ព័ត៌មានជាតិ

ដកលោកអធិការក្រុងបាត់ដំបង ក្រោយមានរឿងអាស្រូវរុំខ្លួន

បាត់ដំបងៈ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ នៅសាលាខេត្តបាត់ដំបង បានធ្វើពិធីប្រកាសផ្ទេរភារកិច្ច និងផ្លាស់ប្តូរមុខតំណែងមន្ត្រីនគរបាលក្រុងបាត់ដំបងច្រើនរូប ក្រោមធិបតីភាពលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង។

ក្នុងពិធីនោះ បានប្រកាសដកលោក យឹម វិចិត្រ អធិការក្រុងបាត់ដំបង ចេញ ដាក់លោក ប៉ាង ហៀង អតីតអធិការរងស្រុកសង្កែ មកកាន់ជាអធិការក្រុងជំនួសលោក យឹម វិចិត្រ ដែលត្រូវផ្លាស់ទៅជាអនុប្រធានការិយាល័យកណ្តាលភស្តុភា និងហរិញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងវិញ ព្រមទាំងមានផ្ទេរភារកិច្ច តែងតាំងមុខតំណែងមួយចំនួន និងមានកាបំពាក់ឋានន្តរស័ក្តិជាច្រើននាក់ផងដែរ។

ស្នងការខេត្តបាត់ដំបង លោក ស ថេក បានផ្តាំផ្ញើដល់មន្ត្រីនគរបាលឲ្យខិតខំបម្រើការងារជូនប្រជាពលរដ្ឋ ខិតខំទប់ស្កាត់បទល្មើស និងធ្វើអំពើល្អដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ មន្ត្រីនគរបាលនៅក្រុងបាត់ដំបងទាំងមូល មានការត្រេកអរជាខ្លាំង បន្ទាប់ពីថ្នាក់លើដកលោក យឹន វិចិត្រ ចេញពីអធិការក្រុងបាត់ដំបង ដែលសម្បូររឿងអាស្រូវក្នុងការប្រព្រឹទ្ធអំពើពុករលួយ។ គេរង់ចាំមើល ថាតើលោកអធិការថ្មី ដូចអធិការចាស់ឬអត់៕

photo_2016-05-30_10-06-24

មតិយោបល់