ភ្នំពេញៈ គ្រូបង្វឹកក្រុមជ្រើសជាតិទីម័រខាងកើត លោក Fabio Maciel ថាលោកមិនព្រួយបារម្ភពីសមត្ថភាពផ្ទាល់ខ្លួនរបស់កីឡាករកម្ពុជាណាម្នាក់ឡើយ បើទោះបីពួកគេមួយចំនួនកំពុងឡើងជើងដូចជា ចាន់ វឌ្ឍានាកាជាដើម។
លោកថា ទីម័រ នឹងលេងជាមួយជម្រើសជាតិកម្ពុជា មិនមែនលេងជាមួយកីឡាករណាម្នាក់ឡើយ។
ថ្លែងក្នុងសន្និសីទមុនការប្រកួត កាលពីព្រឹកមិញនៅពហុកីឡដ្ឋានជាតិ គ្រូបង្គោលរូបនេះនិយាយថា លោកមិនព្រួយបារម្ភពីសមាសភាពកីឡាករកម្ពុជាណាម្នាក់ឡើយ ព្រោះពួកគេមិនមែនលេងតែឯង។ បាល់ទាត់ត្រូវលេងជាក្រុម ដូចនេះអ្វីដែលលោកត្រូវគិតដំបូងគេគឺ ទម្រង់លេងរបស់ក្រុមទាំងមូល។
គ្រូដដែលបន្តថា ការប្រកួតនេះទំនងជាមិនតានតឹងខ្លាំងឡើយ ព្រោះគ្រាន់តែជាជំនួបមិត្តភាពកំដៅសាច់ដុំ មុនការប្រកួតជម្រុះពានរង្វាន់ AFC Cup របស់ជម្រើសជាតិនៃប្រទេសទាំងពីរតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិរបស់ខ្លួន ទទួលភ្ញៀវទីម័រខាងកើតក្នុងជំនួបសមជើង នាល្ងាចថ្ងៃទី២៩ ឧសភា ស្អែកនេះ វេលាម៉ោង៦ល្ងាច៕


មតិយោបល់