពីក្ដីរំពឹងថាភាពយន្តរឿង«វិកលចរិត»នឹងអាចរកចំណូលពីការលក់សំបុត្រ១ដុល្លារៗដែលបានសម្រេចដកនោះ មកជួយដល់ពួកគេបានច្រើននោះផង៕

https://youtu.be/aT3XotI-3qA

មតិយោបល់