ព័ត៌មានសិល្បៈ និងកម្សាន្ត

ថន លក្ខិណា ហ្វេនផ្កាប់មុខរបស់ក្រុមកម្ពុជា

ភ្នំពេញៈ ខុសពីតារាល្បីភាគច្រើនដែលទំនេរក៏បង្ហាញខ្លួន រវល់ក៏បាត់មុខ និងមិនចង់ប្រឈមទិដ្ឋភាពប្រជ្រៀតគ្នាដោយមនុស្សកកកុញនោះ សម្រាប់តារាសម្ដែងនាង ថន លក្ខិណា បែរជាឃើញបង្ហាញមុខនៅគ្រប់វេទិកាបាល់ទាត់ មិនដែលបាត់មុខនោះទេ។ នាងបានទាំងចេញមុខប្រកាសfa ខ្លួនជាអ្នកគាំទ្រ ឬជាហ្វេនផ្កាប់មុខរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ខុសពីតារាផ្សេងទៀត។

ប្រយោគមួយឃ្លា ដែលនាងបានខ្ជាក់ចេញពីមាត់នៅក្នុងព្រឹត្តិការណ៍បាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា និងទីម័រខាងកើត គឺមិនត្រឹមតែជាសម្ដីថា ស្រឡាញ់ពេញចិត្តប៉ុណ្ណោះទេ ដោយសូម្បីតែសកម្មភាពរបស់នាង ក៏បានឆ្លុះបញ្ចាំងនូវផ្នត់គំនិតមួយនោះផងដែរ។ នៅលើហ្វេសប៊ុក ថន លក្ខិណា បញ្ជាក់យ៉ាងច្បាស់ថា នាងងប់ងល់វិស័យបាល់ទាត់ ហើយក៏ជាអ្នកគាំទ្រដ៏មុតមាំ មិនខុសពីអ្នកស្រឡាញ់វិស័យបាល់ទាត់ផ្សេងទៀតនោះដែរ។ បើទោះជាគ្មានវត្តមានបងប្អូន ឬមិត្តភ័ក្រ្តទៅជាមួយ ក៏តារាស្រីរូបនេះ នៅតែបង្ហាញខ្លួនទៅអង្គុយទស្សនាដោយផ្ទាល់នៅកន្លែងទីលានប្រកួត។

កម្រមានព្រឹត្តិការណ៍បាល់ទាត់ណាមួយដែលក្រុមកម្ពុជា ចេញប្រកួតជាមួយក្រុមបរទេសនៅស្ដាតអូឡាំពិក ហើយមិនមានវត្តមានរបស់នាងណាស់ ដោយគេឃើញនាងប្រើគ្រប់មធ្យោបាយ ដើម្បីបានទៅទស្សនាដោយផ្ទាល់នោះផង។

ជាក់ស្ដែងនៅមុនព្រឹត្តិការណ៍ប្រកួតរវាងកម្ពុជា និងទីម័រខាងកើត នាងបានបង្ហោះជាសាធារណៈតែម្ដង ដើម្បីសុំចែក(ទិញ)សំបុត្រ VIP ពីអ្នកគាំទ្រ បន្ទាប់ពីនាងរវល់តែរឿងការងារ ហើយទិញសំបុត្រមិនទាន់គេ។ នៅថ្ងៃប្រកួតនោះ នាងក៏បានបង្ហាញខ្លួនតែម្នាក់ឯង កាលពីថ្ងៃអាទិត្យទី២៩ ខែឧសភា តាំងពីម៉ោង៤រសៀល ខណៈដែលការប្រកួតចាប់ផ្ដើមនៅម៉ោង៧យប់។

ថន លក្ខិណា ថ្លែងប្រាប់ Post News ក្នុងជំនួបដោយផ្ទាល់ថា នាងសប្បាយចិត្តណាស់ ដែលមានអ្នកលេងហ្វេសប៊ុកជាប្អូនៗ និងអ្នកគាំទ្រនាងម្នាក់ បានទុកសំបុត្រសម្រាប់អង្គុយនៅកន្លែងមានដំបូលឲ្យនាងមួយសន្លឹក ទើបអាចឲ្យនាងបានមកអង្គុយទស្សនាដោយផ្ទាល់។ នាងថា ខ្លួនមកទស្សនាការប្រកួតតែម្នាក់ឯងប៉ុណ្ណោះ ហើយនាងក៏រំភើបចិត្តណាស់ដែរ ក្រោយពេលមកគាំទ្រការប្រកួតដល់ទីលាន ដែលក្រុមកម្ពុជា ឈ្នះក្រុមទីម័រ ក្នុងលទ្ធផល២ទល់នឹង០។ នាងប្រកាសថា ខ្លួនជាហ្វេនផ្កាប់មុខរបស់ក្រុមកម្ពុជា ទើបនាងរមែងបែងចែកពេលវេលា ដើម្បីបានមកទស្សនាដោយផ្ទាល់ មិនដែលខានបើទោះជាខ្លួនមមាញឹក និងហត់នឿយការងារ។

នាង ថន លក្ខិណា បញ្ជាក់ថា ការទស្សនាផ្ទាល់ ធ្វើឲ្យនាងរំភើបចិត្ត និងចង់លើកទឹកចិត្តដល់ក្រុមបាល់ទាត់ដែលនាងស្រឡាញ់ពេញចិត្ត ទើបត្រូវតែមក ទោះមិនមានអ្នកណាមកជាមួយ។ ថន លក្ខិណានិយាយថា នាងមិនមែនជាអ្នកលេងកីឡាបាល់ទាត់នោះទេ ប៉ុន្តែសម្រាប់វិស័យមួយនេះ គឺនាងគាំទ្រ ជាពិសេសបន្ទាប់ពីឃើញក្រុមកម្ពុជា មានទម្រង់លេងល្អ ធ្វើឲ្យមានការគាំទ្រគ្រប់ស្រទាប់មហាជននាពេលនេះ៕

photo_2016-05-30_06-25-57photo_2016-05-30_05-50-16photo_2016-05-30_05-50-20photo_2016-05-30_06-25-46photo_2016-05-30_06-25-51photo_2016-05-30_06-26-01photo_2016-05-30_06-26-05photo_2016-05-30_06-26-07photo_2016-05-30_06-26-11photo_2016-05-30_06-26-14

មតិយោបល់