ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង តន់ ចន្ទសីម៉ា ទម្លាយអារម្មណ៍ពិតចេញពីចិត្ត ក្រោយតស៊ូរាប់ឆ្នាំលើវិថីចម្រៀង រហូតមានប្រជាប្រិយភាព

(ភ្នំពេញ)៖ តារាចម្រៀងវ័យក្មេង ពោរពេញដោយសមត្ថភាព មានសំឡេងត្រូវស្ទើរគ្រប់ប្រភេទចម្រៀង គឺកញ្ញា តន់ ចន្ទ សីម៉ា ដែលមហាជនដឹងថាមានភាពល្បីល្បាញខ្លាំង ក្រោយបទចម្រៀងរបស់នាងក្នុងផលិតកម្ម Galaxy Navatra ផ្ទុះការគាំទ្រខ្លាំងជាបន្តបន្ទាប់។ យ៉ាងណាមិញ ទំរាំមានភាពល្បីល្បាញ និងត្រូវបានទស្សនិកជនស្គាល់ច្រើនដូចបច្ចុប្បន្ន និងមានឪកាសចូលច្រៀងក្នុងផលិតកម្ម Galaxy Navatra កញ្ញារ តន់ ចន្ទសីម៉ា បានជួបរឿងបរាជ័យក្នុងជីវិតជាច្រើនមកហើយផងដែរ។

តាមរយ:បណ្តាញសង្គមផ្លូវការផ្ទាល់ខ្លួន កញ្ញា តន់ ចន្ទសីម៉ា ស្រាប់តែបង្ហាញអារម្មណ៍ពិតរបស់ខ្លួនយ៉ាងដូច្នេះថា «ពេលខ្ញុំឃើញរូបខ្លួនឯង មានអារម្មណ៍ថាខ្ញុំដើរបានឆ្ងាយដែរហើយ។ ខ្ញុំអាចញញឹមមុខកាមេរ៉ាបាន គឺដើម្បីបំពេញក្ដីសុបិន ស្វែងរកអនាគតសមរម្យមួយ មិនចង់ចាញ់ឈ្នះអ្នកណាម្នាក់ទេ គឺចង់យកឈ្នះខ្លួនឯង»។

តារាចម្រៀងល្បីឈ្មោះក្នុងស្រទាប់បេះដូងយុវ័យ ម្ចាស់បទ «ឡាន សារ៉ែន» រូបនេះ បានបន្តថា «ទោះខ្ញុំធ្លាប់បរាជ័យ តែខ្ញុំមិនចុះចាញ់នឹងជីវិតខ្លួនឯងទេ នៅពេលដែលរាងកាយខ្ញុំផ្ដល់អារម្មណ៍មកខ្ញុំថាហត់ណាស់ហើយ តែខ្ញុំតែងតែឆ្លើយប្រាប់ខ្លួនឯងថា មិនទាន់ដល់គោលដៅមិនអាចសំរាកបានទេ។ តើបងប្អូនណាខ្លះដែរហត់ហើយ មិនហ៊ានសម្រាកបាន?»។

ជាការពិតណាស់ តារាចម្រៀង តន់ ចន្ទសីម៉ា ត្រូវបានគេដឹងថា ធ្លាប់បានដាក់ពាក្យប្រឡងចម្រៀងជាច្រើនកម្មវិធីមកហើយ តែមិនបានជោគជ័យឡើយ ខណ:កម្មវិធីដែលនាងបានចូលប្រឡងគឺមានទាំងលក្ខណ:ក្នុងស្រុក និងលក្ខណ:ពិភពលោក ដូចជា «The Voice Cambodia» ជាដើម ក៏តារាស្រីរូបនេះធ្លាប់ប្រឡងដែរ។

យ៉ាងណាមិញ នៅពេលដែលតារាស្រីរូបនេះ ត្រូវបានផលិតកម្ម Galaxy Navatra ផ្តល់ឪកាសឲ្យ ទើបនាងអាចបញ្ចេញសមត្ថភាព និងទទួលការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន និងបងប្អូនខ្មែរ តាមរយ:បទចម្រៀងជាបន្តបន្ទាប់ និងពីមួយបទទៅមួយបទ គឺផ្ទុះការគាំទ្រខ្លាំងពីមហាជនតែម្តង។ រហូតមកទល់នឹងបច្ចុប្បន្ន តន់ ចន្ទសីម៉ា ត្រូវបានគេចាត់ទុកថា ជាគ្រាប់ពេជ្រប្រចាំផលិតកម្ម Galaxy Navatra ទៅហើយ៕

មតិយោបល់