ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ! ស៊ីស៊ី គ្រងមកុដដងខ្លួនស៊ិចស៊ី ក្នុងការប្រកួតសម្រស់នៅម៉ាឡេស៊ី

មុននេះបន្តិចមានការបង្ហោះរូបថតជាច្រើនសន្លឹកជុំវិញការប្រកួតសម្រស់របស់តារាខ្មែរ និងតារាវៀតណាមនៅលើទឹកដីប្រទេសម៉ាឡេស៊ី ដោយតារាសម្ដែងកម្ពុជា កញ្ញាស៊ីស៊ី បានក្លាយជាម្ចាស់មកុដ ឬហៅថាតំណែង Champion យ៉ាងកាលីព ដែលធ្វើឲ្យម្នាក់ៗមានការភ្ញាក់ផ្អើល។ កម្មវិធីដែលនាងចូលប្រកួតត្រូវគេអះអាងថាជាវេទិកាប្រកួតសម្រស់មួយបែបដែលផ្ដោតជាពិសេសតែលើរាងកាយស៊ិចស៊ី និងមុខមាត់ខ្យូតៗបែបទាក់ទាញ ដោយបេក្ខនារី៧រូបពីកម្ពុជា និងវៀតណាម២០រូប ប្រកួតប្រជែងគ្នានៅលើទឹកដីម៉ាឡេស៊ី។

ពាក់ព័ន្ធនឹងការបែកធ្លាយរូបភាពទទួលម្កុដនេះ កញ្ញាស៊ីស៊ីនិយាយថា ព្រឹត្តិការណ៍ដែលនាងចូលរួមប្រកួតរហូតទទួលបានមកុដនោះ គឺមានឈ្មោះថា Miss Beauty Between Cambodia and Vietnam ដោយការប្រកួតត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនមួយក្នុងបំណងស្វែងរកនារីកម្ពុជា ឬវៀតណាមដែលមានរាងកាយស៊ិចស៊ី និងទឹកមុខទាក់ទាញ។ នាងត្រូវបានតំណាងរបស់ក្រុមហ៊ុននោះជ្រើសរើសជាមួយនឹងបេក្ខនារីចំនួន៦រូបផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដោយបានបញ្ជូនឲ្យចាកចេញទៅប្រកួតនៅក្នុងប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៤ សីហា និងទើបត្រលប់មកវិញកាលពីយប់ថ្ងៃទី៦ សីហា មុននេះ។

នាងថាកម្មវិធីទាំងមូលគេតម្រូវឲ្យកញ្ញាឯកកញ្ញាឯកកម្ពុជាទាំង៧ និងវៀតណាមដែលបានជ្រើសមកដូចគ្នាចំនួន២០រូបផ្សេងទៀត ធ្វើការប្រកួតគ្នានៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥មួយ ដោយមានគណកម្មការជនជាតិម៉ាឡេស៊ីជាអ្នកផ្ដល់ពិន្ទុ។ ប្រកួតនោះត្រូវបានធ្វើឡើងពេញមួយថ្ងៃទី៥ សីហា ដោយមានលក្ខណ:ដូចគ្នាបេះបិទនឹងការប្រកួតសម្រស់ ឬបវកញ្ញាផ្សេងទៀតផងដែរ ដោយគ្រាន់តែមានចំនួនបេក្ខនារីមិនច្រើន និងមានវិញ្ញាសារសំខាន់តែលើការគ្រងឈុតហែលទឹក។ ប៉ុន្តែក៏មានការផ្ដល់ពិន្ទុក៏ផ្ដោតលើឈុតរាត្រីសមោ-សផងដែរ ដោយនាងមិននឹកស្មានថាទទួលបានជ័យជម្នះសម្រាប់ការប្រកួតរវាងពីរប្រទេសនោះទេ ដោយសារតែមានបេក្ខនារីច្រើននាក់សុទ្ធតែមានសម្រស់ស្រស់ស្អាត។

នាងបង្ហាញពីអារម្មណ៍សប្បាយចិត្តដែលចុងកម្មវិធី ត្រូវបានគណកម្មការប្រកាសថាគឺជាកញ្ញាឯក ឬជាម្ចាស់ម្កុដ(Champion) ក្នុងពេលដែលចំណាត់ថ្នាក់លេខ២ ឬ1st Runner Up និងចំណាត់ថ្នាក់លេខ៣ ឬ 2ndRunner Up បានទៅប្រទេសវៀតណាម។ កញ្ញាទទួលបានទឹកប្រាក់២ពាន់ដុល្លារ អមដោយរង្វាន់លើកទឹកចិត្តជាច្រើន ដែលកញ្ញាបញ្ជាក់ថានេះមកុដដែលនាងទទួលបាននៅលើទឹកដីក្រៅស្រុក ក្នុងពេលដែលមានបេក្ខនារីរាងស្អាត និងមុខមាត់ទាក់ទាញរហូតដល់ជាង២០នាក់ធ្វើការប្រកួតប្រជែង។ កញ្ញាមិនទាន់ដឹងថាក្រោយការឈ្នះម្កុដមួយនេះ តើក្រុមហ៊ុនដែលដឹកនាំនាងឲ្យចេញទៅប្រកួតមានគម្រោងបញ្ជូននាងទៅប្រកួតនៅឯណា ឬមានគម្រោងឲ្យនាងថតផ្សាយបែបណានោះទេ ដោយគ្រាន់តែអះអាងថាក្រុមហ៊ុនដែលបញ្ជូននាងឲ្យចេញប្រកួតគឺក្រុមហ៊ុនធំមួយដែលមានឥទ្ធិពលក្នុងការឃោសនាផលិតផល។ នាងថាមានការភ្ញាក់ផ្អើលដែលនេះជាលើកទី១បានចេញតំណាងប្រទេសកម្ពុជាក្នុងការចេញទៅប្រកួត Miss Beauty Between Cambodia and Vietnam ហើយទទួលបានម្កុដជាម្ចាស់Champion ក្នុងនាមជានារីដែលមានរាងកាយស៊ិចស៊ី។

ស៊ីស៊ីនិយាយប្រកាសទទួលសម្ដែងភាពយន្ត និងដើរម៉ូដ ភ្លាមៗ ដោយបានបង្ហាញក្ដីរំពឹងថាក្រោយការឈ្នះម្កុដ នឹងធ្វើឲ្យទីផ្សារក្នុងស្រុករបស់នាងឈានឡើងនោះផង ក្នុងពេលដែលមួយរយ:មុននាងក៏ត្រូវផលិតករភាគច្រើនផ្ដល់តំណែងឲ្យសម្ដែងជាតួអង្គកាចឆ្នាស់ និងស៊ិចស៊ី ដោយមានការទទួលស្គាល់ររួចមកហើយ៕

មតិយោបល់