ព័ត៌មានសិល្បៈ និងកម្សាន្ត

បានស្ដាប់ផ្ទាល់ ទើបដឹងថា ពៅ លីដា និងពៅ ពិសិដ្ឋ ដល់ម្លឹង!

តាំងពីដើមឆ្នាំ២០១៧មក គេកត់សម្គាល់ថាមិនត្រឹមតែពៅ លីដា ប៉ុណ្ណោះទេ ដែលក្ដាប់ទីផ្សាររឹតតែណែនក្នុងដៃ សូម្បីតែប្អូនប្រុសរបស់នាង គឺ លោក ពៅ ពិសិដ្ឋ ក៏ខ្លាំងណាស់ដែរក្នុងការក្ដោបក្ដាប់ទីផ្សារសម្ដែង និងថតស្ពត នាពេលចុងក្រោយ។

គិតត្រឹមដំណាច់ខែកក្កដា អ្នកទាំង២ប្រមូលភាពយន្តធំៗដាក់ទុកក្នុងហោប៉ៅរហូត១០រឿង ក្នុងពេលដែលតារាល្បីឈ្មោះមួយចំនួនបានក្លាយជាតារាដេកស្អាតជាបណ្ដើរៗទៅហើយ ព្រោះតែអត់សូវមានរឿងសម្ដែង។

ពៅ លីដា និយាយថា តាំងពីដើមឆ្នាំ២០១៧ មកទល់ពេលនេះ នាងអត់មានពេលទទួលសម្ដែងរឿងថ្មីតែម្ដង ដោយសារតែនាងបានទទួលកុងត្រារហូតដល់៥រឿង ហើយសុទ្ធតែជារឿងធំៗដែលមិនអាចឲ្យដកឃ្លារួច។ ភាពយន្តដែលនាងបានសម្ដែងតួឯកសម្រាប់ឆ្នាំនេះ រួមមានភាពយន្តភាគរឿង «ចាប៉ីនាគត្រាច់ចរ» របស់ផលិតកម្មចក្រវាទ្បដែលបានចាក់ផ្សាយនៅប៉ុស្ដិ៍លេខ៥រាល់ថ្ងៃ រឿង «ក្រមុំឆ្នាស់ប៉ះ មេស្រុកឆ្នើម» របស់ទូរទស្សន៍PNN ដែលទើបចេញថត រឿង «វាសនានាងកែវ»របស់ផលិតកម្មអ្នកនាងព្រំ រដ្ឋា រឿង «ព្រះមោគលាន» របស់PNN ដែលត្រៀមចេញថតក្រោមដាក់ដឹកនាំរបស់លោកមុត ថារី និងភាពយន្តភាគមួយរឿងទៀត ដែលខាងផលិតករមិនទាន់អនុញ្ញាតឲ្យនាងបញ្ចេញចំណងជើង។

កញ្ញាថាភាពយន្តទាំង៤មានតែរឿង «ចាប៉ីនាគត្រាច់ចរ» ប៉ុណ្ណោះដែលបានថតចប់ តែការសម្ដែងក្នុងរឿង៤ទៀតបានធ្វើឲ្យនាងទទួលរឿងផ្សេងលែងកើត ដែលមានន័យថាដល់ចំណុចជាប់គាំងដរាបណាភាពយន្តទាំងនោះនៅមិនទាន់ថតចប់។

នាងសារភាពថាភាពយន្តខ្នាតធំ និងរឿងភាគទូរទស្សន៍ល្អៗមិនក្រោម៣ទៀតនោះទេ ដែលតម្រូវឲ្យនាងបោះបង់ដោយសារតែអត់ពេលសម្ដែង បន្ទាប់ពីជាប់កុងត្រាក្នុងរឿងសល់៤ខាងលើ មិនអាចឲ្យនាងសល់ថ្ងៃទំនេរ។ យ៉ាងណាមិញ កញ្ញាមិនស្ដាយនោះទេ ដោយនាងបញ្ជាក់ថាចង់ពង្រឹងគុណភាពដោយសុខចិត្តបញ្ចប់រឿងមួយៗឲ្យចប់រួចសិន ចាំទទួលរឿងមួយទៀតដើម្បីជៀសវាងរកពេលឲ្យផលិតករលែងឃើញ ហើយទទួលនូវការរិះគន់។

កញ្ញាប្រាប់ថាទីផ្សារក្នុងឆ្នាំ២០១៧ស្ទុះឡើងជាងមុន ខណៈដែលថ្លៃសម្ដែងក៏បានឈានឡើងបើធៀបនឹងឆ្នាំកន្លងទៅ។ នាងថាការសម្ដែងរាល់ថ្ងៃធ្វើឲ្យនាងរកពេលមើលខុសត្រូវហាងសាឡននៅជិតស្ដុបផ្សារដីហុយទល់មុខបុរីភ្នំពេញថ្មីលែងឃើញនោះហើយ ប៉ុន្តែនាងសប្បាយចិត្តដោយសារតែនាងមានអ្នកទទួលខុសត្រូវក្នុងហាងជំនួសឲ្យអវត្តមានក្នុងពេលដែលនាងចេញទៅសម្ដែងហើយ។ សូម្បីតែមុខរបរលក់ផ្អក និងត្រសក់ចាវរបស់ម្ដាយដែលពេលកន្លងមក នាងមានឱកាសជួយប្រម៉ូតឃោសនា ក៏មិនសូវមានពេលនោះដែរ ដោយសារតែទីផ្សារសម្ដែងណែនផ្អឹសពេញដៃតាំងពី ថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ សឹងរកពេលសម្រាកលែងឃើញ។

មិនខុសគ្នាដែរ លោកពៅ ពិសិដ្ឋ ឯណោះវិញ ក៏អះអាងថាបានទទួលរហូតដល់៥រឿងមិនចាញ់បងស្រីនោះដែរ រាប់ត្រឹមដើមឆ្នាំ២០១៧មកទល់ពេលនេះ ដោយការសម្ដែងរបស់លោកគឺទោះមិនបានតំណែងតួឯកគ្រប់រឿង ក៏ត្រូវផលិតករឲ្យសម្ដែងជាតួក្បែរឯក មិនមែនជាតួរាយរងដូចមុន។ ភាពយន្តទាំង៥លោកកុងត្រា រួមមានភាពយន្តរឿង «នាវាជីវិត» របស់ទូរទស្សន៍អប្សរា ក្រោមការដឹកនាំរបស់លោកគាំ ចន្ធី ដែលបានដំណើរបញ្ចាំងក្នុងម៉ោងមាសមកហើយ រឿង «ទូកបាត់ច្រវ៉ា» របស់PNN រឿង «ក្រមុំឆ្នាស់ ប៉ះមេស្រុកឆ្នើម» របស់ទូរទស្សន៍PNN ដូចគ្នា ក្រោមការដឹកនាំរបស់លោកគាំ ចន្ធី រឿង «កូនពស់កេងកង» របស់ទូរទស្សន៍ហង្សមាស និងរឿងភាពយន្តភាគមួយទៀតរបស់ផលិតកម្មអ្នកនាងព្រំ រដ្ឋា ដែលក្នុងចំណោមភាពយន្តភាគដែលលោកបានទទួលថតនេះ គឺមានតែរឿងមួយគត់គឺរឿង «ក្រមុំឆ្នាស់ ប៉ះមេស្រុកឆ្នើម» ដែលបានសម្ដែងរួមជាមួយកញ្ញាពៅ លីដា។

លោកថាការសម្ដែងមានការឈានឡើងយ៉ាងខ្លាំងបើធៀបនឹងឆ្នាំកន្លងទៅ ដោយក្នុងចំណោមរឿងទាំង៥គឺមានតែរឿងមួយគត់ដែលលោកបានសម្ដែងជាមួយបងស្រី។ លោកថាផលិតករសប្បាយចិត្តដែលត្រូវផលិតករចាប់អារម្មណ៍ឲ្យសម្ដែង ក្នុងពេលតម្លៃខ្លួនរបស់លោកក៏មិនមែនតិចតួចដូចតារាជើងថ្មីនោះដែរ គឺបានតម្លៃខ្លួនលោតខ្ពស់តែម្ដង គ្រប់រឿងដែលលោកបានសម្ដែងក្នុងរឿងទាំង៥ដែលបានរៀបរាប់ខាងលើ។

ជាមួយគ្នានោះ ក៏មានភាពយន្តចំនួន៣ទៅ៤រឿងផ្សេងទៀតផងដែរ ដែលទាក់ទងមកហើយ ហើយលោកទទួលសម្ដែងអត់បានដោយសារតែកាលវិភាគចេញសម្ដែងលែងសល់ថ្ងៃទំនេរ។ ជារៀងរាល់ថ្ងៃលោកថា ខ្លួន និងកញ្ញាពៅ លីដា ត្រូវចែកជើងគ្នាទៅសម្ដែង ដោយក្នុងថ្ងៃខ្លះលោកត្រូវដេកផ្លូវនោះផង បើត្រូវទៅសម្ដែងនៅខេត្ត ឬត្រូវសម្ដែងដល់យប់ជ្រៅ។ ក្នុងចំណោមរឿងទាំង៥លោកថាមានតែរឿងមួយគត់ គឺរឿង «នាវាជិវិត» ដែលបានសម្ដែងជាឯកធំ ដោយត្រូវសម្ដែងជាតួឪពុកផង និងតួកូនផង ក្នុងពេលដែលរឿងមួយនេះក៏តម្រូវឲ្យលោកសម្ដែងធ្វើចរិតច្រើនបែប ដែលលោកគិតថាការសម្ដែងតែមួយរឿង តែមានកាច មានទឹកភ្នែក ជាអ្នកមាន អ្នកក្រ និងត្រូវសម្ដែងចរិកបែបចាស់ទៅទៀត។

លោកថាប្រកាសប្រឹងប្រែងឲ្យច្រើនថែមទៀត ដោយសារតែលោកចង់ក្ដោបក្ដាប់តំណែងតួឯកឲ្យបានច្រើនក្នុងពេលដ៏ខ្លី តាមលំនាំកញ្ញា ពៅ លីដា ដែលបានជោគជ័យនៅលើវិថីសិល្បៈ៕

មតិយោបល់