មិនគួរជឿក្នុងចំណោមបទចម្រៀងដែលបានចរាចរណ៍ននៅក្នុងប្រទេសកម្ពុជា គេកត់សម្គាល់ថាបទចម្រៀងដែលបានផលិតឡើង ហើយមានទម្រង់ជាចង្វាក់ប្រពៃណី វាយលុកស្រទាប់មហាជនដាច់ប៉ិតតែម្ដង នៅក្នុងព្រឹត្តិការណ៍សង្ក្រានតូចធំដែលគេបានឃើញ។
ចម្រៀងទាំងនោះត្រូវគេឮចាក់បន្លឺភ្លូកទឹកភ្លូកដី នៅក្នុងកម្មវិធីរាំរែក ដោយធៀបនឹងបទដែលបានចេញនៅតាមផលិតកម្មនានាសម្រាប់អបអរបុណ្យចូកឆ្នាំនេះ គឺបទចម្រៀងរបស់ថោនត្រូវគេឮចាក់ឡើងនាំមុខគេគួរអោយសរសើរ ជាពិសេសបទចម្រៀងរបស់តារាចម្រៀង អ្នកនាង ចេន សាយចៃ និងបទចម្រៀងមួយចំនួនទៀត ដែលមានលក្ខណៈជាចង្វាក់រាំវង់រាំក្បាច់ជាដើម។
នៅក្នុងឆ្នាំនេះ ស្ទើរតែគ្រប់ខេត្តក្រុងត្រូវគេឃើញរៀបចំព្រឹត្តិការណ៍សង្ក្រានប្រជែងគ្នាតែម្ដង ដោយគ្រាន់តែព្រឹត្តិការណ៍សង្ក្រានខ្លះធំ ហើយខ្លះតូចអាស្រ័យទៅតាមការផ្ដួចផ្ដើមប៉ុណ្ណោះ។ នៅរាជធានីភ្នំពេញក៏ធ្វើច្រើនកន្លែងដែរ ដូចជាសង្ក្រានពោធិ៍សែនជ័យ សង្ក្រានវត្តភ្នំ និងសង្ក្រាននៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យជាដើម តែអ្វីដែលគេចាប់អារម្មណ៍គឺមិនមានសង្ក្រានណាមួយ ដែលបោះចោលទម្រង់វប្បធម៌ និងបោះបង់ចង្វាក់ប្រពៃណីខ្មែរដូចកាលពី២ឆ្នាំនោះទេ ដោយនៅព្រឹត្តិការណ៍សង្ក្រានមួយចំនួនបានទាំងលើកប្រធានបទ«មិនរាំចង្វាក់បែកស្លុយ»ក្រោមប្រធានបទ«រួមគ្នាលើកស្ទួយចង្វាក់ប្រពៃណីខ្មែរ»នោះផង។ អ៊ីចឹងហើយ ទើបសង្ក្រានឆ្នាំនេះ ក្រៅពីតម្រូវអោយតារាចម្រៀងដែលមានទម្រង់បែបចង្វាក់ប្រពៃណីខ្មែរឡើងច្រៀង ក៏មានចាក់បន្លឺធុងបាស់ ហើយបទដែលគេឮច្រើន គឺបទចម្រៀងរបស់ផលិតកម្មថោន ព្រោះតែមានចង្វាក់ប្រពៃណីខ្មែរ ហើយពីរោះៗ។
បទចម្រៀងទាំងនោះត្រូវគេចាប់អារម្មណ៍ថាមានអ្នករាំកកកុញ មិនចាញ់ពីបទបែកស្លុយនោះផង បើទោះជាភាពជាក់ស្ដែងគឺបទចម្រៀងបែបយុវវ័យ នៅតែមានការចាក់រាំរែកប្រណាំងនឹងបទចង្វាក់ប្រពៃណីខ្មែរនៅក្នុងកន្លែងទាំងនោះ។
ធៀបនឹងអ្វីដែលបានកត់សម្គាល់គឺបទចម្រៀងចង្វាក់ប្រពៃណីវាយលុកព្រឹត្តិការណ៍សង្ក្រានខុសប្លែកពីឆ្នាំកន្លងទៅ ដែលក្នុងព្រឹត្តិការណ៍សង្ក្រានពេញចិត្តតែបទបែកស្លុយ។ បទចម្រៀងរបស់ផលិតកម្មថោន ត្រូវគេឃើញចាក់បន្ទរច្រើនជាងគេ បើធៀបនឹងបទថ្មីដែលបានផលិតឡើងដោយហង្សមាស និងសាន់ដេ ជាដើម។ ក្រៅពីនោះ គឺឮតែបទចម្រៀងពីសម័យដើម ដែលច្រៀងបកស្រាយដោយតារាចម្រៀងយុវវ័យ ដែលកម្មវិធីសង្ក្រាននីមួយៗបានអញ្ជើញអោយឡើងបង្ហាញខ្លួននោះតែម្ដង។
ជាមួយនឹងរបត់ដែលគេទើបតែឃើញក្រោយបទ«រាំញីកែងជើង»ផ្ទុះខ្លាំងនេះហើយ តារាចម្រៀងរួមមានអ្នកនាង ខាត់ សុឃីម លោក យក់ ដួងតារា លោកដួង វិរៈសិដ្ឋ អ្នកនាងឈួន សុវណ្ណឆៃ កញ្ញាអ៊ុង នីនិច្ច និងអ្នកនាងម៉ៅ ស៊ីណាត ជាដើម មានហាងឆេងស្ទើរតែមិនបាត់មុខតែម្ដង នៅក្នុងព្រឹត្តិការណ៍សង្ក្រានដែលគេបានធ្វើ។ តំណាងផលិតកម្មថោនបានអះអាងថា ខ្លួនមានបទចម្រៀងបែបចង្វាក់ប្រពៃណីមិនតិចបទរាល់ឆ្នាំនោះទេ ប៉ុន្តែបណ្ដាលមកពីតម្រូវការរបស់មហាជននាអំឡុងពេលមុនចូលចិត្តទម្រង់បទបែកស្លុយច្រើនពេក ទើបការផលិតបទបែកស្លុយក៏កើតមានឡើង។
អ្វីដែលគួរសរសើរដ្បិតថាកំពុងនាំមុខក្នុងបទចម្រៀងដែលជាចង្វាក់ប្រពៃណីខ្មែរ នៅក្នុងព្រឹត្តិការណ៍សង្ក្រានហើយនោះ ផលិតកម្មមួយក៏លោតបទ«មាន់ស្រែ»ដែលជាបទបែកស្លុយផងដែរ ដ្បិតតែសន្ទុះរបស់បទនេះ ត្រូវបានបន្សាបដោយផ្នត់គំនិតដែលងាកមកចូលចិត្តចង្វាក់របស់ជាតិវិញ៕
មតិយោបល់