ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយបែកធ្លាយថា ពេជ្រ ថៃ ជាក្មេងក្រិនវ័យ១៦ឆ្នាំ ម៉ៃ សុគន្ធ ស្នើឲ្យដកពាន The Voice Kids

ក្រោយការទម្លាយពីអ្នកខេត្តបាត់ដំបងថាពេជ្រ ថៃ គឺជាក្មេងក្រិនអាយុ១៦ឆ្នាំ តែបានលាក់អាយុថា១២ឆ្នាំ ព្រោះតែសំអាងថាគេមានរូបរាងតូចល្អិតមិនពិបាកបំភន័្តនោះ បានធ្វើឲ្យមានការរិះគន់ពេញផ្ទៃប្រទេស ដោយសារតែកម្មវិធី The Voice Kids គឺកំណត់ឲ្យតែក្មេងក្រោម១៤ឆ្នាំចូលប្រកួតប៉ុណ្ណោះ ប៉ុន្តែពេជ្រ ថៃ បែរជាមានអាយុលើសនេះឆ្ងាយ ទើបគេអាចនិយាយបានក្បោះក្បាយក្រៅពីច្រៀងខុសពីក្មេងដែលបានចូលប្រឡងនៅក្នុងកម្មវិធី។

ក្នុងចំណោមអ្នករិះគន់ តារាចម្រៀងលោកម៉ៃ សុគន្ធដែលត្រូវគេស្គាល់ថាជាតារាពូកែទើសមិនខ្វល់ថាជារឿងតារា ឬមហាជននោះ បានប្រកាសនៅលើហ្វេសប៊ុក និងបញ្ជាក់ដោយផ្ទាល់មាត់ថា វាល្មមដល់ពេលហើយដែលខាងហង្សមាសត្រូវតែមានការស៊ើបអង្កេតអាយុពិតរបស់ពេជ្រ ថៃ និងដកពានឲ្យក្មេងអាយុតិចដែលមានសមត្ថភាពពិតប្រាកដដើម្បីឲ្យត្រូវនឹងលក្ខន្តិកៈរបស់កម្មវិធីវិញ។

លោកបាននិយាយថា កុមារាពេជ្រ ថៃ ទោះមើលយ៉ាងមិចក៏មិនអាចក្មេងអាយុ១២ឆ្នាំ ដូចការប្រកាសរបស់ហង្សមាសនោះដែរ ដោយសារតែគេរៀនដល់ថ្នាក់ទី៨នៅក្នុងឆ្នាំសិក្សាថ្មីនេះ ហើយបើនិយាយពីសំឡេង រូបរាង និងមុខមាត់របស់គេ គឺមានលក្ខណៈជាក្មេងក្រិនដូចគ្នានឹងតារាកំប្លែងនាយក្រិន១០០ភាគរយ។

លោកថាបានឮតាំងពីមុនការចុះផ្សាយនោះម៉្លេះ ថា ពេជ្រ ថៃ មិនមែនអាយុ១២ឆ្នាំ តែបណ្ដាលមកពីគេចង់ប្រឡងនៅក្នុងកម្មវិធី The Voice Kids ទើបបានលាក់អាយុ ហើយធ្វើឲ្យមហាជនភាគច្រើននឹកស្មានថាគេជាក្មេងដែលមានអាយុតិចហើយឆ្លាត និងក្លាហានពិតប្រាកដទើបនាំគាំទ្រភ្លូកទឹកភ្លូកដី។

លោកថាគឺជារឿងអយុត្តិធម៌បំផុត ដែលឲ្យក្មេងក្រិនអាយុជាមនុស្សវ័យជំទង់ទៅប្រឡងជាមួយកូនក្មេង ហើយជាក្មេងក្រិនដែលមានទឹកដមសំឡេងចាញ់ទាំងឡុង លីគ័ង ដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រនោះទៀត ប៉ុន្តែបែរជាបានកាន់ពាន។
លោកថាមិនគួរនោះទេ ដែលខាងហង្សមាស មិនធ្វើការត្រួតពិនិត្យបេក្ខជនបេក្ខនារីដែលចូលប្រលងកុំអិយមានអ្នកបន្លំផ្ទុយពីលក្ខន្តិកៈ ដោយសារតែការប្រឡងក្នុងព្រឹត្តិការណ៍បែបនេះ គឺបើប្រគល់ឲ្យដោយភ័ន្តច្រឡំហើយ គឺជារឿងអាម៉ាស់មួយ។

លោកស្នើឲ្យគណកម្មការThe Voice Kids ពិភពលោក និងហង្សមាសដោយផ្ទាល់ធ្វើការស៊ើបអង្កេត ហើយប្រសិនបើរកឃើញថាពេជ្រ ថៃ ពិតជាមានអាយុលើសពី១៤ឆ្នាំ គឺត្រូវតែដកពានមកឲ្យអ្នកឈរលំដាប់លេខ២ដើម្បីកុំឲ្យមានការរិះគន់។

យ៉ាងណាមិញ លោកថាបញ្ហាឯកសារស្នាមគឺគេអាចបន្លំ ឬធ្វើថ្មីបាននោះទេ ដោយលោកបញ្ជាក់ថាមានតែការពិនិត្យ DNA និងធ្វើការត្រួតពិនិត្យសំបុត្រកំណើត ដែលបានចុះបញ្ជីផ្លូវការតែប៉ុណ្ណោះ ទើបតែអាចប្រាកដបាន។ លោកថានៅក្នុងប្រទេសថៃ ឬប្រទេសដែលបានប្រគល់ពានឲ្យបេក្ខជនខុស ឲ្យតែគេរកឃើញកំហុសឆ្គងកើតឡើងគឺនឹងដកពានចេញភ្លាមៗ ទើបលោកចង់ឲ្យមានករណីដូចគ្នាដើម្បីឲ្យមានយុត្តិធម៌ដល់ក្មេងដែលមានអាយុត្រូវនឹងកម្មវិធី ហើយមានសមត្ថភាព។

ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកម៉ៃ សុគន្ធ អ្នកលេងហ្វេសប៊ុកខ្លះគាំទ្រ ហើយខ្លះក៏ធ្វើការរិះគន់ ក្នុងពេលដែលការរិះគន់របស់លោកលើកត្រូវគឺត្រូវការចាប់អារម្មណ៍ លើករណីបែកធ្លាយរបស់ពេជ្រ ថៃ ហើយនៅមិនទាន់មានប្រតិកម្មណាមួយពីខាងហង្សមាសដែលជាម្ចាស់កម្មវិធីនៅឡើយ។ ហង្សមាសនឹងរងការរិះគន់ បើមិនចេញមុខបកស្រាយលើករណីនេះឲ្យបានច្បាស់លាស់ នៅក្នុងកាលៈទេសៈដែលអ្នកខាងបាត់ដំបងរស់នៅជាមួយពេជ្រ ថៃ សុទ្ធតែដឹងថាគេមានអាយុលើសពី១៥ឆ្នាំយ៉ាងតិច៕

មតិយោបល់