កាលពីល្ងាចថ្ងៃទី៤ សីហា តារាសិល្បៈល្បីយ៉ាងច្រើនកុះករ ដែលភាគច្រើនជាសមាជិកគ្រួសារតារាកម្ពុជា បានបង្ហាញខ្លួនច្រើនគួរសមក្នុងព្រឹត្តិការណ៍ «មួយម៉ឺនអាល័យ» ដែលរៀបចំដោយក្រុមព្រះសុរិយា នៅសាលមហោស្រពចតុមុខ។
នេះជាព្រឹត្តិការណ៍រំលឹកឡើងវិញនូវស្នាដៃសិល្បៈក្នុងជំនាន់សម័យសង្គមរាស្ត្រនិយម ដោយតារាល្បីៗដែលបានបង្ហាញខ្លួនសុទ្ធតែបានបង្ហាញពីការពេញចិត្ត និងយល់ថានេះជាព្រឹត្តិការណ៍មួយដែលគួរតែមានសកម្មភាពផុសផុលឲ្យកាន់តែខ្លាំង។
អ្នកនាងគ្រត តារាកំប្លែងបានអះអាងថា អ្នកនាងអ្នកនាងសប្បាយចិត្តយ៉ាងខ្លាំងដែលព្រឹត្តិការណ៍ «មួយម៉ឺនអាល័យ» បានរំលេចឡើងវិញនៅស្នាដៃចាស់ៗដែលបានបន្សល់ទុកតាមរយៈសិល្បៈ ដែលមិនខុសពីធ្វើតារាសិល្បៈជំនាន់ក្រោយបានឃើញ និងបានដឹងពីអ្វីដែលធ្លាប់កើតមាននៅក្នុងសម័យសង្គមរាស្រ្តនិយម។
អ្នកនាងថាជារឿងប្រសើរខ្លាំងណាស់ ដែលសិល្បៈភាពយន្ត និងចម្រៀងនៅក្នុងសម័យកាលមួយត្រូវបានគាស់កកាយជាថ្មី ហើយធ្វើឲ្យមានភាពរស់រវើកដែលហាក់ដូចជាអ្នកបានចូលរួមកើតទាន់នៅក្នុងសម័យកាលនោះ។ ជាក់ស្ដែងក្នុងពេលតម្រូវឲ្យតារាសិល្បៈ និងភ្ញៀវកិត្តិយសតុបតែងកាយជាអ្នករស់នៅក្នុងសម័យសង្គមរាស្រ្តនិយម គឺរឹតតែមានតម្លៃបន្ថែមទៀត ដែលអាចធ្វើឲ្យកូនខ្មែរ និងតារាសិល្បៈបានដឹងពីទម្រង់ស្លៀកពាក់ក្នុងសម័យសម្ដេចឪ ដែលជាសម័យកាលមួយរីកចម្រើនលើគ្រប់វិស័យ ជាពិសេសគឺសិល្បៈចម្រៀង តន្ត្រី និងភាពយន្ត។
កញ្ញា មាស សម្ផស្ស បានអះអាងថាសប្បាយចិត្តដែលបានយល់ដឹងពីស្នាដៃ និងអនុស្សាវរីយ៍របស់តារាសិល្បៈកាលពីសម័យសង្គមរាស្រ្តនិយម ហើយកញ្ញាយល់ថាគឺពិតជាមានតម្លៃមហាសាល មិនខុសពីខ្លឹមសារកម្មវិធីដែលដាក់ឈ្មោះថា«មួយម៉ឺនអាល័យ»នោះឡើយ។
កញ្ញាចង់ឃើញកម្មវិធីមួយនេះ បន្តកើតឡើង និងមានការផ្សព្វផ្សាយកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីអាចឲ្យកូនខ្មែរ និងតារាសិល្បៈដែលកើតមិនទាន់បានដឹង ហើយបន្តអភិរក្សនូវស្នាដៃមួយចំនួនដែលបានបន្សល់ទុកតាំងពីសម័យនោះ។
លោក លាង ឧត្តម តារាសម្ដែងដែលចូលចិត្តតែងខ្លួនក្នុងសម័យអាណានិគមបារាំង និងសង្គមនិយម ក៏យល់ឃើញថាកម្មវិធី «មួយម៉ឺនអាល័យ» ពិតជាមានតម្លៃមិនអាចកាត់ថ្លៃដូចគ្នាផងដែរ នៅពេលកម្មវិធីមួយនេះបានគាស់មកវិញនូវកម្រភាពយន្ត បទចម្រៀង និងអតីតតារាសិល្បៈដែលភាគច្រើនគឺអ្នកជំនាន់ក្រោយមិនបានដឹងបានឃើញ។ លោកថាព្រឹត្តិការណ៍មួយនេះ បើមានការជ្រោមជ្រែងឲ្យកាន់តែល្អបន្ថែមទៀតគឺកាន់តែមានតម្លៃ ជាពិសសនៅពេលស្នាដៃកប់បាត់ទាំងនោះត្រូវបានរំលេចឡើងក្នុងក្រសែភ្នែកអ្នកចូលរួមដែលមានចំនួនកុះករ។
លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា ដែលជាអ្នកផ្ដួចផ្ដើមព្រឹត្តិការណ៍នេះ២ឆ្នាំមកហើយ បានអះអាងថា «មួយម៉ឺនអាល័យ» គឺលោកចង់ឲ្យអ្នកចូលរួមរំលឹកឡើងវិញពីអ្នកសិល្បៈ និងស្នាដៃសិល្បៈដែលបានកប់បាត់នៅក្នុងសម័យមុនសង្គ្រាមសម័យ លន់ ណល់ ឲ្យអ្នកជំនាន់ក្រោយបានដឹងយ៉ាងវិញ។ លោកថាជារឿងលំបាកដែលស្នាដៃភាពយន្តត្រូវបានប្រមូលទិញដោយលំបាក តែទទួលបានការចាប់អារម្មណ៍មិនធម្មតានៅពេលភាពយន្តទាំងនោះត្រូវបានចាក់ផ្សាយឡើងវិញ។ កម្មវិធីនេះ លោកមានបំណងធ្វើឡើងដើម្បីអញ្ជើញគណប្រតិភូគ្រប់ជាន់ថ្នាក់ចូលរួមជាភ្ញៀវកិត្តិយស ដើម្បីទទួលបានថវិកាបរិច្ចាគទ្រទ្រង់ដល់កម្មវិធី និងដើម្បីបានប្រើប្រាស់ជួយដល់វីរៈសិល្បករចាស់ៗដែលធ្លាក់ខ្លួនឈឺ។
នៅក្នុងព្រឹត្តិការណ៍នោះគេឃើញមន្ត្រីជាន់ខ្ពស់យ៉ាងច្រើនកុះករបង្ហាញខ្លួនជាពិសេសមន្ត្រីមកពីក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន។ ដោយឡែកសម្រាប់តារាសិល្បៈរួមមានអ្នកនាង ស៊ុន ណារីម៉ូនីកា អ្នកនាងគ្រត កញ្ញារំដួលលិចទឹក លោកលាង ឧត្តម កញ្ញាមាស សម្ផស្ស អ្នកនាងភិន សុដាលីស លោកនីរិទ្ធិ អែនឌ្រូ លោកភឹម តារាវិបុល អតីតហ្វ្រេស៊ីប៊យ លោកកែវ បូរ៉ា លោកអូន ឧស្សាហ៍ កញ្ញាមាស អាលីស លោក ឈួន ពន្លឺ តារាចម្រៀងលោកម៉ៃ សុគន្ធ លោកម៉ែន អម្រុងរ័ត្ន អ្នកនាងឈឹម ស្រីអូន និងតារាប្រុសស្រីជាច្រើនរូបទៀត៕
https://youtu.be/jqaAV3mi7i4
មតិយោបល់