ក្រោយពីមានការគំរាមថានឹងដើរស្រាតជាសាធារណៈប្រសិនបើតុលាការមិនស្វែងរកយុត្តិធម៌អោយជុំវិញករណីត្រូវបុរសម្នាក់ប្រើហិង្សា និងត្រូវម្ចាស់ផ្ទះជួលរបស់នាងកាលពីមុនបង្ខាំងយកទ្រព្យអស់ទាំងហាងបណ្ដាលអោយនាងធ្លាក់ខ្លួន ពេលនេះមានការអះអាងថាបុរសដែលរងបណ្ដឹងរបស់នាងបានសុំខ្លួនចរចារហើយ បើទោះជាមិនទាន់ដឹងថានឹងផ្ដល់សំណងអោយនាងប៉ុន្មានជាថ្នូរនឹងការដកពាក្យបណ្ដឹង។ មានដំណឹងថានាងពិបាកចូលខ្លួនចរចារដោយសារតែខ្វះលទ្ធភាពធ្វើដំណើរមកពីខេត្តសៀមរាប ដោយភាគីខាងតុលាការ និងភាគីចុងបណ្ដឹងគឺជាអ្នកអង្គុយរង់ចាំនាងទៅវិញ។
ឌីជេអាលីយ៉ា បានអះអាងថាមកទល់ពេលនេះនិតិវិធីកាត់ក្ដីលើបណ្ដឹងរបស់នាងលេចចេញរូបរាងជាបណ្ដើរៗហើយ ដោយសារតែខាងតុលាការ ពិតជាស្នើអោយនាងចូលមកកាន់តុលាការដើម្បីចរចារជុំវិញបណ្ដឹងនោះមែន។ តែនាងមិនអាចចុះឡើងតាមការចង់បានរបស់តុលាការបានទេ ក្នុងពេលដែលនាងបញ្ជាក់ថាការចុះមកកាន់ភ្នំពេញម្ដងៗគឺត្រូវចំណាយសោហ៊ុយធ្វើដំណើរ និងការចាយវាយមិនក្រោម៥០ដុល្លារដែលនាងនិយាយថាទឹកប្រាក់ទាំងនោះគឺពិបាកសម្រាប់ស្ថានភាពសព្វថ្ងៃ។ កញ្ញាថានាងបានចាកចេញទៅរស់នៅទឹកដីខេត្តសៀមរាបមួយរយៈមកហើយ ដោយបានលើកខោអាវគេលក់ដើម្បីដោះទ័លក្រោយពេលធ្លាក់ខ្លួន។
នាងថារាល់ថ្ងៃរកបានត្រឹមតែបាយហូបប៉ុណ្ណោះ ប៉ុន្តែបើអោយនាងមានលុយចុះឡើងៗតាមការចង់បានរបស់តុលាការគឺមិនបាននោះទេ ដោយសារតែនាងត្រូវការពេលវេលាសន្សំលុយ។ នាងនិយាយថា«ឥលូវហ្នឹងខាងតុលាការពិតជាប្រាប់ហើយថាគេ(ចុងចោទ)សុំចរចារ តែខ្ញុំបានប្រាប់តុលាការហើយថា បើចង់អោយខ្ញុំចូលទៅតុលាការគឺទាល់តែចាំខ្ញុំ ព្រោះខ្ញុំត្រូវសន្សំលុយមួយថ្ងៃ៥ពាន់១ម៉ឺនពីការចំណេញខោអាវទុកសម្រាប់ធ្វើដំណើរទៅ គឺអត់អាចអោយខ្ញុំទៅព្រឹកបានព្រឹកទៅល្ងាចបានល្ងាចកើតទេ!»។
នាងថាខ្លួនមិនមែនមិនចង់ធ្វើតាមបង្គាប់របស់តុលាការនោះទេ ប៉ុន្តែបើស្ថានភាពរបស់នាងទៅមកតាមការចង់បានមិនបាន ហើយត្រលប់មកវិញស្រាប់តែវេទនាម្ដងទៀត តើអ្នកណាដោះស្រាយ។ នាងថាខ្លួននៅតែប្រកាន់ជំហរដើរស្រាត បើហ៊ានតែតុលាការត្រូវការអោយនាងចាយលុយទើបដោះស្រាយក្ដី ឬមិនអើរពើរបណ្ដឹងរបស់នាងអោយនៅត្រាំត្រែងបន្តទៀតបន្ទាប់ពីអត់លទ្ធផលប្រមាណជា២ឆ្នាំមកហើយ។
នាងថានៅក្នុងសម័យនេះលែងមានអ្វីដែលត្រូវលាក់បាំងទៀតហើយ ដោយនាងនឹងបន្តប្រកាសអោយដឹងពីនិតិវិធីនៃបណ្ដឹងរបស់នាងថាដល់ណាៗរហូតទាល់តែមានដោះស្រាយ។ យ៉ាងណាមិញ នាងសម្ដែងអារម្មណ៍ដឹងគុណដល់លោកមេធាវីចិត្តធម៌ម្នាក់ដែលជួយស៊ើររើរឿងក្ដីរបស់នាងរហូតធ្វើអោយមានដំណឹងថាភាគីចុងបណ្ដឹងចង់ចរចារ។ នាងនិយាយថា«លូវគេសុំចរចារ តែអត់ដឹងថាគេគិតមិចទេ ព្រោះគេមានលុយមានអំណាច តែបើអត់សមនឹងការខាតបង់របស់ខ្ញុំក្នុង២ឆ្នាំហ្នឹង ក៏អត់ទទួលដែរ គឺសុខចិត្តដើរស្រាតបើគ្មានយុត្តិធម៌!»។
នាងប្រកាសថាកំពុងសន្សំលុយកាក់កាកល្អិតដើម្បីឡើងមកភ្នំពេញ និងទទួលស្ដាប់នូវការដោះស្រាយនោះ តែមិនដឹងថាថ្ងៃណាទើបមានលុយគ្រប់នោះទេ ដោយសារតែមុខរបស់នាងនៅក្នុងពេលនេះគឺយ៉ាប់យ៉ឺន ហើយនាងក៏មិនមានលទ្ធភាពដើរខ្ចីបំណុលគេកើត៕






















មតិយោបល់