ព័ត៌មានជាតិ

បញ្ជូនខ្លួនលោកតាម្នាក់ទៅតុលាការ រឿងលួចឆក់ឱកាសរំលោភចៅស្រី ដែលជាអនីតិជន!

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ បានបន្តបញ្ជូនបុរសសង្ស័យ វ័យជិត៦០ឆ្នាំម្នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើកុមារីអាយុទើបតែ៩ឆ្នាំ។

យោងតាមប្រភពពីសមត្ថកិច្ច ជនង្ស័យត្រូវបានបញ្ជូនទៅកាន់តុលាការកាលពីថ្ងៃម្សិលមិញ ហើយសំណុំរឿងនេះស្ថិតក្រោមចំណាត់ការបស់លោក ងិន ពេជ្រ ជាតំណាងអយ្យការ។

ជនសង្ស័យឈ្មោះ ឆាយ យ៉ាន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកកុមារីរងគ្រោះមានឈ្មោះ យ ស ល ភេទស្រី អាយុ៩ឆ្នាំ ជនជាតិខ្មែរ។

យោងតាមប្រភពដដែលពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍រំលោភសេពសន្ថវៈនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងព្រៃដីឡូតិ៍គ្មានលេខ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នៅគ្រាដែលកុមារីរងគ្រោះបានដើរទៅទិញទឹកកក ពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជួបជនសង្ស័យ ពេលនោះជនសង្ស័យបានចាប់កុមារីរងគ្រោះចូលក្នុងព្រៃ រួចលេងប្រដាប់ភេទកុមារីរងគ្រោះ និងរំលោភរហូតបានសម្រេចចំនួន១ដង។

ក្រោយកើតហេតុ កុមារីរងគ្រោះបាននិយាយរឿងហេតុទាំងអស់ប្រាប់ម្តាយ ហើយក៏នាំកុមារីរងគ្រោះទៅពិនិត្យសុខភាព នៅមណ្ឌលសុខភាពក្បាលកោះ គ្រូពេទ្យប្រាប់ថាមានស្នាមដាច់រលាត់ រួចក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលក្បាលកោះ។

ក្រោយពីទទួលពាក្យបណ្ដឹង របស់ម្តាយកុមារីរងគ្រោះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់