ព័ត៌មានបច្ចេកវិទ្យា

របាយការណ៍ថ្មីៈ Galaxy Note 9 អាចជាទូរសព្ទ Samsung ដំបូងបង្អស់ ដែលបំពាក់បន្ទះស្គេនក្រយៅដៃលើបន្ទះអេក្រង់?

កន្លងមកមានព័ត៌មានចចាមអារ៉ាមមួយចំនួនបានអះអាងថា Galaxy S8 អាចនឹងក្លាយជាស្មាតហ្វូនដំបូងគេរបស់ក្រុមហ៊ុន Samsung ដែលបំពាក់បន្ទះស្កេនក្រយៅដៃលើអេក្រង់ តែទីបញ្ចប់ទៅ នេះគឺមិនមែនជាការពិតទេ។

ក្រោយមកទៀត ក៏មានលេចឮថា Note 8 ទៅវិញទេដែលនឹងប្រើបច្ចេកវិទ្យានេះមុនដំបូងគេនោះ ប៉ុន្តែ ដោយផ្អែកលើរូបភាពដែលបានបែកធ្លាយ បន្ទះស្គេនក្រយៅដៃរបស់កំពូលស្មាតហ្វូនអេក្រង់ធំមួយនេះ គឺឋិតនៅខាងក្រោយខ្នងទូរសព្ទនោះទេ។
ដូច្នេះ តើក្រុមហ៊ុន Samsung នឹងប្រកាសចេញបន្ទះស្កេននេះនៅលើស្មាតហ្វូនម៉ូឌែលណារបស់ខ្លួន?

យោងតាមរបាយការណ៍ពី KGI ចុះផ្សាយលើគេហទំព័រ 9to5Google បានឱ្យដឹងថា បន្ទះស្គេនក្រយៅដៃក្រាលក្រោមកញ្ចក់អេក្រង់ដំបូងបង្អស់របស់ក្រុមហ៊ុន​ Samsung អាចនឹងយកទៅបំពាក់លើទូរសព្ទ Galaxy Note 9 ដែលនឹងប្រកាសចេញក្នុងខែសីហា ឬកញ្ញា ឆ្នាំ ២០១៨។

ទន្ទឹមនឹងនោះដែរ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េទំនងជាកំពុងដុតដៃដុតជើងក្នុងការពាំនាំបច្ចេកវិទ្យាដ៏ទំនើបនេះ បង្ហាញទៅកាន់ពិភពលោកតាមរយៈ Galaxy ត្រកូល S ជំនាន់ក្រោយ ក្រុមហ៊ុនក៏ប្រហែលជានឹង​ធីបវាទុកមួយឡែកសិនផងដែរ ដោយសារតែខ្លួនមើលឃើញថា Apple បានសម្រេចចិត្តបន្តប្រើបន្ទះស្គេន​ធម្មតា​សម្រាប់ iPhone 8 របស់ខ្លួន ដែលគេជឿថានឹងមកដល់ឆាប់ៗខាងមុខ។

ដូច្នេះ ក្រុមហ៊ុនមិនចាំបាច់ដើរទៅមុនលឿនពេក ដែលនាំឱ្យមានការប្រឈមនឹងហានិភ័យខ្ពស់នោះទេ។ ជំនួសមកវិញ ខ្លួនអាចនឹងជ្រើសរើសមធ្យោបាយបង្កើនសមត្ថភាពបច្ចេកវិទ្យាស្កេនប្រស្រីភ្នែក និងកាមេរ៉ាភ្លោះសម្រាប់ Galaxy S9 ទើបជាការប្រសើរជាង។ ម្យ៉ាងទៀត បច្ចេកវិទ្យាស្គេនដែលពិភពលោកកំពុងទន្ទឹងរងចាំនេះ ត្រូវគេរាយការណ៍ថា ត្រូវការបង្កើនការចំណាយថ្លៃដើមខ្ពស់ជាងប្រាំដងធៀបនឹងបន្ទះស្កេនធម្មតាឯណោះ។

ប្រភពព័ត៌មានៈ androidauthority

មតិយោបល់