ក្រោយពីមានការរំលឹកជាថ្មីជុំវិញព័ត៌មានដែលធ្លាប់សរសេរថា តារាសម្ដែង នៅ សូនីតា មានស្នេហាជាមួយមន្ត្រីផ្កាយ៣ម្នាក់បម្រើការនៅក្នុងក្រសួងមហាផ្ទៃហាក់ធ្វើឲ្យនាងឆេះដុំ និងក្ដៅស្លឹកត្រចៀក ស្របគ្នាដែលនាងទើបនឹងបានប្រកាសឡើងវីឡាតម្លៃខ្ទង់សែនដុល្លារនៅដើមឆ្នាំក្រោយ។ នាងថាមិនដែលស្គាល់មន្ត្រីផ្កាយ៣ណាម្នាក់នោះទេ និងថាគូស្នេហ៍របស់នាងគឺជាបុរសនៅទំនេរ ហើយមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់វីឡាដែលនាងប្រកាសឡើង។
នៅ សូនីតា ប្រតិកម្មដោយកំហឹងថា នាងមិនដែលបានស្គាល់បុរសផ្កាយបីដែលអ្នកសារព័ត៌មានធ្លាប់បានសរសេរឡើងផ្អើលមហាជនកាលពីប៉ុន្មានខែមុននោះទេ ទើបនាងទទួលយកមកមិនបាន នៅពេលមានការផ្គូរផ្គងថានាងតាំងពីល្បីរឿងពាក់ព័ន្ធផ្កាយ៣នោះមក ឡើងកាលីប និងមានលុយទិញវីឡាយ៉ាងស្កឹមស្កៃ។
នាងថាកាលពីមុនពិតមានជាមានការចុះផ្សាយឡើងបែកផ្សេងប៉ះពាល់ដល់មន្ត្រីផ្កាយ៣នាក់ម្នាក់ ប៉ុន្តែនៅទីបញ្ចប់នៃការសាយភាយនោះ គឺមានការសុំទោសចំពោះនាង និងចំពោះមន្ត្រីនោះជាសាធារណៈរួចហើយ ទើបធ្វើឲ្យព័ត៌មានជុំវិញរឿងរ៉ាវមានមន្ត្រីផ្កាយ៣ពាក់ព័ន្ធត្រូវស្ងប់។
នាងពោលថា«អាហ្នឹង(រឿងអាស្រូវ)ជាព័ត៌មានយូរហើយ ហើយសារព័ត៌មានក៏បានសុំទោសនៅមុខលោកជំទាវ និងឯកឧត្តមជាសាធារណៈម្ដងរួចមកហើយ»។ នាងថាការសរសេរភ្ជាប់មកវិញ គឺជាគាស់កកាយដែលធ្វើឲ្យនាងខូចឈ្មោះ ក្នុងពេលដែលនាងប្រកាសយ៉ាងក្ដែងៗថាអត់ស្គាល់មន្ត្រីនោះ និងថាអ្នកចោទថានាងធ្លាប់ទៅថៃជាមួយបុរសផ្កាយ៣នោះគឺជារឿងមិនពិត។
នាងថាសង្សាររបស់នាងគឺបុរសមិនទាន់មានប្រពន្ធ និងថាសម្បតិ្តត្រឹមវីឡាមួយប៉ុណ្ណឹងគឺគូស្នេហ៍របស់នាងគឺអត់លទ្ធភាពនោះទេ ទើបនាងប្រកាសថាទទួលយកមិនបាននៅពេលមានការលើកឡើងថាក្រោយស្ងប់ព័ត៌មានជាមួយផ្កាយ៣ ស្រាប់តែនាងមានវីឡា។
នាងមិនបានបញ្ជាក់ថាគូស្នេហ៍របស់នាងគឺជាអ្នកណានោះទេ ប៉ុន្តែបណ្ដាញសារព័ត៌មានខ្លះធ្លាប់បានសរសេរថាគូស្នេហ៍នាងគឺជាមន្ត្រីរាជការប្រចាំការនៅច្រកព្រំដែន ទើបជារឿងចាប់អារម្មណ៍ទៀតហើយ ប្រសិនបើគូស្នេហ៍របស់នាងពិតជាមន្ត្រីរាជការមែន ហើយសម្បូរលុយដល់ម្លឹងទិញទាំងវីឡា និងផ្ដល់ឲ្យនាងនៅភាពហ៊ឺហារដល់ម្លឹង ក្នុងពេលដែលមន្ត្រីរាជការត្រូវគេដឹងថាមានប្រាក់ខែមួយកំណត់នោះ។
នៅ សូនីតា និយាយថា ការលើកឡើងថានាងធ្លាប់ស្គាល់មន្ត្រីផ្កាយ គឺជាការមាក់ងាយដល់គូស្នេហ៍របស់ខ្លួនដែលខំទិញវីឡាឲ្យរស់នៅ ហើយបែរជាមានអ្នកខ្លះសង្ស័យថានាងបានពីផ្កាយ៣ណាទៅវិញ៕
មតិយោបល់