ភ្នំពេញៈ ឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់សង្ស័យថាជាអ្នកចាប់ក្មេង ដោយត្រូវឪពុកម្ដាយក្មេងស្រី អាយុ១៤ឆ្នាំម្នាក់ និងប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ នគរបាលទួលសង្កែ ដោយចោទប្រកាន់ថា បានលួងលោម និងបម្រុងចាប់កូនស្រីរបស់គាត់។
ហេតុការណ៍នេះឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥នៅចំនុចមុខសាលាប៊ែលធី ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាំង ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកោសខ្យល់ ស្នាក់ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ រ ស ន ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជាមួយម្ដាយ រីឯឪពុកមានឈ្មោះ អឹម រិទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងសំណង់ និងម្ដាយមានឈ្មោះ សួន ស្រីឡឹង ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ អ្នកទាំង៣ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាមួយគ្នា។
តាមប្រភពដដែលពីក្មេងរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេមកទិញនំហូបនៅមុខសាលាប៊ែលធី ខណៈដែលកំពុងទិញនំនោះមានជនសង្ស័យម្នាក់ដែលជាស្ត្រីជនជាតិវៀតណាមបានមកលួងលោម និងសួរឈ្មោះអាយុ ហើយបានប្រាប់ឲ្យខ្លួនទៅជួយយកផ្លែឈើ តែក្មេងស្រីរងគ្រោះបានប្រាប់ថា មិនទៅទេខ្លាចប៉ាមកពីធ្វើការវិញវាយ ឆ្លើយហើយក្មេងស្រីរងគ្រោះបានដើរទៅផ្ទះវិញ ពេលនោះស្ត្រីដែលជាជនសង្ស័យបានដើរទៅតាមហើយចាប់ទាញដៃរូបគេ ភ្លាមនោះមានស្ត្រីអ្នករើសអេតចាយម្នាក់ឃើញ ហើយនិយាយថា ហេតុអ្វីបានជាមកចាប់កូនគេចឹង ភ្លាមនោះជនសង្ស័យបានឆ្លើយថាកុំចេះប្រយ័ត្ន។ រួចក៏បានដើរចេញទៅស្របពេលដែលឪពុកក្មេងស្រីរងគ្រោះមកដល់អ្នកជិតខាងប្រាប់ថា មានគេចង់ចាប់កូន ក៏ផ្អើលឆោឡោ និងតាមរកឃើញហើយបានចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ នគរបាលទួលសង្កែ យកមកសាកសួរ តែបែជាមានអ្នកមកអះអាងថា ជនសង្ស័យជាមនុស្សសរសៃរប្រាសាទទៅវិញ ធ្វើឲ្យប្រជាពលរដ្ឋ ប្រហែលជាង១០០នាក់ដែលកំពុងរង់ចាំចង់ដឹងរឿងរ៉ាវករណីចាប់ក្មេងនៅទីនោះ ផ្ទុះកំហឹងនាំគ្នាស្រែកឆោឡោនៅមុខប៉ុស្តិ៍ នគរបាលទួលសង្កែ សុំឲ្យសមត្ថកិច្ចស្រាវជ្រាវឲ្យបានច្បាស់ ព្រោះមួយរយៈនេះលេចលឺពាក្យចចាមរ៉ាមថា មានករណីបាត់ក្មេងច្រើនណាស់ បន្ទាប់មកមានប្រជាពលរដ្ឋប៉ុន្មានជាជាង២០នាក់រួមទាំងម្ចាស់ផ្ទះជួល របស់ស្ត្រីដែលជាជនសង្ស័យផងនោះបានមកអះអាងថា ជនសង្ស័យពិតជាមានជំងឺសរសៃប្រាសាទមែន ហើយបាននាំគ្នាផ្ដិតមេដៃធានាថែមទៀត តែប្រជាពលរដ្ឋនៅតែមិនជឿ។
តែសមត្ថកិច្ចមិនទាន់ឲ្យជនសង្ស័យទៅណាទេ ដោយបានសន្យាថាឃុំខ្លួនជនសង្ស័យបណ្ដោះអាសន្ន ដើម្បីរងចាំគ្រូពេទ្យធ្វើការពិនិត្យ ឲ្យដឹងការពិតច្បាស់លាស់សិន ៕
មតិយោបល់