បើទោះស្ថានភាពផ្លូវឆ្ងាយ និងពិបាក តែក្រុមតារាមហាហង្ស រួមមានអ្នកនាង ភិន សុដាលីស លោក អូន ឧស្សាហ៍ លោក ភឹម តារាវិបុល លោកសួន រ៉ានីរ៉ាស៊ីនី និងក្រុមការងារផលិត ក្រោមការកដឹកនាំរបស់លោក អ៉ិន នៅតែបានទៅដល់ទីតាំងចែកអំណោយដែលស្ថិតនៅភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមការគ្រោងទុក កាលពីថ្ងៃទី២៩ កញ្ញា ដើម្បីទៅប្រគល់ជូននូវតុកៅអី និងសម្ភារៈសិក្សា ជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។ នេះជាការផ្ដល់ជូននូវអំណោយជាទ្រង់ទ្រាយធំ ដែលជាមូលនិធិរបស់ក្រុមមហាងហង្ស ជូនដល់សហគមន៍ដាច់ស្រយាល ប៉ុន្តែមិនមែនជាលើកទី១នោះទេ។
លោក អ៉ិន និយាយថា ដោយសារតែមានសំណើរពីខាងសហគមន៍ដោយផ្ទាល់ សុំអោយផលិតកម្មមហាហង្សជួយបំពេញកង្វះខាតដល់សាលាបឋមសិក្សាតាម៉ៅ ដែលស្ថិតនៅភូមិឃុំខាងលើ ទើបលោក និងក្រុមការងារឈានដល់ការប្រគល់ជូននូវកញ្ចប់ថវិកាសម្រាប់ទិញជាតុកៅអី និងសម្ភារៈសិក្សាសរុបទឹកប្រាក់អស់ប្រមាណជាង៤ពាន់ដុល្លារ ដោយរាប់បញ្ចូលទាំងការផ្ដល់ជាអំណោយបន្ថែមនៅថ្ងៃចុះប្រគល់ផ្ទាល់ផង គឺអស់ប្រមាណជា៦ពាន់ដុល្លារ។ ថវិកាដែលបានប្រគល់ជូនជាកញ្ចប់នេះ បានពីការកាត់ផលចំណេញរបស់ផលិតកម្មមហាហង្ស និងមួយផ្នែកតូចបានពីការរួមចំណែកពីតារាសិល្បៈ និងពីសប្បុរសជននានា។ នេះជាលើកទី២ហើយ ដែលមូលនិធិរបស់ផលិតកម្មមហាហង្សបានធ្វើអំណោយជាទ្រង់ទ្រាយច្រើនពាន់ដុល្លារក្នុងកិច្ចការសង្គម បន្ទាប់ពីលើកទី១ ក៏បានផ្ដល់ជូនដល់មណ្ឌលកុមារកំព្រាមួយកន្លែង។ យ៉ាងណាមិញ លោកថាខ្លួននឹងមានគម្រោងជួយដល់សាលាបឋមសិក្សាតាម៉ៅ បន្តទៀត ដើម្បីសម្រួលដល់ការលំបាកដែលសាលាជួបប្រទះ។
អ្នកនាង ភិន សុដាលីស និយាយថា ជាលើកទី១ដែលអ្នកនាងបានបង្ហាញខ្លួនប្រគល់អំណោយមកកាន់តំបន់ដាច់ស្រយាល ហើយបានបានជួបជាមួយនឹងក្មេងៗដោយផ្ទាល់នៅក្នុងសហគមន៍។ តំបន់ដែលអ្នកនាងបានទៅដល់នេះ មានចម្ងាយឆ្ងាយពីទីប្រជុំជនយ៉ាងខ្លាំង ទើបអ្នកនាងសម្ដែងក្ដីបារម្ភ ប្រសិនបើក្មេងៗបានបញ្ចប់ការសិក្សាថ្នាក់ទី៦ហើយ ហើយមិនមានលទ្ធភាពអាចទៅបន្តការសិក្សានៅទីរួមខេត្ត ដោយសារតែជីវភាព។ អ្នកនាងថាបើក្នុងតំបន់នោះ មានការអភិវឌ្ឍន៍អោយមានអនុវិទ្យាល័យ និងវិទ្យាល័យតែម្ដង នោះទើបជាការប្រសើរសម្រាប់ក្មេងៗ ដែលខ្វះលទ្ធភាពហើយមិនត្រូវការចេញឆ្ងាយពីតំបន់ដែលខ្លួនរស់នៅ។
បន្ថែមពីការប្រគល់តុកៅអី និងចែកជូននូវសម្ភារៈសិក្សាដល់លោកគ្រូអ្នកគ្រូ និងសិស្សក្មេងៗជាង២០០នាក់ ក្រុមតារាមហាហង្ស ក៏បាននិយាយលេងធ្វើអោយក្មេងៗបានសើចសប្បាយផងដែរ៕
មតិយោបល់