ភ្នំពេញៈ នៅលើហ្វេសប៊ុក កាលពីថ្ងៃទី២៩ ខែឧសភា អ្នកនាង ចន ច័ន្ទលក្ខិណា បានព្រលះភរិយាថ្មីរបស់លោក យុត្ថារ៉ា ឆានី យ៉ាងចាស់ដៃថា នាង គឺជានារីចិត្ត មិនបានធ្វើបាបកូនស្រីរបស់ខ្លួន និងជានារីដែលបានមាក់ងាយចំពោះខ្លួន ដែលសឹងនឹងធ្វើឲ្យអ្នកនាងទប់ចិត្តមិនបាន។ បើកុំតែយល់មុខដល់លោក យុត្ថារ៉ា ឆានី ដែលនៅមានឈាមជាឪពុករបស់កូនស្រី អ្នកនាងទំនងជាហ៊ានប្រកាសសង្គ្រាមដោយបើកចំហរជាមួយនារីម្នាក់នោះផង។
យ៉ាងណាមិញ អ្នកនាងមិនបានបញ្ជាក់ឲ្យច្បាស់ថា ប្រពន្ធថ្មីរបស់លោក យុត្ថារ៉ា ឆានី បានធ្វើអីខ្លះឆ្គាំឆ្គងខ្លះមកលើកូននាង និងមកលើអ្នកនាងទេ ហើយក៏មិនបានបង្ហាញថា ភរិយាថ្មីរបស់លោក យុត្ថារ៉ា ឆានី នោះមុខមាត់យ៉ាងមិចនោះដែរ។ អ្នកនាង បានសរសេរនៅលើហ្វេសប៊ុកថា «ស្តាយចិត្តដែលប៉ុន្មានឆ្នាំមកនេះ ខំប្រៀនប្រដៅ និងបញ្ចុះបញ្ចូលទឹកចិត្តកូនឲ្យគោរពស្រលាញ់គេដូចម្តាយដែរ ព្រោះគេជាប្រពន្ធប៉ា ដូច្នេះក៏ជាម៉ាក់កូនដែរ ចរិកបែបណឹងតើ បានកូនខ្ញុំជួបម្តងជា២ដងហើយ លែងហ៊ានជួបទៀត ខ្ញុំចេះតែឆ្ងល់ហើយសួរកូនតែកូនមិនប្រាប់ ដឹងតែនិយាយថា ខ្លាចមីង!»។
អ្នកនាងបានបន្តនៅលើហ្វេសប៊ុកបន្ថែមទៀតថា «បើកុំតែនៅគិតថា ជាឪពុករបស់កូនខ្ញុំ កុំអីខ្ញុំមិនទុកមុខឲ្យទេ សូមប្រាប់អ្នកក្រោយលោកផង កុំចេះតែហ៊ាន បើខ្ញុំគ្មានមាយាទ មិនមែនខ្ញុំចិញ្ចឹមកូនម្នាក់ឯងយ៉ាងត្រដាបត្រដួសទេ ខ្ញុំសុខចិត្តអត់ចាយខ្លួនឯង ដើម្បីទុកលុយឲ្យកូនរៀន! ១០០ក៏មិនបានជួយផង ហើយខ្ញុំក៏មិនសុំ ដោយសុខចិត្តទ្រាំទ្រម្នាក់ឯងប៉ុណ្ណឹងហើយ នៅហ៊ានឲ្យនាងមកមើលងាយខ្ញុំទៀត! នាងក៏មានកូនដែរ នាងដឹងច្បាស់ហើយ លើកទី១ហើយដែលខ្ញុំនិយាយ សូមប្រដៅប្រពន្ធលោកផង!»។
ការទម្លាយជម្លោះគ្រួសារដ៏កម្រនេះ បានបង្ហាញយ៉ាងច្បាស់ថា ភរិយាក្រោយរបស់លោក យុត្ថារ៉ា ឆានី អាចជានារីចិត្តមិនបាន មិនខុសពីម្ដាយចុងទូទៅ ចំពោះកូនស្រីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា។
សារដដែលនេះ ក៏បានបង្ហាញថា អ្នកទាំងពីរ បានទាស់ពាក្យសម្ដីគ្នាយ៉ាងធ្ងន់ធ្ងរផងដែរ ទើបបណ្ដាលឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ឈានដល់ការបង្ហោះជាសាធារណៈ ព្រមាននារីម្នាក់នោះ ឲ្យឈប់មាក់ងាយមកលើខ្លួន និងធ្វើមិនល្អចំពោះកូនស្រី គ្រប់ពេលកូនស្រីទៅលេងឪពុក។ បើមិនដូច្នោះទេ គឺនាងនឹងប្រើធម៌ក្ដៅលែងយល់មុខអតីតស្វាមីទៀតហើយ។
សារចំនួន២ផ្សេងគ្នារបស់អ្នកនាង ក៏បានស្ដែងចេញយ៉ាងច្បាស់ថា លោក យុត្ថារ៉ា ឆានី មិនបានរ៉ាប់រងទទួលខុសត្រូវលើកូនស្រីសូម្បីមួយរៀលមួយដុល្លារនោះទេ ក្រោយពេលអ្នកទាំងពីរ ដាក់ដោច ហើយរកឃើញគូស្នេហ៍រៀងៗខ្លួននាពេលនេះ។
ពាក់ព័ន្ធការព្រមានរបស់នាង ចន ច័ន្ទលក្ខិណា ទៅលើប្រពន្ធក្រោយរបស់លោក យុត្ថារ៉ា ឆានី នៅពេលនេះ Post News មិនអាចទំនាក់ទំនងសុំការពន្យល់ណាមួយពីលោកបានទេ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ៕
មតិយោបល់